ក្រុមហ៊ុនផលិត គ្រឿងបង្គុំអេឡិចត្រូនិចល្បីល្បាញរបស់ជប៉ុន បានបើកដំណើរការនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងប៉ោយប៉ែត!

ក្រុមហ៊ុនផលិត គ្រឿងបង្គុំអេឡិចត្រូនិចដ៏ល្បីឈ្មោះពីប្រទេសជប៉ុន មានឈ្មោះថា Sumitronics Corp បានបើកដំណើការជាលើកដំបូង ក្នុងប្រទេសកម្ពុជានៅតំបន់សេដ្ឋកិច្ចពិសេសក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយត្រូវបានដាក់ឈ្មោះថា ក្រុមហ៊ុន ស៊ូមីត្រូនិច មេនញូហ្វេកធើរីង (ខេមបូឌា)។ ក្រុមហ៊ុន Sumitronics Manufacturing (Cambodia) នេះត្រូវបានសម្ពោធឲ្យដំណើរការកាលពីថ្ងៃទី ០៩ ធ្នូ ឆ្នាំ ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តម ម៉ាសាហ៊ីរ៉ូ មីខាមី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ដោយវាត្រូវបានវិនិយោគក្នុងរង្វង់ទឹកប្រាក់ជាង ១១ លានដុល្លារ។

ក្រុមហ៊ុននេះ បានធ្វើការវិនិយោគលើផ្ទៃដីទំហំ ១ ហិចតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងប៉ោយប៉ែត និងសាងសង់រោងចក្រទំហំ ៤,៨០០ ម៉ែត្រការ៉េ ដែលបុគ្គលិកធ្វើការចាប់បង្គុំគ្រឿងអេឡិចត្រូនិច និងផ្នែកផ្សេងៗទៀតសរុបចំនួន ១២០ នាក់។ លោក Noriya Mifune នាយកគ្រប់គ្រង Sumitronics Cambodia បានបង្ហាញថា ប្រទេសកម្ពុជាគឺជាតំបន់ដ៏មានសក្ដានុពលមួយសម្រាប់ការវិនិយោគ ប្រសិនបើមានដំណើរការអភិវឌ្ឍន៍ល្អ ដូចជាមានការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចឲ្យបានច្រើនជាដើម។ ហើយការវិនិយោគរបស់ Sumitronics មកប្រទេសកម្ពុជានេះ គឺដោយសារតែតម្លៃពលកម្មទាបសមរម្យ ខណៈប្រទេសថៃដែលនៅជិតខាងបានកើនឡើងតម្លៃពលកម្មជាលំដាប់ ធៀបជាមួយប្រទេសថៃ គឺកម្ពុជានៅទាបជាងជិតពាក់កណ្ដាល។ លើសពីនេះ កម្ពុជាមានកំណើនសេដ្ឋកិច្ចល្អ ហើយការវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងប៉ោយប៉ែតនេះ ក្រុមហ៊ុនក៏ចំណេញបាននូវការបន្ធូរបន្ថយពន្ធផងដែរ។ 

លោក Hiroshi Uematsu ជានាយកប្រតិបត្តិ នៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងក្រុងប៉ោយប៉ែត ក៏បានបន្ថែមផងដែរថា តំបន់សេដ្ឋកិច្ចពិសេសគឺបង្កើតឡើងសម្រាប់បម្រើនិងអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា។ ម្យ៉ាងវិញទៀត តំបន់សេដ្ឋកិច្ចក្រុងប៉ោយប៉ែត ជាតំបន់អំណោយផលបំផុត ដោយវាមានទំហំ ៧០ ហិចតា និងមានចម្ងាយត្រឹមតែ ៨ គីឡូម៉ែត្រប៉ុណ្ណោះពីច្រកព្រំដែនកម្ពុជា-ថៃ គេអាចធ្វើដំណើរទៅទីក្រុងបាងកកចំណាយពេលត្រឹមតែ ៤ ម៉ោងប៉ុណ្ណោះ។ លើសពីនេះទៀត តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត ក៏ជាច្រករបៀងសេដ្ឋកិច្ច ដើម្បីភ្ជាប់ទីក្រុងបាងកក និងទីក្រុងហូជីមិញផងដែរ ដូចនេះវាល្អបំផុតសម្រាប់ការវិនិយោគឧស្សាហកម្ម។ ដូចនេះហើយ នៅពេលខាងមុខ កម្ពុជានឹងអាចទទួលយកការវិនិយោគធំៗជាច្រើបន្ថែមទៀត ខណៈក្រុមហ៊ុនមួយចំនួនបានចាកចញពីប្រទេសថៃ ដើម្បីស្វែងរកឱកាសវិនិយោគក្នុងប្រទេសកម្ពុជាវិញ។ 

ជាចុងក្រោយ សូមបញ្ចាក់បន្ដិចថា នៅក្រុងប៉ោយប៉ែត ក៏មានតំបន់ឧស្សាហកម្មមួយផ្សេងទៀតផងដែរ គេហៅថា Techo Park Poi Pet ដែលក្នុងនោះក៏មានក្រុមហ៊ុនធំៗវិនិយោគផងដែរ ដូចជាក្រុមហ៊ុនផលិតគ្រឿងបង្គុំរថយន្ដ Toyota Tsusho Corp បានបើកដំណើការកាលពីឆ្នាំ ២០១៦ ជាឧទាហរណ៍។