ទីក្រុងក្យតូ (Kyoto) របស់ជប៉ុនបានដាក់បំរាម ហាមឃាត់ភ្ញៀវទេសចរ មិនឲ្យមានការថតរូបនារីប្រពៃណី “Geishas” នៅតាមដងផ្លូវមួយចំនួន!

ដោយទទួលបានរបាយការណ៍ស្តីពី អាកប្បកិរិយាមិនល្អរបស់ភ្ញៀវទេសចរមួយចំនួនពេលដែលចូលមកកម្សាន្តនៅក្នុងទីក្រុងក្យូតូ ពេលនេះនៅតាមតំបន់ខ្លះរបស់ទីក្រុងនេះ បានហាត់ឃាត់ការថតរូបនារីប្រពៃណី “Geishas” របស់ជប៉ុននៅតាមដងផ្លូវដ៏មមាញឹកមួយចំនួន។

ការហាមឃាត់ការថតរូបមានប្រសិទ្ធិភាពនៅលើផ្លូវឯកជន ក្នុងតំបន់ជីអន (Gion) របស់ទីក្រុងក្យូតូ ជាផ្នែកមួយនៃទីប្រជុំជនដ៏ធំ ដែលត្រូវបានគេស្គាល់ថាជាតំបន់របស់ពួក geiko ឬជា Geishas រួមជាមួយនឹងពួក Maiko។ 

ផ្លូវថ្ម តំបន់ប្រាសាទបុរាណ និងផ្ទះឈើ ដែលសុទ្ធតែធ្លាប់មានវត្តមាននៅក្នុងខ្សែភាពយន្តដូចជា “Memoirs of a Geisha” បានធ្វើឱ្យវាក្លាយជាកន្លែងពេញនិយមសម្រាប់ភ្ញៀវទេសចរ មកទស្សនានិងថតរូប។ 

ពេលដើរជុំវិញដងវិថី Gion វាមិនមែនជារឿងចម្លែកទេ ក្នុងការឃើញពួក geiko និង maiko នៅតាមផ្លូវទៅកាន់ការសម្តែងពេលល្ងាចរបស់ពួកគេជាញឹកញាប់ នៅតាមភោជនីយដ្ឋានដែលពួកគេផ្តល់ភាពរីករាយ ដល់អតិថិជនពីអាហារពេលល្ងាចបែប kaiseki ច្រើនមុខ។ 

ប៉ុន្តែពេលខ្លះរូបភាពទាំងនេះ គឺជាការថតរូប Selfie ជាមួយ geiko ដែលថតដោយគ្មានការប្រាប់មុន និងគ្មានការអនុញ្ញាត។ ភ្ញៀវទេសចរអាចទៅតាមឆ្ងាយ ជាមួយនឹងពួក geiko ទាំងនេះ ឬអាចទាញសំលៀកបំពាក់ពួកគេ ដោយគ្រាន់តែឲ្យពួកគេឈប់ស្ងៀម ក្នុងគោលបំណងដើម្បីថតរូបប៉ុណ្ណោះ។

អ្នកស្រុកម្នាក់បានប្រាប់កាសែត The Guardian ថា “ខ្ញុំបានឃើញពួក geiko ស្រក់ទឹកភ្នែក និងមិនបង្អាក់អ្នកដែលចង់ថតរូបជាមួយពួកគេឡើយ។ ពួកគេមិនបង្ហាញពីការមិនពេញចិត្តរបស់ពួកគេទេ ព្រោះតែនេះជាបរិយាកាសការងារនិងសំដែងភាពរស់រវើកនៅក្នុងកម្មវិធី” ។

តំបន់ហាមឃាត់ភាគច្រើន រួមបញ្ចូលទាំងផ្លូវតូចក្បែរវិថី Hanamikoji ។ ស្លាកសញ្ញានានាត្រូវបានគេដាក់បញ្ចូលទៅក្នុងផ្លូវតូចទាំងនេះ ដោយព្រមានអ្នកទេសចរថាប្រសិនបើពួកគេត្រូវបាន ចាប់យករូបភាពនៃទីតាំងដោយគ្មានការអនុញ្ញាតពួកគេនឹងត្រូវពិន័យជាប្រាក់សុទ្ធប្រហែល 92 ដុល្លារ (¥10,000) នេះបើយោងតាមសារព័ត៌មាន NHK។

កិច្ចខិតខំប្រឹងប្រែងផ្សេងទៀត ដើម្បីទប់ស្កាត់អាកប្បកិរិយាមិនសមរម្យរបស់ភ្ញៀវទេសចរ នៅទីក្រុងក្យូតូ រួមមានកម្មវិធីស្មាតហ្វូន ដែលបញ្ជូននូវសារក្រើនរំលឹកភ្ញៀវចូលមកកម្សាន្តឲ្យបានដឹងពីបទបញ្ញត្តិ គោរពតាមច្បាប់តំបន់ និងរក្សាឥរិយាបថឲ្យបានត្រឹមត្រូវផងដែរ។

ក្រុមប្រឹក្សាតំបន់ ក៏បានចាប់ផ្តើមចែកប័ណ្ណសម្គាល់ ជាភាសាអង់គ្លេសនិងចិនទុករំលឹកភ្ញៀវទេសចរ អំពីអាកប្បកិរិយាត្រឹមត្រូវ នៅពេលពួកគេនៅក្យូតូទៀតផង។