អគារកម្ពស់ ២២០ ម៉ែត្រ មាន ៦៩ ជាន់ បើកការដ្ឋានសាងសង់ និងត្រៀមបង្ហាញខ្លួន ២ ឆ្នាំខាងមុខនៅជ្រោយចង្វារ

ភ្នំពេញ៖ ជ្រោយចង្វារ បច្ចុប្បន្ន គឺជាគោលដៅធំមួយ ក្នុងការវិនិយោគ បុរី អគារខ្ពស់ៗ ខុនដូរ ជាដើម ខណៈពេលដែលទីតាំងនេះ ស្ថិតនៅក្នុងតំបន់កំពុងមានការអភិវឌ្ឍយ៉ាងមម៉ាញឹក  ក្បែទៅនឹងរាជធានីភ្នំពេញ។ ជាក់ស្ដែង ក្រុមហ៊ុន Morgan Ford របស់ចិន បានសម្រេចចិត្ត បោះទុនវិនិយោគបន្ថែម នៅកម្ពុជា ដោយលើកនេះ គឺធំ ទាល់តែមែនទែន តាមរយៈការចាប់ផ្ដើម បើកការដ្ឋានសាងសង់គម្រោងខ្នាតយក្សមួយ ក្នុងការសាងសង់នូវអគារខុនដូរថ្មីមួយ ដែលទំនើបអស្ចារ្យ ជាមួយនឹងកម្ពស់រហូតដល់ទៅ ២២០ ម៉ែត្រ ឡើងទៅលើ និងមាន ៦៩ ជាន់។

ក្រុមហ៊ុន Morgan Ford របស់ចិន កាលពីពេលថ្មីៗកន្លងទៅនេះ បានបើកការដ្ឋាន បញ្ចុះបឋមសិលា សាងសង់អគារ ម័រហ្គេន អេនមៃសិន (Morgan En Maison) ថ្មីមួយ ដែល ត្រៀមនឹងក្លាយជាខុនដូ មានកម្ពស់ខ្ពស់ជាងគេមួយនៅកម្ពុជា។ ស្ថិតក្នុងឱកាសបើកការដ្ឋានសាងសង់នេះ ឧបនាយករដ្ឋមន្ត្រី ឯកឧត្ដម ហោ ណាំហុង បានចំនាយពេលវេលា ដ៏មានតម្លៃ ចុះទៅបើកកម្មវិធីនោះ ដោយបានឲ្យនូវតម្លៃខ្ពស់ទៅដល់ការសាងសង់អគារខ្ពស់ៗ កប់ពពក នៅរាជធានីភ្នំពេញ ដែលនេះមិនត្រឹមតែចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសំណង់ ក៏ដូចជាលើកកម្ពស់សោភ័ណភាព ទីក្រុងភ្នំពេញ ឲ្យឆ្ពោះទៅមុខនោះទេ វាក៏រួមចំនែកយ៉ាងច្រើន ក្នុងការទាក់ទាញភ្ញៀវវិនិយោគបន្ថែមទៀតមកកម្ពុជា ក៏ដូចជាបង្កើតនូវឱកាសការងារជាច្រើនកន្លែង។

គម្រោងសាងសង់អគារខុនដូរ ដ៏ខ្ពស់បែបនេះ មានទីតាំងស្របទៅនឹងដងទន្លេមេគង្គ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលនឹងត្រូវចំនាយទឹកប្រាក់សរុបអស់ប្រមាណជា ៦០០ លានដុល្លារអាមេរិក សាងសង់នៅលើផ្ទៃដី ២,៤ ហិកតា ដោយសរុបចូលគ្នាទាំងអស់ជាង ៤០ ម៉ឺន ម៉ែត្រការ៉េ ដែលនឹងចំនាយពេលសាងសង់ប្រហែលជា ២ ឆ្នាំ ដោយម្ចាស់គម្រោងអះអាងថា នឹងបញ្ចប់ការសាងសង់នាឆ្នាំ ២០២២ ខាងមុខ។ យ៉ាងណាមិញ សម្រាប់ព័ត៌មានទាក់ទងនឹងការលក់ ក៏ដូចជាផ្នែកទីផ្សារផ្សេងៗទៀត នៅមិនទាន់ប្រកាសឲ្យបានដឹងនោះទេ តែថ្ងៃអនាគត គម្រោងនេះ នឹងបើកទីផ្សារ ស្វែងរកអតិថិជន ក៏ដូចជាដៃគូសហការណ៍ ហើយក៏ជាគ្រឹះដ៏រឹងម៉ាំសម្រាប់ពង្រីកវិសាលភាព និងតម្លៃដី នៅតំបន់ជ្រោយជង្វារឲ្យកាន់តែថ្លៃជាងមុនថែមមួយកម្រិតទៀត។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Morgan Ford នេះ បានមកវិនិយោគ និងផ្ដល់នូវផលប្រយោជន៍ ក៏ដូចជាទីផ្សារការងារនៅកម្ពុជា អស់រយៈពេលរាប់សិបឆ្នាំមកហើយ  ហើយការសម្រេចវិនិយោគអគារខ្ទង់រយលានដុល្លារនេះ នឹងជួយជ្រុមជ្រែងកម្ពុជាបន្ថែមទៀត ដើម្បីឆ្ពោះទៅរកភាពរុងរឿង។