ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ នឹងធ្វើការបញ្ឈប់មិនឲ្យមានរថយន្តចូលទៅកាន់ផ្លូវមួយ ក្នុងចំណោមផ្លូវដ៏មមាញឹករបស់ខ្លួន និងផ្តល់សិទ្ធិខ្លាំងសម្រាប់អ្នកថ្មើរជើង!

ផ្លូវមួយក្នុងចំណោមផ្លូវដ៏មមាញឹកបំផុត នៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ នឹងត្រូវបិទទ្វារ ផ្អាកមិនឲ្យមានយានយន្តចូលធ្វើដំណើរឆ្លងកាត់ ហើយគម្រោងមួយនេះ នឹងចាប់ផ្តើមអនុវត្តនៅឆ្នាំក្រោយនេះហើយ។

ផ្លូវនៃតំបន់ទីផ្សារ (Market Street) ក្នុងទីប្រជុំជនរបស់សាន់ហ្វា្រន់ នឹងត្រូវបិទយានយន្តឯកជនទាំងអស់ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធធ្វើដំណើរសាធារណៈ និងបង្កើនសុវត្ថិភាពទូទៅនៅក្នុងតំបន់នេះ។

ឡានក្រុងនិងឡានតាក់ស៊ី នឹងនៅតែមានសិទ្ធិធ្វើដំណើរតាមផ្លូវនេះ ខណៈដែល Lylf, Uber និងក្រុមហ៊ុនដឹកជញ្ជូនផ្សេងៗទៀតនឹងត្រូវបានហាត់ឃាត់។ អ្នកដំណើរនឹងត្រូវដើរទៅកាន់ទីតាំងចំណតណាមួយរបស់ក្រុមហ៊ុន ឯកជនទាំងនោះដើម្បីប្រើប្រាស់មធ្យោបាយធ្វើដំណើរទៅកាន់ផ្លូវផ្សេង។ 

បើយោងតាមរបាយការណ៍ The San Francisco Chronicle Reports បានបង្ហាញថា រថយន្តនៅតែអាចបើកឆ្លងកាត់ផ្លូវទីផ្សារនៃបាន (Market Street) ត្រឹមនៅចំណុចផ្លូវបំបែកឬផ្លូវប្រសព្វ ប៉ុន្តែបើសិនជាអ្នកបើកបរ បំពានឈានចូលតំបន់ហាមឃាត់ស្មើនឹងមានទោស រំលោភបំពានច្បាប់ក្នុងតំបន់។

គម្រោងនៃការបិទផ្លូវ គឺជាការសម្រេចចិត្តជាឯកច្ឆន្ទ ក្នុងចំណោមក្រុមប្រឹក្សាភិបាល ភ្នាក់ងារដឹកជញ្ជូនក្រុង បានធ្វើឡើងកាលពីសប្តាហ៍មុននេះ ដោយមានការយល់ព្រមពីគំរោងអភិវឌ្ឍផ្លូវផ្សារឲ្យបានល្អប្រសើរ។ គំនិតផ្តួចផ្តើមដែលមានទឹកប្រាក់ជាង 600 លានដុល្លារនេះ នឹងកាត់បន្ថយចរាចរណ៍ យ៉ាងសំខាន់នៅលើបន្ទះផ្លូវដែលមមាញឹកបំផុតនេះ។ យោងតាម CityLab បានឱ្យដឹងថាគម្រោងនេះក៏នឹងពង្រីក ផ្លូវកង់ និងធ្វើវាឲ្យដាច់ចេញពីចិញ្ចើមផ្លូវរបស់អ្នកថ្មើរជើង។

Street Market បានសម្គាល់ឃើញអ្នកថ្មើរជើងប្រមាណ 50 ម៉ឺននាក់ និងអ្នកជិះកង់ខ្ទង់ 650 នាក់ "រៀងរាល់ម៉ោង ក្នុងកំឡុងពេល ដែលមានការធ្វើដំណើរខ្ពស់បំផុត" និងផ្លូវប្រសព្វរបស់វា ត្រូវបានគេដឹងថាមានចំនួន នៃគ្រោះថ្នាក់ខ្ពស់ដែលធ្វើឱ្យអ្នកថ្មើរជើង និងអ្នកជិះកង់រងរបួស។

លោកអភិបាលនៃទីក្រុងបាននិយាយថា “ផ្លូវផ្សារ (Street Market) គឺជាបេះដូងនៃទីក្រុងរបស់យើង ហើយយើងត្រូវធ្វើអ្វីគ្រប់យ៉ាង ដែលអាចធ្វើបានដើម្បីធ្វើឱ្យវាមានសុវត្ថិភាព និងអាចជួយឲ្យការរស់នៅបានស្រួល និងផ្តល់ភាពរស់រវើកថែមទៀត សម្រាប់ប្រជាជន កម្មករ និងអ្នកទេសចររបស់យើង។ កាលពីឆ្នាំមុនមានការប៉ះទង្គិចគ្នាចំនួន 123 កន្លែងនៅតាមផ្លូវផ្សារ ហើយភាគច្រើនពាក់ព័ន្ធនឹងការដើរ និងជិះកង់។ ផ្លូវផ្សារល្អប្រសើរ និងគម្រោងនៃការកែលំអ គឺមានសារៈសំខាន់ណាស់ ដើម្បីសម្រេចបាននូវចក្ខុវិស័យ Zero Danger និងធានាថាអ្នករាល់គ្នា អាចមានអារម្មណ៍ សុវត្ថិភាពនៅលើផ្លូវធ្វើដំណើរ ដ៏មមាញឹកមួយនេះរបស់យើង។”

សាន់ហ្វ្រាន់ស៊ីស្កូ កំពុងដើរតាមនិន្នាការទីក្រុងដ៏សំខាន់ធំៗ នៃការកាត់ផ្លូវចូលទីប្រជុំជនដែលមមាញឹក។ កាលពីដើមខែនេះ ទីក្រុងញូវយ៉កបានហាមឃាត់ការធ្វើដំណើរដោយរថយន្តឯកជនពីផ្លូវ 14th ដែលអនុញ្ញាតឲ្យមានតែឡានក្រុង រថយន្តដឹកទំនិញ និងរថយន្តបន្ទាន់ចូលតែប៉ុណ្ណោះ។ កាសែត The New York Times បានរាយការណ៍ថា កិច្ចប្រឹងប្រែងនេះបានជះឥទ្ធិពលភ្លាមៗ ទៅលើការបង្កើនល្បឿន នៃរថយន្តក្រុង។

លើសពីនេះទៀតទីក្រុងប៉ារីស ក៏មិនអនុញ្ញាតឱ្យរថយន្តចូលកណ្តាលទីក្រុង នៅថ្ងៃអាទិត្យ ជារៀងរាល់ខែផងដែរ ខណៈដែលរថយន្តឯកជននៅទីក្រុងឡុងដ៏ ត្រូវបង់ប្រាក់ពិន័យច្រើន ប្រសិនបើពួកគេចង់ជិះចូលកណ្តាលទីក្រុង។