រដ្ឋាភិបាល ចេញគម្រោងសាងសង់ផ្លូវបេតុង អមសងខាងផ្លូវរថភ្លើងប្រវែង ១០ គីឡូម៉ែត្រ ទៅដល់មហាវិថីឈ្នះឈ្នះ!

នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងសាធារណការនិងដឹកជញ្ជូន បានដឹកនាំមន្ត្រីជំនាញនិងភាគីពាក់ព័ន្ធ ចុះពិនិត្យមើលស្ថានភាពផ្លូវរថភ្លើង ចាប់ពីចំណុចស្ថានីយរាជាយស្ម័យយាន ឆ្ពោះទៅស្ថានីយពោធិ៍ចិនតុង ដែលត្រៀមនឹងអភិវឌ្ឍន៍ផ្លូវបេតុងនៅអមសងខាងផ្លូវដែកដែលមានស្រាប់នេះ នាពេលខាងមុខ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញផងដែរ។ 

ថ្លែងទៅកាន់ក្រុមសារព័ត៌មាន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការចុះត្រួតពិនិត្យស្ថានភាពផ្លូវដែកនេះ គឺដើម្បីសិក្សាអំពីលទ្ធភាពនៃការអភិវឌ្ឍន៍ផ្លូវបេតុងអាមេ ដែលស្ថិតនៅអមសងខាងផ្លូវដែកដែលមានស្រាប់នេះ ក្នុងគោលបំណងបម្រើវិស័យដឹកជញ្ជូនកាត់ចូលរាជធានីភ្នំពេញ និងបញ្ចៀសការកកស្ទះចរាចរណ៍នៅតាមមហាវិថីសហព័ន្ធរុស្ស៊ីផងដែរ។ ផ្លូវបេតុងអាមេ អមសងខាងផ្លូវដែកនេះ គឺនឹងស្ថាបនាចាប់ពីចំណុចមហាវិថីគីមអ៊ីលសុង (វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា តិចណូ) ទៅដល់មហាវិថីឈ្នះឈ្នះ (ហៅផ្លូវទំនប់កប់ស្រូវ) នឹងអាចមានលទ្ធភាពដើម្បីតភ្ជាប់ទៅដល់ផ្លូវល្បឿនលឿន រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ ទៀតផង។ 

ចំពោះលក្ខណៈសម្បត្តិរបស់ផ្លូវបេតុងនេះ គឺវានឹងមានប្រវែង ១០,៤៥៥ ម៉ែត្រ ទទឹង ៩.៧៥ ម៉ែត្រទាំងសងខាង ក្នុងនោះម្យ៉ាងមានផ្លូវរថយន្ដ ៣.៥ ម៉ែត្រចំនួន ២ គន្លង និងផ្លូវម៉ូតូ ២.៧៥ ម៉ែត្រចំនួន ១ គន្លង ត្រូវចាប់បេតុងអាមេមានសសៃដែកកម្រាស់ ២០ សង់ទីម៉ែត្រ ព្រមទាំងមានចំណីផ្លូវសម្រាប់បំពាក់បង្គោលភ្លើង និងបំពង់លូបង្ហូរទឹកកង្វក់ផងដែរ។ 

ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសិក្សាលទ្ធភាព និងផលប៉ះពាល់ផ្សេងៗនៅលើកំណាត់ផ្លូវនេះឲ្យបានឆាប់រហ័ស ដើម្បីលើកសំណើរដាក់ជូនរដ្ឋាភិបាលពិនិត្យសម្រេច និងស្វែងរកថវិកាសាងសង់ផងដែរ ក្នុងការបម្រើជាប្រយោជន៍ក្នុងវិស័យដឹកជញ្ជូន ជាពិសេសគឺជាផ្លូវកាត់ក្រុងល្អសម្រាប់ការដឹកទំនិញធំៗ ដែលគេអាចធ្វើដំណើរភ្ជាប់ទៅដល់ផ្លូវក្រវាត់ក្រុង (ផ្លូវទំនប់កប់ស្រូវ) និងអាចភ្ជាប់ទៅផ្លូវល្បឿនលឿន រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ ទៀតផង។

 

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន