សណ្ឋាគារ igloo នៅតំបន់ប៉ូលខាងជើង ផ្តល់ទេសភាពយ៉ាងអស្ចារ្យ

ចាប់ផ្តើមពីឆ្នាំ 2020 ខាងមុខនេះទៅ ក្រុមហ៊ុនទេសចរណ៍លំដាប់ខ្ពស់ Scandinavian Travel “Luxury Action” នឹងផ្តល់ជូននូវដំណើរកម្សាន្តផ្សងព្រេង ដែលមិនអាចបំភ្លេចបាន ជាមួយនឹងការចំណាយខ្ទង់ 10 ម៉ឺនដុល្លារសម្រាប់ការស្នាក់នៅមួយយប់ នៅតំបន់ប៉ូលខាងជើង ក្នុងផ្ទះ ឬតង់បែប igloo ដ៏មានផាសុកភាព និងមានពិដានកញ្ចក់ព័ទ្ធជុំវិញផ្តល់នូវទេសភាពដ៏អស្ចារ្យ។

ចំណុចខាងជើងបំផុតនៅលើពិភពលោក គឺជាកន្លែងដែលមិនងាយនឹងមានអ្នកមកដល់ឡើយ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុនទេសចរណ៍ Scandinavian Travel “Luxury Action” បានធ្វើការលើគម្រោង “North Pole Igloo” នេះ ដោយសម្រេចវាបានដោយជោគជ័យ និងអាចដំណើរការទៅបានតែក្នុងខែមេសា ប៉ុណ្ណោះក្នុងមួយឆ្នាំ។ ការធ្វើតេស្តសាកល្បងទៅលើពិដានកញ្ចក់កម្តៅ នៅក្នុងកម្រិតស្ថានភាពនៃតំបន់អាក់ទិក ដ៏ត្រជាក់ខ្លាំងនេះ និងបានកែប្រែវាឲ្យទៅជាកម្រិតថ្មីទាំងស្រុង ពេលអ្នកនៅក្នុងផ្ទះឬតង់ Igloo នេះ ដែលវានឹងរក្សា និងគ្រប់គ្រងកម្តៅបានគ្រប់គ្រាន់ មិនឲ្យមានសីតុណ្ហភាពត្រជាក់ខ្លាំងឡើយ។ នៅខាងក្នុងផ្ទះ Igloo នោះក៏មានបង្គន់អនាម័យផ្ទាល់ខ្លួន មានអ្នកគ្រប់គ្រងជម្រុំ និងមគ្គុទេសក៍នាំផ្លូវ បើសិនជាមានភ្ញៀវចង់ធ្វើការដើរលេងនៅជុំវិញបរិវេណនេះ មិនតែប៉ុណ្ណោះ ក៏មានចុងភៅផ្ទាល់ខ្លួន និងក្រុមសន្តិសុខផងដែរ។

ជាការពិតណាស់ការធ្វើដំណើរកម្សាន្តបែបនេះ មិនមានតំលៃថោកទេ។ អ្នកនឹងត្រូវចំណាយប្រាក់សន្សំមួយចំនួន ដើម្បីក្លាយជាភ្ញៀវទេសចរម្នាក់ ដែលមកទស្សនាតំបន់អាក់ទិក ជាមួយនឹងការស្នាក់នៅ និងការផ្សេងព្រងដ៏ល្អបំផុត។

ផ្ទះឬតង់ Igloos ត្រូវបានគ្រប់គ្រងដំណើរការដោយក្រុម Luxury Action ដែលជាក្រុមហ៊ុនទេសចរណ៍ផ្តោតទៅលើតំបន់អាកទិក និង Nordic


សណ្ឋាគារ Igloo គ្រោងនឹងបើកដំណើរការនៅឆ្នាំ 2020 ខាងមុខ និងមានជាផ្ទះឬតង់ រាងពងក្រពើ ព័ទ្ធដោយពិដានកញ្ចក់ចំនួន 10 ប៉ុណ្ណោះ ដែលអាចឲ្យភ្ញៀវទេសចរគេងបានយ៉ាងមានផាសុកភាព អមជាមួយនឹងទេសភាពដែលមិនអាចកាត់ថ្លៃបាន


សណ្ឋាគារនេះ បើកដំណើរការតែ នៅខែមេសាមួយគត់ ក្នុងមួយឆ្នាំ


លោក Janne Honkanen នាយកប្រតិបត្តិនិងជាស្ថាបនិកនៃ Luxury Action បានលើកឡើងថា កន្លែងស្នាក់នៅដែលមានបង្គន់អនាម័យ និងដំបូលពិដានកញ្ចក់ ត្រូវបានសាកល្បងដើម្បី ធានាសុវត្ថិភាពរបស់ពួកគេនៅក្នុង“ លក្ខខណ្ឌអាកាសធាតុនៃតំបន់អាក់ទិកចុះត្រជាក់ខ្លាំង” ។


លោកបានបន្ថែមថា “ផ្ទះឬតង់បែប Igloo នេះអាចចល័តបាន និងអាចប្រើប្រាស់ថាមពលផ្ទាល់ខ្លួនរបស់វា អាស្រ័យទៅតាមលក្ខខណ្ឌអាកាសធាតុ នៅក្នុងតំបន់អាកទិចនេះ។ យើងអាចផ្តូរកញ្ចក់ពិដាននេះបាន នៅពេលវាចុះស្រអាប់ ដើម្បីធានាបានថា វាមានសុវត្ថិភាពបំផុត”។


ប៉ុន្តែវាមិនមានតំលៃថោកទេ: ការតំឡើងផ្ទះឬតង់ igloo នៅតំបន់ប៉ូលខាងជើងហ្គីល ផ្តើមពី 95,000 អឺរ៉ូ (ឬប្រហែល 105,000 ដុល្លារ) ក្នុងមនុស្សម្នាក់។


នេះរួមបញ្ចូលទាំងការស្នាក់នៅ រយៈពេលពីរយប់ នៅសណ្ឋាគារមួយនៅ Svalbard (ប្រជុំកោះប្រហែលពាក់កណ្តាលរវាងដីគោកន័រវែស និងប៉ូលខាងជើង និងតំបន់មួយទៀតដែលនៅចន្លោះវាទាំងពិរ) ជើងហោះហើរនិងការដឹកជញ្ជូនរវាង Svalbard និងប៉ូលខាងជើង បូករួមទាំងការស្នាក់នៅផ្ទះ igloo អាហារគ្រប់មុខ សន្តិសុខ និងមគ្គុទេសក៍ ទេសចរណ៍។


ក្រៅពីខែមេសា ផ្ទះ Igloo នេះ អាចត្រូវបានបង្កើតឡើងនៅកន្លែងផ្សេងទៀតនៅជុំវិញផ្ទាំងទឹកកកនៃតំបន់អាក់ទិក។ តម្លៃទាំងនោះចាប់ផ្តើមពី 48,000 អឺរ៉ូ (ឬប្រហែល 52,700 ដុល្លារ) សម្រាប់មនុស្សម្នាក់សម្រាប់ការស្នាក់នៅរយៈពេល 3 យប់។


យោងតាមសារព័ត៌មាន CNN បានអោយដឹងថាមានមនុស្សប្រមាណតែ 1,000 នាក់ប៉ុណ្ណោះ ដែលធ្វើដំណើរតាមតំបន់អាក់ទិក ទៅកាន់ប៉ូលខាងជើងរៀងរាល់ឆ្នាំ។


ក្រុមហ៊ុន Luxury មានគោលបំណង ធ្វើឱ្យដំណើរកម្សាន្តអាចនិយាយបានថា មួយដងក្នុងមួយជីវិត មានភាពងាយស្រួល (និងប្រណិត) តាមដែលអាចធ្វើទៅបានសម្រាប់អ្នកដំណើរ។ លោក Honkanen បានប្រាប់ទូរទស្សន៍ CNN ថា "យើងផ្តល់នូវឧបករណ៍ទាំងអស់ ប៉ុន្តែអ្នកប្រាកដជា ត្រូវមានស្មារតីជាអ្នករុករក ឬអ្នកវិទ្យាសាស្ត្រ ទើបអាចឲ្យការកម្សាន្តមួយនេះ ស្ថិតនៅក្នុងការចងចាំរបស់អ្នកជារៀងរហូតបាន" ។


លោក Honkanen ក៏បាននិយាយថាសណ្ឋាគារ ដែលលេចចេញមកនេះ គឺប្រើប្រាស់ថាមពលពេញលេញរបស់ខ្លួន ហើយមិនមានការគំរាមកំហែងដល់បរិស្ថានតំបន់នោះទេ ហើយក៏សង្ឃឹមថាអ្នកដំណើរនឹងជួយផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៅលើបរិស្ថានតំបន់អាក់ទិកផងដែរ។