នេះគឺជាគុជខ្យងដ៏ចំណាស់បំផុត មានអាយុកាលជាង ៨,០០០ ឆ្នាំ!

គុជខ្យងជាវត្ថុមានតម្លៃមួយដ៏ប្រណិតមួយ ដែលមិនមែនជារ៉ែនៅក្នុងដីនោះទេ ប៉ុន្តែកើតចេញមកពីសត្វសមុទ្រដែលមានសំបក ហើយគេនិយមយកវាទៅធ្វើជាគ្រឿងអលង្ការដូចជាខ្សែក ខ្សែដៃ ឬក្រវិលជាដើម ដោយតម្លៃរបស់វាថ្លៃចាប់ពី ៣០០ ទៅ ១,៥០០ ដុល្លារឯណោះក្នុងមួយគ្រាប់ អាស្រ័យទៅលើប្រភេទគុជ ទំហំ ពណ៌ និងគុណភាព។ ថ្ងៃនេះដែរ យើងនឹងមកស្គាល់គុជខ្យងដ៏មានតម្លៃបំផុតក្នុងលោក ដោយវាមានអាយុកាលជាង ៨,០០០ ឆ្នាំមកហើយ វាក៏ជាគុណខ្យងដ៏ចំណាស់បំផុតក្នុងលោក នឹងត្រូវគេដាក់បង្ហាញនៅសារមន្ទីទំនើប Louvre Abu Dhabi ក្នុងប្រទេសអារ៉ាបីសាអ៊ូឌីត នៅថ្ងៃទី ៣០ តុលាខាងមុខនេះ។

អគ្គនាយកដ្ឋានវប្បធម៌និងទេសចរណ៍ប្រទេសអារ៉ាប់ បានឲ្យដឹងថា គុជខ្យងមួយគ្រាប់នេះ ត្រូវបានគេរកឃើញនៅតំបន់ទេសចរណ៍បុរាណកោះ Marawah Island កាលពីឆ្នាំ ២០១៧ កន្លងទៅ មានទំហំប្រហែល ៣ មីលីម៉ែត្រ ពណ៌ផ្កាឈូកថ្លា ដែលអ្នកបុរាណវិទូអារ៉ាប់  Abdulla Khalfan Al-Kaabi បានប្រើប្រាស់ឧបករណ៍វិទ្យុសកម្មកាំរស្មីកាបូន (Radiocarbon) ដើម្បីស្កេនឃើញថាអាយុកាលរបស់គុជខ្យងនេះ អាចនៅចន្លោះពីឆ្នាំ ៥,៨០០ ទៅឆ្នាំ ៥,៦០០ មុនគ្រឹស្តរាជឯណោះ ពោលគឺវាស្ថិតនៅក្នុងយុគសម័យថ្មរំលីង ដែលមនុស្សចាប់ផ្ដើមចេះសាងសង់ផ្ទះ និងចេះប្រើប្រាស់ភ្លើងដើម្បីចំអិនអាហារហើយ។

ចំពោះអាយុកាលដល់ ៨,០០០ ឆ្នាំនេះ ស្ដាប់មើលទៅហាក់ដូចជាមិនគួរឲ្យជឿឡើយ ប៉ុន្តែនេះគឺជាការពិតមែន ដោយនៅក្នុងតំបន់ឈូងសមុទ្រ Persian Gulf នៅតំបន់អារ៉ាប់នោះ គឺជាកន្លែងដែលសម្បូរទៅដោយធនធានធម្មជាតិបំផុត មិនថារ៉ែក្នុងដី ក្នុងសមុទ្រ និងធនធាននៃសត្វដែលមានអាយុកាលរាប់ពាន់ឆ្នាំនោះទេ ដោយគេសុទ្ធតែត្រូវបានរក្សាផូស៊ីលរបស់ពួកវាទុកទាំងអស់។ ចំពោះគុជខ្យងនេះ និងផូស៊ីលជាច្រើនទៀត នឹងត្រូវយកទៅដាក់បង្ហាញនៅពិពណ៌ «ប្រណិតភាព ១ ម៉ឺនឆ្នាំ» ឬ «10,000 Years of Luxury» នៅថ្ងៃទី ៣០ តុលាខាងមុខនេះនៅទីក្រុង Abu Dhabi។ 

គូសបញ្ជាក់ផងដែរថា ការរុករកធនធានធម្មជាតិទាំងនោះ ត្រូវបានចាប់ផ្ដើមឡើងនៅយុគសម័យរុករកសតវត្សទី ១៦ របស់សហភាពអឺរ៉ុប និងប្រទេសដែលមានអរិយធម៌ចំណាស់ៗនៅតំបន់សមុទ្រមេឌីទែរ៉ានេ រហូតបានបង្កើតជាបដិវត្ដឧស្សាហកម្ម និងការដាក់ដែនអាណានិគមជាដើម។