ចិន បាត់បង់ទីផ្សារការងារជាង ៣ លានកន្លែង ដោយសារបញ្ហាពន្ធគយជាមួយអាមេរិក

ប៉េកាំង៖ សង្គ្រាមពាណិជ្ជកម្ម នៅតែជះឥទ្ធិពលអាក្រក់ដល់ប្រទេសទាំងពីរ ហើយនៅក្នុងនោះមានក្រុមហ៊ុន សហគ្រាស តូចធំ មិនតិចនោះទេ ដែលបានខាតបង់ ត្រឹមតែរយៈពេលជាង ៥ ខែកន្លងមកនេះ។ ការធ្វើឲ្យរង្គោះរង្គើរនូវទីផ្សារពាណិជ្ជកម្ម បានចោទជាចំណុច និងផលអវិជ្ជមានមួយភាគ ទៅដល់ចិន ខណៈពេលដែលប្រទេសនេះ មានតម្លៃពលកម្មថោក ជាមួយអត្រាពលកម្មមានបរិមាណច្រើន ងាយស្រួលទៅដល់ក្រុមហ៊ុនវិនិយោគខ្នាតអន្តរជាតិ ជ្រើសរើស ជាដៃគូសហការណ៍។ ទោះបីជាយ៉ាងណាក៏ដោយ ប្រភពព័ត៌មានក្នុងស្រុករបស់ចិន បានចេញផ្សាយឲ្យដឹងថា ផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្ម បានធ្វើឲ្យកម្មករប្រមាណជាជាង ៣ លាននាក់ បាត់បង់ការងារធ្វើ។

របាយការណ៍ ចេញផ្សាយដោយការិយាល័យស្ថិតិជាតិ បានឲ្យដឹងដូច្នេះថា រយៈពេល ៩ ខែនាឆ្នាំ ២០១៩ នេះ ចិនបានបង្កើតការងារជូនប្រជាពលរដ្ឋបាន ១០,៩៧ លាននាក់ ជាចំនួន ៩៩,៧% ក្បែទៅនឹងគោលដៅ ដែលកំណត់ថា នឹងកើនឡើងដល់ ១១ លាននាក់នាឆ្នាំនេះ។ ចំនួននេះ ត្រូវបានលាទត្រដាងជាសាធារណៈ បើទោះបីជាកម្រិត GDP របស់ចិន មានការធ្លាក់ចុះ ៦% ក៏ដោយ ដែលផ្ទុយពីការរំពឹងទុករបស់រដ្ឋាភិបាលចិន ដោយក្នុងនោះកាលពីចុងខែកញ្ញា កន្លងទៅនេះ មានការធ្លាក់ចុះ ៥,២% ដូចគ្នាទៅនឹងខែសីហា កន្លងទៅ ទៅលើចំនួនកម្មករ ខណៈពេល ដែលអ្នកធ្វើការចំណាកស្រុកមានចំនួន ១៨៣,៣៦ លាននាក់ដដែល ជាតួរលេខមានការកើនឡើងពី ១៨២,៤៨ លាននាក់ នៃរបាយការណ៍បង្ហាញនាចុងខែមិថុនា។

ការធ្លាក់ចុះទីផ្សារពលកម្មការងារនៅចិន លោក Mao Shengyong អ្នកនាំពាក្យភ្នាក់ងារស្ថិតិការងារ បានឲ្យដឹងដូច្នេះថា “ស្ថានភាពការងាររបស់ចិន មានស្ថេរភាពធម្មតា បើទោះបីជាមានការធ្លាក់ចុះសេដ្ឋកិច្ចក៏ដោយ តែសេដ្ឋកិច្ចចិន នៅតែដើរទៅមុខ ហើយចំនុចនេះហើយមានន័យថាការងារនៅតែមានដដែល” ការលើកឡើងបែបនេះ គឺពុំបាននិយាយចំឈ្មោះប្រធានាធិបតីអាមេរិកលោក Donald Tump ឡើយ ខណៈពេលខែកញ្ញាកន្លងទៅចិន បាត់បាត់ការងារជាង ៣ លានកន្លែង ដោយសារតែប្រធានាធិបតីអាមេរិករូបនោះបានសង្កត់ធ្ងន់ទៅលើពន្ធគយ រវៀងចិន ដែលជាលទ្ធផលក្រុមហ៊ុនធំៗរបស់អាមេរិកជាច្រើន បានដោះដៃចេញពីចិន ហើយស្វែងរកទីផ្សារផ្សេងទៀតដូចជា វៀតណាម និងឥណ្ឌា ជាដើម ដែលសុទ្ធសឹងជាទីផ្សារការងារមានតម្លៃធូថ្លៃ អាចទទួលយកបាន។

ការបាត់បង់ទីផ្សារការងារជាង ៣ លានកន្លែងនេះ បានកំពុងបង្ករនូវបញ្ហាជាច្រើន ដល់ពលរដ្ឋចិន ពិសេសអ្នក ដែលបានបាត់បង់ការងារពីក្រុមហ៊ុន និងរោងចក្រធំៗ ដោយពួកគេពិបាកនឹងស្វែងរកការងារថ្មី នៅពេលកម្លាំងពលកម្មនៅទំនេរច្រើន ហេតុដូច្នេះការងារពិតជាមានការប្រកួតប្រជែងខ្ពស់។ រដ្ឋាភិបាលចិន ក៏បាននឹងកំពុងរៀបចំផែនការថ្មី សម្រាប់ដោះស្រាយបញ្ហានេះផងដែរ តែយើងក៏មិនមានតម្រុយណាអាចបញ្ជាក់បានថា ទីផ្សារការងារចិន នឹងកើនឡើងវិញនាពេលណានោះដែរ៕