ប្រទេសកេនយ៉ា សម្ពោធផ្លូវរថភ្លើងតម្លៃ ១.៥ ពាន់លានដុល្លារ ក្រោមកម្ចីរបស់ចិន!

កេនយ៉ា ជាប្រទេសដែលទទួលបានការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជាច្រើនមួយ ក្រោមកម្ចីពីរដ្ឋាភិបាលចិន ដោយរយៈពេលចុងក្រោយនេះ រួមមានគម្រោងផ្លូវដែកចំនួន ២ ដំណាក់កាលមកហើយ បូករួមជាមួយតំបន់ឧស្សាហកម្ម Rift Valley នៅក្នុងទីក្រុង Nakuru ទៀតសម្រាប់អភិវឌ្ឍន៍វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងវិស័យដឹកជញ្ជូន ដើម្បីឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចក្នុងប្រទេស។ ថ្មីៗនេះដែរ ប្រទេសកេនយ៉ា ទើបតែសម្ពោធនូវផ្លូវដែកដំណាក់កាលទី ២ មួយខ្សែរទៀតបន្ដរមកពីកំពង់ផែ Mombasa ដោយនេះគឺជាគម្រោងផ្លូវដែកពីរដ្ឋធានី Nairobi ភ្ជាប់ទៅកាន់ទីក្រុង Naivasha។ 

គម្រោងថ្មីនេះ គឺបន្ដរពីរដ្ឋធានី Nairobi ទៅកាន់ទីក្រុង Naivasha ស្ថិតនៅភាគពាយព្យ ដោយមានចម្ងាយប្រវែង ១២០ គីឡូម៉ែត្រ និងរួមមានស្ថានីយ៍ឈប់ចំនួន ១២ កន្លែង ដោយស្ថាបនានៅក្នុងរង្វង់ទឹកប្រាក់ ១,៥០០ លានដុល្លារ ក្រោមមូលនិធិកម្ចី និងសាងសង់ដោយប្រទេសចិន (Chinese Funded and Chinese Built)។ ជាការពិតនៃគឺជាគម្រោងមួយ ដែលស្ថិតនៅក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ (Belt and Road Initiative)។ 

អ្វីដែលពិសេសនោះគឺ ផ្លូវដែកនេះបានភ្ជាប់ពីកំពង់ផែនៅទីក្រុង Mombasa ទៅកាន់រដ្ឋធានី Nairobi រួចរាល់មកហើយ ដែលកំពង់ផែនោះ គឺជាច្រកសមុទ្រ និងជាផ្លូវសូត្រដ៏សំខាន់បំផុតរបស់ប្រទេសកេនយ៉ា ហើយក៏សំខាន់សម្រាប់ភ្ជាប់ទៅកាន់ប្រទេសដែលគ្មានព្រំដែនសមុទ្រដូចជាប្រទេស Uganda និងសម្រាប់ដឹកទំនិញទៅកាន់អឺរ៉ុប អាស៊ី និងមជ្ឈឹមបូព៌ាទៀតផង។ លើសពីនេះទៀត ប្រទេសចិនកំពុងសិក្សាលើលទ្ធភាពនៃការពង្រីកដំណាក់កាលពី ៣ ដែលមានទឹកប្រាក់ ៣.៧ ពាន់លានដុល្លារបន្ថែមទៀត ដើម្បីឲ្យផ្លូវដែកនៃប្រទេសកេនយ៉ា អាចបម្រើវិស័យដឹកជញ្ជូនធុនធ្ងន់ប្រកបដោយប្រសិទ្ធភាព។

លោកប្រធានាធិបតី Uhuru Kenyatta បានលើកឡើងថា «បើគ្មានហេដ្ឋារចនាសម្ព័ន្ធល្អនោះទេ ក៏គ្មានការវិនិយោគល្អដែរ ហើយក៏គ្មានឱកាសការងារល្អសម្រាប់យុវជនដែរ»។ 

យ៉ាងណាមិញ មតិរិះគន់ខ្លះបានលើកឡើងថា គម្រោងសាងសង់នេះគឺជាបំណុលដ៏ធំរបស់ប្រទេស ដែលធ្វើឲ្យប្រទេសកេនយ៉ាធ្លាក់ចូលក្នុងរណ្ដៅនៃអន្ទាក់បំណុលកាន់តែជ្រៅប៉ុណ្ណោះ ហើយផ្លូវដែកនេះ មិនអាចជាផ្លូវសម្រាប់ធ្វើពាណិជ្ជកម្មបានប្រសើរនោះទេ ដរាបណាមិនទាន់អាចភ្ជាប់ទៅកាន់ព្រំដែនប្រទេសកេនយ៉ា ជាមួយប្រទេស Ugandan នៅឡើយនោះ។ ជាងនេះទៅទៀត មានមតិលើកឡើងថា ការដឹកជញ្ជូនតាមផ្លូវដែកនេះមានតម្លៃថ្លៃជាងមុនទៅទៀត ជាក់ស្ដែងការដឹកជញ្ជូនទំនិញមួយកុងទីន័រគេត្រូវចំណាយត្រឹមតែ ៨០០ ដុល្លារប៉ុណ្ណោះតាមរយៈរថយន្ដដឹកទំនិញ ប៉ុន្តែការដឹកជញ្ជូនតាមរថភ្លើងត្រូវចំណាយអស់ ១,១០០ ដុល្លារ។ យ៉ាងណាមិញ រដ្ឋាភិបាលជំរុញឲ្យមានការប្រើប្រាស់រថភ្លើងច្រើនជាង ព្រោះស្ថានភាពផ្លូវក្នុងប្រទេសកំពុងស្ថិតនៅដំណាក់កាលជួសជុលច្រើន ដូចនេះការចំណាយនឹងអាចធ្លាក់ចុះនាពេលខាងមុខ។

ដូចបានលើកឡើងខាងដើមរួចមកហើយថា គម្រោងផ្លូវដែកមួយនេះ គឺជាចំណែកនៃគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ (BRI) នៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ចិន នៅទ្វីបអាហ្វ្រិច ហើយជាការពិតណាស់ប្រទេសកេនយ៉ា កំពុងជាប់ក្នុងបំណុលយ៉ាងច្រើនរបស់ចិន ដោយគិតមកដល់ពេលនេះប្រហែល ៨៧,០០០ លានដុល្លារហើយ ឬប្រហែល ៥៥% នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលបានឡើងយ៉ាងច្រើនពី ៤២% កាលពីឆ្នាំ ២០១៣។ 

នៅក្នុងខែតុលានេះ គម្រោងផ្សេងៗដែលស្ថិតក្រោមគម្រោង BRI ក៏ត្រៀមនឹងសម្ពោធជាបន្ដរបន្ទាប់ដែរ ដូចជា អាកាសយានដ្ឋានថ្មី និងស្ថានីយ៍ប្រព័ន្ធបន្សុទ្ធទឹកសម្រាប់ប្រើប្រាស់នៅក្នុងប្រទេស Angola។