នេះជាប្រទេសដំបូងគេលើលោក ដែលមានសេវាធ្វើដំណើរសាធារណៈដោយមិនគិតថ្លៃ ទូទាំងប្រទេស!

Luxembourg ជាប្រទេសមួយនៅក្នុងសហភាពអឺរ៉ុប ដែលមានផ្ទៃដីតូចមិនមានដែនសមុទ្រនោះទេ និងត្រូវហ៊ុំព័ន្ធដោយព្រំប្រទល់ប្រទេសបារាំង អាល្លឺម៉ង់ និងប៊ែលហ្ស៊ិក។ ប្រទេស Luxembourg មានចំនួនប្រជាជនប្រមាណ ៦ សែននាក់កាលពីឆ្នាំ ២០១៨ ហើយប្រទេសនេះក៏មានអត្រាអ្នកប្រើប្រាស់យានយន្ដផ្ទាល់ខ្លួន ទៅធ្វើការខ្ពស់ជាងគេនៅសហភាពអឺរ៉ុបផងដែរ ធៀបនឹងចំនួនប្រជាជន។ ដូចនេះហើយទើបរដ្ឋាភិបាលដែលមាននាយករដ្ឋមន្ត្រី Xavier Bettel បានប្រកាសចេញនូវគម្រោងអភិវឌ្ឍន៍មធ្យោបាយធ្វើដំណើរបន្ថែម ហើយប្រទេស Luxembourg ជាប្រទេសដំបូងគេលើលោក ដែលមានមធ្យោបាយធ្វើដំណើរក្នុងប្រទេសដោយមិនគិតថ្លៃ។ 

លោកនាយករដ្ឋមន្ត្រី Xavier Bettel បានបង្ហាញថា បច្ចុប្បន្ននេះ ប្រជាជាន Luxembourg ប្រមាណ ៤០០,០០០ នាក់កំពុងមានតម្រូវការខ្ពស់សម្រាប់ធ្វើដំណើរដូចជាទៅធ្វើការ ទៅសាលារៀន ធ្វើដំណើរទៅកាន់ប្រទេសជិតខាងដូចជាបារាំង អាល្លឺម៉ង់ និងប៊ែលហ្ស៊ិក តាមរយៈមធ្យោបាយធ្វើដំណើរផ្សេងៗដូចជា យានយន្ដផ្ទាល់ខ្លួន និងសេវាសាធារណៈដូចជា រថភ្លើង រថយន្ដក្រុង និងរថភ្លើងកូនកាត់ (Tram)។ ដូចនេះដើម្បី លើកស្ទួយដល់វិស័យដឹកជញ្ជូន និងមធ្យោបាយធ្វើដំណើរសាធារណៈ ក៏ដូចជាកាត់បន្ថយនូវបញ្ហាបំពុលបរិស្ថាននិងបញ្ហាចរាចរណ៍នោះ ទើបរដ្ឋាភិបាលបានចេញនូវសេវាកម្មធ្វើដំណើរទូទាំងប្រទេសដោយមិនគិតថ្លៃ សម្រាប់ប្រជាជនអាយុក្រោម ២០ ឆ្នាំ ដែលគេអាចទៅសាលារៀន ធ្វើការ មកផ្ទះ ឬដំណើរកម្សាន្ដនានា។ 

តាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian បង្ហាញថា គោលការណ៍នេះនឹងត្រូវអនុវត្តចាប់ពីដើមឆ្នាំ ២០២០ ខាងមុខនេះហើយ ដោយប្រជាជនវ័យក្មេងក្រោមអាយុ ២០ ឆ្នាំនឹងភាពងាយស្រួលក្នុងការធ្វើដំណើរទូទាំងប្រទេស ហើយដំណើរការទិញសំបុត្រនឹងត្រូវលុបចោល។ ចំណែកឯការធ្វើដំណើរឆ្ងាយវិញ ដែលប្រើពេលលើសពី ២ ម៉ោងគេត្រូវចំណាយត្រឹមតែ ២ យូរ៉ូប៉ុណ្ណោះ។ ប៉ុន្តែគេដឹងថា ការធ្វើដំណើរទូទៅក្នុងប្រទេស មិនងាយដល់ ២ ម៉ោងនោះទេ ព្រោះប្រទេសនេះតូច មានតែធ្វើការធ្វើដំណើរកម្សាន្ដឬឆ្លងប្រទេសប៉ុណ្ណោះ។