នេះគឺជាទិដ្ឋភាពអាងស្ដុកទឹកជើងភ្នំដំរី ដែលទើបសាងសង់រួច!

ខេត្តកំពត ជាខេត្តដែលសម្បូរទៅដោយតំបន់អេកូទេសចរណ៍ស្អាតៗបែបធម្មជាតិ ទាំងតំបន់ភ្នំ តំបន់ព្រែក និងតំបន់សមុទ្រ ហើយសូម្បីតែវាលស្រែក៏ស្រស់ស្អាតផងដែរ ទើបភ្ញៀវទេសចរណ៍ភាគច្រើនឲ្យតែបានទៅដល់ទីនោះតែងសរសើរថា «កំពត ដីស្អិត» អ្នកធ្លាប់បានមកទេសចរណ៍ម្ដងហើយ ប្រាកដជាជាប់ចិត្ត ចង់មកម្ដងទៀត។ មិនខុសនោះទេ កំពតគឺក្រុងលំហែរកាយដ៏សែនមនោរម្យមួយក្នុងប្រទេសកម្ពុជា និងជាទិសដៅនៃទេសចរណ៍បរទេសផងដែរ ព្រោះជាបណ្ដុំនៃឧទ្យានជាតិ និងរម្មណីយដ្ឋានធម្មជាតិជាច្រើនកន្លែង។ ងាកមកបែកខាងស្រុកកំពង់ត្រាចវិញ គេអាចទស្សនាឧទ្យានភ្នំកំពង់ត្រាច ចូលល្អាងភ្នំនិងមុជទឹកក្នុងល្អាងភ្នំផងដែរ លើសពីនេះទៀត គឺទៅទស្សនាភ្នំដីរី។ 

ភ្នំដំរី ស្ថិតនៅឃុំដំណាក់កន្ទួតខាងជើង និងឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ដែលជាកូនភ្នំតូចប្រភេទថ្មជញ្ជាំង និងមានសម្រស់មិនចាញ់ភ្នំកំពង់ត្រាចឡើយ។ ដោយសារតែប្រជាជនក្នុងតំបន់ភ្នំដំរីសុទ្ធសឹងជាអ្នកប្រកបរបរធ្វើស្រែចម្ការ ដូចនេះទៅដល់ទីនោះ លោកអ្នកអាចទស្សនាជាមួយធម្មជាតិភ្នំដំរី អមទៅដោយវាលស្រែដ៏ស្រស់ស្អាត។

ថ្មីៗនេះផងដែរ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការសាងសង់ទំនប់ភ្នំដំរី ដែលទើបតែបានសម្រេចទាំងស្រុង ១០០% ហើយមិនត្រឹមតែក្លាយជាទំនប់ទឹកដ៏មានសារសំខាន់ប៉ុណ្ណោះទេ ថែមទាំងបានផ្ដល់នូវសោភ័ណភាពដល់ភ្នំដំរីថែមមួយកម្រិតទៀត។ 

ទំនប់អាងទឹកនេះត្រូវបានជួសជុសឲ្យដំណើរការឡើងវិញនៅឆ្នាំ ២០០១ ហើយមកដល់ពេលនេះទំនប់ត្រូវបានហូរច្រោះតាមជើងភ្នំ ជាច្រើនកន្លែងបណ្តាលឲ្យអាងទឹកមិនអាចរក្សាទឹកទុកបានទើបនៅក្នុងឆ្នាំ២០១៩ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានលើកគម្រោងជួសជុលទំនប់នេះឡើងវិញ ដោយគេត្រូវសាងសង់តួទំនប់ថ្មីប្រវែង ១,២០០ ម៉ែត្រ ដើម្បីប្រភពទឹកជូនប្រជាជននៅតំបន់នោះ ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់ប្រកបរបរកសិកម្មផងដែរ។ 

ហើយខាងក្រោមនេះ គឺជាទិដ្ឋភាពនៃអាងស្ដុកទឹកតាមជើងភ្នំដំរី ក្រោយពេលសាងសង់រួច។ 

 

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម