ជប៉ុន នឹងនាំយកក្រុមហ៊ុនបន្ថែមទៀត មកវិនិយោគនៅកម្ពុជាឲ្យបានកាន់តែច្រើន

ភ្នំពេញ៖ កម្ពុជា និងជប៉ុន មានទំនាក់ទំនងយ៉ាងជិតស្និត ទៅលើវិស័យការទូត និងទំនាក់ទំនង កិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយក្នុងនោះជប៉ុន បានបន្តជួយទៅលើការអភិវឌ្ឍន៍របស់កម្ពុជាជាច្រើន ស្ទើតែគ្រប់វិស័យ ហើយក្នុងនោះវិស័យពាណិជ្ជកម្ម ក៏មានការរួមចំណែកយ៉ាងសកម្ម មិនចាញ់បរទេសផ្សេងដែរ។ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ នៅទីស្ដីការរបស់ក្រសួង ពាណិជ្ជកម្ម ដឹកនាំដោយឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពានិជ្ជកម្ម បានបើកជំនួបមួយ ជាមួយនឹងគណៈប្រតិភូនៃសមាគមជប៉ុន-កម្ពុជា ដឹកនាំដោយលោក តាកាហាឈី ហ្វូមីអាគី ដើម្បីពិភាក្សាអំពីពាណិជ្ជកម្មនៅកម្ពុជា។

ស្ថិតក្នុងជំនួបប្រជុំរវាងរដ្ឋាភិបាលកម្ពុជា និងជប៉ុន បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរវាងប្រទេសទាំងពីរ ដែលជប៉ុន បានរួមចំណែកទៅដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ឲ្យមានភាពរីកចំរើនពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈការផ្ដល់នូវវិភាគទាន ហិរញ្ញប្បទាន និងសកម្មភាពជំនួយបច្ចេកទេសជាច្រើនផ្សេងទៀតដល់កម្ពុជា។ ជាលទ្ធផល កម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ ពិសេសគឺការកើនឡើងនៃកំនើនសេដ្ឋកិច្ច ដែលកើនឡើងជាមធ្យម ៧% ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ ដែលបានកែប្រែប្រទេសមួយនេះពីប្រទេសមានប្រាក់ចំណូលទាប ឲ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលកម្រិតមធ្យមកម្រិតទាបកាលពីឆ្នាំ ២០១៥ កន្លងទៅ។

ជាការឆ្លើយតប ភាគី តំណាងឲ្យរដ្ឋាភិបាលជប៉ន ក៏បានសម្ដេចនូវសេចក្ដីរីករាយជុំវិញការរីកចំរើនរបស់កម្ពុជា លើគ្រប់វិស័យ ដោយក្នុងនោះកម្ពុជា ក៏បានបើកសិទ្ធិ និងច្រកទ្វារធំទូលំទូលាយ សម្រាប់ឲ្យវិនិយោគិនជប៉ុន មកបោះទុនវិនិយោគនៅកម្ពុជាកាន់តែច្រើន ដែលមិនត្រឹមតែជួយសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ពលរដ្ឋកម្ពុជា ក៏ទទួលបានទីផ្សារការងារល្អៗ ស្របតាមស្ដង់ដារបទដ្ឋាន និងច្បាប់ការងារទៀតផង។ ស្ថិតក្នុងដំណើរទស្សនកិច្ចនេះ សមាគមជប៉ុន-កម្ពុជា នឹងបន្តធ្វើការផ្សព្វផ្សាយព័ត៌មានល្អៗ និងសំខាន់ៗ ទៅកាន់សមាជិកផ្សេងៗបន្ថែមទៀត ឲ្យបានយល់ដឹងកាន់តែច្បាស់អំពីកម្ពុជា និងដើម្បីធ្វើការទាក់ទាញសហគ្រាសធុនតូច និងមធ្យមរបស់ជ៉ុន ដែលមានបច្ចេកវិទ្យាខ្ពស់ៗ មកធ្វើការវិនិយោគ និងផ្ទេរចំណេះដឹងនៅកម្ពុជាឲ្យបានកាន់តែច្រើន។

បច្ចុប្បន្ននេះ ក្រុមហ៊ុនអន្តរជាតិរបស់ជប៉ុន ដែលកំពុងធ្វើការវិនិយោគនៅកម្ពុជា មានគម្រោងតូច មធ្យម និងធំមួយចំនួន ឈនៅលើវិស័យជាច្រើនរាប់បញ្ចូលទាំងទីផ្សារទំនើប ការផលិតគ្រឿងបង្គុំ អគ្គិសនី និងអេឡិចត្រូនិច គ្រឿងបង្គុំរថយន្ត សម្ភារៈ គ្រឿងបរិក្ខារបច្ចេកទេស ស្រាប់កសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ និងធនាគារជាដើម ។ល។ ដោយក្នុងមួយឆ្នាំៗ បានបង្កើតទីផ្សារប្រាក់ចំណូលបានរាប់សិបលានដុល្លារអាមេរិក ហើយវានៅតែបន្តដើរទៅមុខ និងមានការវិវឌ្ឍន៍ខ្លួនកាន់តែប្រសើឡើងពីមួយឆ្នាំទៅមួយឆ្នាំ ស្របពេលជប៉ុន និងកម្ពុជា នៅតែបន្តមានចំណងមិត្តភាពរឹងម៉ាំដដែល។

ថ្លែងមុននឹងធ្វើការបិទជំនួបខាងលើ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសង្កត់ធ្ងន់ជូនដល់សមាគមជប៉ុន-កម្ពុជាឲ្យចាំទុកក្នុងចិត្តថា ការវិនិយោគនៅប្រទេសកម្ពុជា គឺមិនមែនបម្រើតែទីផ្សារកម្ពុជាប៉ុណ្ណោះទេ គឺបម្រើដល់ទីផ្សារអាស៊ី អឺរ៉ុប អាមេរិក និងទីផ្សារដទៃទៀត តាមរយៈការធ្វើសមាហរណកម្មរបស់កម្ពុជាទៅកាន់ទីផ្សារទាំងនោះ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី និងទ្វេភាគីនៅពេលអនាគតផងដែរ។

 

ប្រភព៖ ក្រសួងពាណិជ្ជកម្ម