ស្រះទឹកមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលអ្នកភូមិនៅទីនោះធ្លាប់តែប្រើជាកន្លែងបោកគក់សម្លៀកបំពាក់នោះ ពេលនេះវាបានក្លាយទៅជារមណីយដ្ឋានទេសចរណ៍ដែលមានឈ្មោះថា “Instagram” ហើយ។
ដោយសារតែការអភិវឌ្ឍ និងផ្លាស់ប្តូរនៅក្នុងតំបន់នោះ ស្រះទឹក Umbul Ponggok នៅកោះជ្វាកណ្តាល (Central Java) បានចាប់ផ្តើមបង្កើតឡើងនៅក្នុងឆ្នាំ 2006 នៅពេលដែលមេភូមិជាប់ឆ្នោតដែលមានឈ្មោះថា “Junaedi Mulyono” មានបំណងចង់បង្កើតកន្លែងទាក់ទាញភ្ញៀវទេសចរ រួចបានរើសយកទីនោះ ជាទីតាំងស្នូល។
គាត់បាននាំនិស្សិតមកពីសាកលវិទ្យាល័យនៅក្បែរនោះ ដែលបានរកឃើញថា ស្រះនេះត្រូវបានផ្តល់ទឹកពីប្រភពទឹកធម្មជាតិចំនួន 40 កន្លែងខុសៗគ្នា នេះបើយោងតាមកាសែត South China Morning Post។ ទឹកនេះនឹងត្រូវបានចម្រោះ ឲ្យស្រស់ប្រមាណ 800 លីត្រក្នុងមួយវិនាទី ដែលធ្វើឲ្យវានៅតែបន្តភាពថ្លាឈ្វេង និងស្រស់ជានិច្ច ដែលសាកសមជាទីតាំងដ៏ល្អឥតខ្ចោះ សម្រាប់ការថតរូប Selfie នៅក្រោមទឹក។
ការងារ និងជំនួញ ក៏ដូចជាការរៀបចំហេដ្ឋារចនាសម្ព័ន្ធបន្ថែមនៅជុំវិញស្រះនេះ បានចាប់ផ្តើមកាលពីឆ្នាំ 2011 ដែលអ្នកភូមិនៅទីនោះ បានចាប់ផ្តើមលុបស្លែ រួចយកត្រីស្អាតៗពូជ (Photogenic Fish) ទៅដាក់ចិញ្ចឹមនៅក្នុងនោះ ជាការតុបតែងនៅក្រោមទឹក សម្រាប់ងាយស្រួលនៅក្នុងការថតរូប។ បន្ថែមពីនេះ ពួកគេក៏មានរៀបចំជាបន្ទប់ទឹក បង្គន់អនាម័យ និងកន្លែងស្នាក់នៅមួយចំនួន នៅជុំវិញបរិវេណនោះផងដែរ។
បច្ចុប្បន្ននេះ ទីនេះមានភ្ញៀវទេសចរមកកម្សាន្តរៀងរាល់ចុងសប្តាហ៍។ ពួកគេត្រូវបង់ថ្លៃចូលបរិវេណនេះចំនួន ប្រហែលជា $1 ក្នុងម្នាក់ ហើយក៏ត្រូវជួលម៉ាស៊ីនថតក្រោមទឹកតម្លៃប្រហែល $4.20 ដើម្បីថតរូបនៅលើសាឡុង ឬម៉ូតូប្រណាំងដែលគេបានដាក់នៅក្រោមទឹកក្នុងស្រះ ពណ៌ខៀវនេះផងដែរ។
ការបណ្តាក់ទុននេះមានចំណូលប្រចាំឆ្នាំប្រមាណ 1 លានដុល្លារអាមេរិក និងវាក៏ជាតំបន់ដែលមានទេសភាពដ៏ស្រស់ស្អាតបំផុតមួយ នៅក្នុងប្រទេសឥណ្ឌូនេស៊ីដែរ។
សព្វថ្ងៃនេះ មានប្រជាជនប្រមាណ 430 គ្រួសារក្នុងចំណោម 700 គ្រួសារមានភាគហ៊ុន និងពាក់ព័ន្ធទៅនឹងជំនួញទៅលើស្រះទេសចរណ៍នេះ។ អ្នកស្រុកក៏មានតូបលក់នៅជុំវិញបឹង ដែលមានលក់ដូចជា សម្លៀកបំពាក់ អាហារ ភេសជ្ជៈ និងវត្ថុអនុស្សាវរីយជាដើម។ ស្រះទឹកទេសចរណ៍ “Instagram Pond” ជាចំណែកដ៏ធំមួយ ក្នុងការកែប្រែជីវភាពប្រជាជន ដែលរស់នៅតំបន់នេះ ឲ្យបានកាន់តែប្រសើរឡើងជាងមុខផងដែរ នេះបើយោងតាមសំដីរបស់លោកមេភូមិ Mulyono បានប្រាប់ទៅកាសែត South China Morning Post។