ឡាវ ត្រៀមសាងសង់ផ្លូវដែកភ្ជាប់ទំនាក់ទំនងជិតស្និតជាមួយ វៀតណាម នាឆ្នាំ ២០២១ ខាងមុខ

វៀងច័ន្ទ៖ ចក្ខុវិស័យរបស់ឡាវ ក៏មិនខុសពីប្រទេសផ្សេងៗទៀតប៉ុន្មានដែរ ខណៈពេលដែលប្រទេសគ្មានជាប់ដែនសមុទ្រមួយនេះ បានចាប់ផ្ដើមគិតគូអំពីសសៃឈាមនៃការធ្វើដំណើរនៅក្នុងប្រទេសរបស់ខ្លួន ជាមួយនឹងការសាងសង់បន្ថែមនូវផ្លូវដែក ដើម្បីតភ្ជាប់ទៅកាន់ប្រទេសផ្សេងៗទៀត នៅក្នុងតំបន់អាស៊ីយើងនេះ។ តាមរយៈក្រសួងផែនការ និងវិនិយោគរបស់ឡាវ ដែលបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ ដែលហៅកាត់ថា MOU កាលពីពេលថ្មីៗកន្លងទៅនេះ បានបង្ហាញឲ្យដឹងអំពីគម្រោងសាងសង់ផ្លូវដែក ត្រៀមនឹងធ្វើឡើងនាឆ្នាំ ២០២១ ខាងមុខ។

ប្រភពព័ត៌មានអន្តរជាតិបានចេញផ្សាយឲ្យដឹងថា រដ្ឋាភិបាលឡាវ បានចុះកិច្ចព្រមព្រៀង MOU ជាមួយនឹងក្រុមហ៊ុន Petro Trade ដើម្បីធ្វើការសិក្សានូវគម្រោងរចនាប្លង់ផ្លូវដែកនោះ ដែលចាប់ផ្ដើមតភ្ជាប់ទៅកាន់ប្រទេសវៀតណាមមុនគេ ហើយឈានបន្តតភ្ជាប់ទៅកាន់ប្រទេសជិតខាងផ្សេងៗទៀត រួមមានកម្ពុជាយើងផងដែរ។ ប្រភពដដែលបានឲ្យដឹងដូច្នេះថា ផ្លូវដែកថ្មីនោះនឹងរត់ចេញពីស្រុក Thakhaet នៃខេត្ត Khammuan របស់ប្រទេសឡាវ ទៅកាន់ព្រំដែនប្រទេសវៀតណាម ដើម្បីតភ្ជាប់ជាមួយកំពង់ផែ Vung Ang ដែលស្ថិតនៅក្នុងខេត្ត Ha Tinh ភាគកណ្តាល នៃប្រទេសវៀតណាម ដែលនឹងបើកទ្វារឲ្យតំបន់ទាំងពីរ កាន់តែមានទំនាក់ទំនងចិត្តស្និត ហើយក៏នឹងកែប្រែឡាវពីប្រទេសគ្មានសមុទ្រ ឲ្យក្លាយទៅជាប្រទេស អាចចេញទៅរកតំបន់សមុទ្របានជាលើកដំបូង និងងាយស្រួលលើវិស័យពាណិជ្ជកម្មផងដែរ។

មិនតែប៉ុណ្ណោះ ផ្លូវដែកនោះ នឹងតភ្ជាប់ប្រទេសឡាវ ទៅកាន់ប្រទេសនៅក្នុងតំបន់អាស៊ាន នឹងជួលដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសម្របសម្រួលដល់ការវិនិយោគ ពាណិជ្ជកម្ម និងកសិកម្ម ដែលផ្តល់សក្តានុពលដល់ប្រទេសឡាវ ដើម្បីក្លាយជាប្រទេសឧស្សាហកម្មទំនើបមួយ ក្នុងការប្រកួតប្រជែងក្នុងតំបន់។ ស្ថិតក្នុងឱកាសចុះ MOU នោះ លោក Chanthone Sithinxay នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Petro Trade បានឱ្យដឹងដូច្នេះថាថា “ផ្លូវដែកថ្មីនោះ នឹងមានចម្ងាយប្រមាណជា ២៤០គីឡូម៉ែត្រ ទៅ២៧០គីឡូម៉ែត្រ ដែលក្នុងនោះមានប្រវែង ១៥០ម៉ែត្រគីឡូម៉ែត្រ ត្រូវសាងសង់ស្ថិតនៅក្នុងទឹកដីរបស់ឡាវ និង ១២០ គីឡូម៉ែត្រផ្សេងទៀត ស្ថិតនៅទឹកដីរបស់វៀតណាម។ ក្រោយពីទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលវៀតណាម ក្រុមហ៊ុននឹងបន្តការស្ទង់មតិ និងសិក្សាបន្តពីព្រំដែនវៀតណាមដល់កំពង់ផែ Vung Ang ដែលត្រូវចំណាយពេលប្រមាណ ១២ខែ ក្នុងការបញ្ចប់ការសិក្សា និងរចនាប្លង់។ ក្រោយពីមានការអនុញ្ញាតពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្រុមហ៊ុននឹងចាប់ផ្តើមសាងសង់ផ្លូវដែកនេះ នៅក្នុងឆ្នាំ ២០២១ និងបញ្ចប់នៅឆ្នាំ ២០២៤ ខាងមុខ”។

ផ្លូវដែកថ្មីមួយខ្សែនេះ ត្រៀមនឹងក្លាយជាផ្លូវដែកអន្តរជាតិដំបូងគេបង្អស់របស់ឡាវ សម្រាប់ធ្វើការលើវិស័យដឹកជញ្ជូនទំនិញ និងអ្នកដំណើររវាងប្រទេសទាំងពីរ ដែលអាចរត់នៅក្នុងល្បឿនពី ៩០គីឡូម៉ែត្រ ទៅ១២០ គីឡូម៉ែត្រ ក្នុងមួយម៉ោង តាមរយៈការប្រើប្រាស់គ្រឿងបរិក្ខា និងបច្ចេកវិទ្យារបស់ឥណ្ឌូនេស៊ី។ គម្រោងនេះ នៅមានការបន្ថែមជាច្រើនទៀត ដែលនឹងប្រកាសឡើងនាពេលអនាគតខាងមុខ៕