ព្រឹត្តិការណ៍កីឡា SEA Games នៅប្រទេសហ្វីលីពីន បានធ្វើឲ្យអចលនទ្រព្យតំបន់ Metro Clark នោះមានសន្ទុះឡើងគួរឲ្យកត់សម្គាល់!

ពាក្យដែលគេតែងនិយាយតៗគ្នាក្នុងវិស័យអចលនទ្រព្យថា «គួរវិនិយោគលើតំបន់ណា ដែលស្របនឹងទិសដៅនៃការអភិវឌ្ឍន៍»។ មិនខុសនោះទេ ទិសដៅនៃការអភិវឌ្ឍន៍គឺសុទ្ធសឹងតែបាញ់ឆ្ពោះទៅតំបន់តែមានសក្ដានុពលខ្ពស់ តួយ៉ាងគឺជាតំបន់ដែលគេអាចវិនិយោគបានក្នុងរយៈពេលវែងទៅមុខទៀត ដែលយើងអាចលើកឧទាហរណ៍ជាក់ស្ដែង តំបន់ស្ពានលីយ៉ុងផាត់ និងផ្លូវលីយ៉ុងផាត់ កាលពីមុនជាទីវាលស្មៅស្ងាត់ជ្រងំ មិនទាន់មានការវិនិយោគនោះទេ ប៉ុន្តែពេលនេះ ត្រូវបានសាងសង់នូវពហុកីឡាដ្ឋានជាតិមរតកតេជោ (សម្រាប់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា SEA Games ឆ្នាំ ២០២៣) ធ្វើឲ្យដីតំបន់នោះមានតម្លៃថ្លៃជាងមុនច្រើន។ ចំណែកឯប្រទេសហ្វីលីពីន ក៏មានដំណើរស្រដៀងគ្នានេះដែរ គឺសុទ្ធសឹងតែការទាញប្រយោជន៍ពីកីឡា SEA Games។ 

ដូចយើងបានដឹងហើយថា ប្រទេសហ្វីលីពីន បានធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡា SEA Games ឆ្នាំ ២០១៩ ដោយការអភិវឌ្ឍន៍ពហុកីឡាដ្ឋាននៅតំបន់ដាច់ស្រយាលពីរាជធានីម៉ានីល ដែលពីមុនជាតំបន់មិនសូវហាងឆេងទាល់តែសោះ ប៉ុន្តែពេលនេះ បានក្លាយទៅជាតំបន់ដែលមានការវិនិយោគច្រើនគួរឲ្យកត់សម្គាល់។ នេះគឺត្រូវអរគុណទៅដល់ព្រឹត្តិការណ៍ SEA Games លើសទី ៣០ ដែលធ្វើឲ្យរដ្ឋាភិបាលបានវិនិយោគទៅលើពហុកីឡាដ្ឋាននៅតំបន់ Metro Clark នោះ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មី ដែលធ្វើឲ្យវិនិយោគិន ចាប់ផ្ដើមដាក់ទិញដៅតំបន់នោះ ជាតំបន់ពាណិជ្ជកម្មថ្មីប្រចាំប្រទេសហ្វីលីពីន។

យោងតាមការចុះផ្សាយរបស់ Santos Knight Frank បានបង្ហាញថា តំបន់ Metro Clark អាចជាតំបន់អភិវឌ្ឍន៍លឿនបំផុតមួយក្នុងប្រទេសហ្វីលីពីន ដែលបើកទ្វារចាំទទួលការវិនិយោគធំៗ ជាក់ស្ដែងតំបន់នេះត្រូវបានគេវិនិយោគជាបណ្ដើរតាំងពីគម្រោងពហុកីឡាដ្ឋាន ចេញដំបូងម្ល៉េះ បន្ទាប់ពីមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធស្អាតមក។ ជាងនេះទៅទៀត បច្ចុប្បន្ននេះ តំបន់ Metro Clark ត្រូវបានវិនិយោគធំៗពីក្រុមហ៊ុន ៦ ខុសគ្នា ដើម្បីអភិវឌ្ឍន៍នៅអគារការិយាល័យដែលមានទំហំប្រមាណ ៣៤០,០០០ ម៉ែត្រការ៉េ ដែលនឹងចេញជារូបរាង ចាប់ពីចន្លោះឆ្នាំ ២០១៩-២០២៣ នេះហើយ។ 

ការព្យាករណ៍ទុកបង្ហាញថា តំបន់នេះ នឹងមានសក្ដានុពលលើសពីការរំពឹងទុកទៅទៀត ជាក់ស្ដែងវាជាតំបន់ដែលទទួលបានភ្ញៀវទេសចរណ៍ច្រើន ក្នុងមួយឆ្នាំ ៨ លាននាក់ជាមធ្យម ធ្វើឲ្យគេត្រូវការពង្រីកអាកាសយានដ្ឋានអន្តរជាតិ Clark International Airport និងទទួលបានគម្រោងអភិវឌ្ឍន៍សហគមន៍រស់នៅទំនើបធំៗដូចជា New Clark City, Clark Global City, Alviera, និង Filinvest Mimosa + Leisure City ជាដើម ដែលគម្រោងទាំងនេះ គឺជាឱកាសក្នុងការអភិវឌ្ឍន៍តំបន់ Clark ខេត្តទាំង ៧ នៅតំបន់រដ្ឋបាល Central Luzon ប្រទេសហ្វីលីពីន ឲ្យកាន់តែរីកធំជាងមុនទៅទៀត និងផ្ដល់អត្ថប្រយោជន៍ខ្ពស់ក្នុងវិស័យអចលនទ្រព្យ ព្រមទាំងការងារជូនប្រជាជនក្នុងតំបន់ជាច្រើនទៀត។