ក្រុងព្រះសីហនុ បានរៀបចំពិធី ហោមពិធីនិងបញ្ចុះថ្មព្រះភូមិ ក្នុងពិធីមង្គលស្តេចរាជសីហ៍ ដើម្បីបួងសួងសុំសេចក្ដីសុខ!

មិនថាពិភពលោកអភិវឌ្ឍន៍ខ្លាំងប៉ុន្មាននោះទេ ប៉ុន្តែជំនឿ និងទំនៀមទំលាប់របស់ខ្មែរយើង គឺមិនអាចកាត់ផ្ដាច់ចេញពីជីវិតរស់នៅប្រចាំថ្ងៃបានឡើយ។ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៩ គឺជាថ្ងៃមានលេខរៀងល្អមួយប្រចាំឆ្នាំ ស្ថិតនៅជិតដំណាច់ឆ្នាំ ២០១៩ ឈានចូលឆ្នាំ ២០២០ (ជាតួលេខឆ្នាំល្អដែរនោះ) ដូចនេះហើយទើបរដ្ឋបាលខេត្តព្រះសីហនុ បានជ្រើសរើសថ្ងៃទី ១២ ខែធ្នូ ដើម្បីប្រារព្ធនូវពិធីមួយហៅថា ហោមពិធី និងបញ្ចុះថ្មព្រះភូមិ ក្នុងពិធីមង្គលស្ដេចរាជសីហ៍ ដើម្បីបណ្ដេញនូវឧបទ្រពចង្រៃទាំងឡាយ ឲ្យឆ្លងផុតពីទីក្រុងព្រះសីហនុ ដូចជាការឆ្លងផុតឆ្នាំចាស់ចូលឆ្នាំថ្មី និងជួបសេចក្ដីសុខនៅឆ្នាំខាងមុខៗ។

ហោមពិធី និងបញ្ចុះថ្មព្រះភូមិ ក្នុងពិធីមង្គលស្ដេចរាជសីហ៍ ប្រចាំក្រុងព្រះសីហនុនោះ ត្រូវបានរៀបចំឡើងនៅក្នុងបរិវេណ រង្វង់មូលតោពីរ ដែលជាស្ដេចសត្វចតុបាទនៅលើផែនដី ហើយកន្លងមកប្រជាជនព្រះសីហនុមានជំនឿលើឬទ្ធីអំណាចខ្លាំងក្លានៃរូបសំណាកតោពីរនេះណាស់ ហើយគោលបំណងក្នុងការរៀបចំពិធីនេះ គឺដើម្បីសុំបារមីស្តេចរាជសីហ៍ ថែរក្សាខេត្តព្រះសីហនុទាំងមូល ឲ្យជួបនូវសេចក្ដីសុខសប្បាយ សេចក្ដីចម្រើនរុងរឿង សិរីសួស្ដីជ័យមង្គល បវរមហាប្រសើរ។ ពិធីនេះដែរ ត្រូវបានដឹកនាំរៀបចំ ក្រោមអធិបតីភាព ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ មន្ត្រីរាជការ អាជីករ ពាណិជ្ជករ ប្រជាពលរដ្ឋក្រុងព្រះសីហនុ និងបាននិមន្តព្រះសង្ឃ ៩៩ អង្គ រៀបចំពីធីរាប់បាត ប្រគេនចង្ហាន់ផងដែរ។ 

ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍នៅក្នុងពិធីនោះថា ខេត្តព្រះសីហនុ ត្រូវបានប្រសិទ្ធនាមជា «តារារះនាទិសនិរតី» ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍដ៏ខ្លាំងក្លា និងប្រកបដោយចីរភាព ពិសេសការវិនិយោគលើវិស័យអចលនទ្រព្យ រួមមានមជ្ឈមណ្ឌលពាណិជ្ជកម្ម អគារស្នាក់នៅ សណ្ឋាគារ មណ្ឌលកំសាន្ត -ល- ហើយទីក្រុងនេះកំពុងទទួលគម្រោងអភិវឌ្ឍន៍ជាច្រើនបន្ថែមទៀត ស្របពេលដែលរដ្ឋាភិបាលកំពុងធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឲ្យស្របទៅនឹងចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ប្រែក្លាយទីក្រុងព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពហុបំណង។ 

ឯកឧត្តម គួច ចំរើន បន្ដរទៀតថា ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ដើម្បីអភិវឌ្ឍន៍ក្រុងព្រះសីហនុ រដ្ឋាភិបាលកម្ពុជាបានសម្រេចដកថិវកាចំនួន ១០០ លានដុល្លារ ពីថវិកាសន្សំរបស់ជាតិ ក្នុងការស្ថាបនាផ្លូវក្រុង ៣៤ ខ្សែ ប្រវែង ៨៤,៥០៥ ម៉ែត្រ, ស្ដារឡើងវិញនូវប្រឡាយធំៗទាំង ៥ រៀបចំប្រព័ន្ធបង្ហូរទឹក និងមន្ទីរប្រព្រឹត្តិកម្មទឹកកង្វក់ ក្នុងទឹកប្រាក់ ២ លាន ៥ សែនដុល្លារ, និងទាក់ទាញការវិនិយោគផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ផងដែរ។ នៅជំហ៊ានបន្ទាប់ទៀត រដ្ឋាភិបាលនឹងធ្វើការពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែទឹកជ្រៅតែមួយគត់ក្នុងប្រទេសកម្ពុជា និងពង្រីកអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុបន្ថែមទៀត ធ្វើឲ្យទីក្រុងនេះ ក្លាយជាច្រកចេញ-ចូល អន្តរជាតិដ៏ទំនើប និងផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា ទៅកាន់ពិភពលោក។

 

ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ