ការសាងសង់ផ្លាតហ្វម សម្រាប់បូមតំណក់ប្រេងដំបូងនៅឈូងសមុទ្រកម្ពុជា ត្រូវបានសាងសង់ហើយ!

នេះគឺជាលើកទីមួយក្នុងប្រវត្តិសាស្ត្រ ដែលប្រទេសកម្ពុជាបានឈានជើងចូលក្នុងទីផ្សារអន្ដរជាតិជាប្រទេសមានសមត្ថភាពផលិតប្រេងក្នុងប្រទេស ដើម្បីលក់ទៅកាន់ពិភពលោក ដោយគម្រោងនេះត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងបានប្រកាសចេញកាលពីជិតមួយខែមុន ហើយដំណើការ នឹងចាប់ផ្ដើមនៅដើមឆ្នាំ ២០២០ ខាងមុខនេះ ក្រោមការវិនិយោគរបស់ក្រុមហ៊ុន KrisEnergy ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។ 

យោងតាមការចុះផ្សាយរបស់ក្រសួងធនធានរ៉ែ និងថាមពល ដែលបានធ្វើទស្សកិច្ច ដើម្បីចូលរួមសម្ពោធពិធីកាត់ដែកលើកទី ១ និងចុះត្រួតពិនិត្យការសាងសង់ផ្លាតហ្វម (Platform) ដោយផ្ទាល់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បង្ហាញថា ការសាងសង់បានផ្លាតហ្វម សម្រាប់បូមប្រេងត្រូវបានចាប់ផ្ដើមពីថ្ងៃទី ០៩ ធ្នូ ២០១៩ នេះហើយ ដូចនេះគេរំពឹងថានឹងអាចបញ្ចប់នៅដើមឆ្នាំ ២០២០ ជាពេលដែលប្រទេសកម្ពុជានឹងមានសមត្ថភាពបូមតំណក់ប្រេងដំបូងបង្អស់ខ្លួនក្នុងប្រវត្តិសាស្ត្រ។ 

ចំពោះផ្លាតហ្វម (Platform) ឬហៅសាមញថាជាក្បាលអណ្ដូងបូមប្រេងពីសមុទ្រ វាត្រូវបានគេសាងសង់ឡើងនៅក្នុងរោងជាង របស់ក្រុមហ៊ុន NOV Frofab ប្រទេសឥណ្ឌូនេស៊ី ជាការស្ថាបនាក្បាលអណ្ដូងបូមប្រេងខ្នាតធំមួយ រួមទាំងបច្ចេកទេសចុងក្រោយ ដើម្បីរុករកប្រេង ក្នុងណ្ដូងប្រេងអប្សរា ប្លុក A មានផ្ទៃក្រឡា ៣,០៨៣ ម៉ែត្រការ៉េ និងមានចំងាយពីឈូងសមុទ្រកម្ពុជាប្រហែល ១៥០ គីឡូម៉ែត្រ ហើយមានជម្រៅប្រហែលចាប់ពី ៥០ ទៅដល់ ៨០ ម៉ែត្រ។ 

តាមការរសិក្សារបស់ក្រុមហ៊ុន KrisEnergy បង្ហាញថា នៅក្នុងអណ្ដូងប្រេងអប្សរា ប្លុក A នេះ គេរំពឹងថានឹងអាចទាញយកប្រេងបានដល់ ៧,៥០០ បារ៉ែលក្នុងមួយថ្ងៃ ដោយដំណើងការបូមនឹងចាប់ផ្ដើមពេលជាក់លាក់ណាមួយក្នុងឆមាសទី ១ ឆ្នាំ ២០២០ ខាងមុខ។ 

បើតាមការគណនាបង្ហាញរបស់ក្រុមហ៊ុន KrisEnergy «ប្រសិនបើប្រេងដែលបូមបាននោះ មានតម្លៃ ៨០ ដុល្លារ ក្នុងមួយបារ៉ែល នោះរដ្ឋាភិបាលកម្ពុជានឹងទទួលបានចំណូលជាង ៩០០ លានដុល្លារ ពីគម្រោងអភិវឌ្ឍន៍ប្រេងអប្សរា ប្លុក A ក្នុងរយៈពេល ៩ ឆ្នាំ មានន័យថា ក្នុងមួយឆ្នាំគឺទទួលចំណូលបានជាង ១០០ លានដុល្លារពីអណ្ដូងប្រេងតែមួយកន្លែងនេះ»។ 

នេះគឺជាទឹកប្រាក់ដ៏ធំសម្បើមមួយក្នុងវិស័យថាមពលនៅក្នុងប្រទេសកម្ពុជា ដែលយើងមិនធ្លាប់មានពីមុនមក ហើយបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈថា «ចំណូលបានមកពីវិស័យប្រេងកាត នឹងត្រូវចំណាយលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្នែកទន់ និងរឹង ពោលគឺការកសាងផ្លូវថ្នល់ ប្រឡាយ និងអភិវឌ្ឍន៍វិស័យអប់រំ» ដើម្បីឲ្យប្រទេសកម្ពុជា ទាក់ទាញបាននូវការវិនិយោគធំៗបន្ថែមទៀត បង្កើតការងារល្អៗជូនប្រជាជន ពិសេសគឺវិស័យថាមពលនិងឧស្សាហកម្ម និងកាត់បន្ថយភាពក្រីក្រ។ 

លើសពីនេះ សម្តេចតេជោ បានបន្ថែមទៀតថា ប្រទេសកម្ពុជាជាប្រទេសមានធនធានដ៏ច្រើនសន្ធឹកសន្ធាប់ ដែលនៅពេលខាងយើងអាចទទួលបានចំណូលបន្ថែមទៀតពីធនធានធម្មជាតិ ដូចជា រ៉ែមាស រ៉ែធ្យូងថ្ម និងរ៉ែប្រេងកាត ទាំងនៅក្នុងដី និងធនធាននៅក្នុងសមុទ្រ ដែលយើងមិនទាន់បើកយុទ្ធនាការរុករកនៅឡើយ។ ដូចនេះហើយ នេះគឺជាដំណាក់កាលដែលប្រទេសកម្ពុជា ប្រើប្រាស់ធនធានធម្មជាតិ ដើម្បីបម្រើវិស័យថាមពល និងការអភិវឌ្ឍន៍ប្រទេស។