នេះជាទិដ្ឋភាពការសាងសង់ស្ពានពាមទេរថ្មីក្នុងខេត្តក្រចេះ ដោយភ្នាក់ងារជប៉ុន!

ស្ពានពាមទេរ គឺជាស្ពានដែលស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ៧៣ កាត់ដៃទន្លេរមេគង្គ សម្រាប់ធ្វើដំណើរឆ្លងកាត់ (ឆ្លង-ក្រចេះ) នៅព្រំប្រទល់រវាងស្រុកចិត្របុរី និងក្រុងក្រចេះ។ ស្ពានពាមទេរ គឺជាស្ពានដែកបាឡេ មានប្រវែង ១៥០ ម៉ែត្រ ទទឹង ៤ ម៉ែត្រ ដែលមានសភាពទ្រុឌទ្រោមជាច្រើនឆ្នាំមកហើយ ថែមទាំងត្រូវបានបិទផ្អាកការធ្វើចរាចរណ៍បណ្ដោះអាសន្នជាញឹកញាប់ផងដែរ ដើម្បីការពារសុវត្ថិភាពក្នុងការធ្វើដំណើរ ជាពិសេសនៅក្នុងរដូវវស្សាដែលមានទឹកឡើងខ្លាំង ធ្វើឲ្យបាក់ច្រាំង និងសភាពទ្រុឌទ្រោមនៃស្ពាន។ 

កាលពីចុងខែតុលា ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ ស្ពានពាមទេរ ត្រូវបានផ្អាកដំណើរការម្ដងទៀត ដោយសារតែទឹកជំនន់ទន្លេមេគង្គបានឡើងដល់កម្ពស់ ២២.៧៣ ម៉ែត្រ ហើយបានស្រកទៅវិញ និងបង្ករឲ្យបាក់ច្រាំងនៅស្ពានពាមទេរនោះ ថែមទាំងបណ្ដាលឲ្យជើងទម្របេតុងទី ៤ នៃស្ពានមានសភាពទ្រេតប្រហែល ៣ ទៅ ៤ តឹក មិនអាចឲ្យយានយន្ដគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់នោះទេ ដើម្បីរង់ចាំការជួសជុលឡើងវិញ។ 

ដោយហេតុតែផលវិបាកខាងលើនេះហើយ ទើបក្រុមហ៊ុនសាងសង់ជប៉ុន តាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានព្យាយាមដុតដៃដុតជើងយ៉ាងខ្លាំង ក្នុងការស្ថាបនាស្ពានពាមទេរថ្មី ក្នុងខេត្តក្រចេះនោះ ឲ្យបានឆាប់រហ័សបំផុត ស្របពេលដែលទឹកទន្លេបានស្រកចុះទាប ងាយស្រួលធ្វើការក្នុងរដូវប្រាំងនេះ។ ព្រោះកន្លងមក ការបិទចរាចរណ៍ស្ពានពាមទេរ ផ្ដល់ផលវិបាកដល់រថយន្ដគ្រប់ប្រភេទ តម្រូវឲ្យជិះវាងរហូតដល់ជិត ១០ គីឡូម៉ែត្រឯណោះ។

បើតាមការចុះត្រួតពិនិត្យរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន គេបង្ហាញថា ស្ពាននេះគឺធ្វើក្នុងទំហំធំជាងមុន ដែលមានលទ្ធភាពឲ្យយានយន្ដបើកបរទៅមក ២ គន្លង ហើយគ្រឹះរឹងមាំងាយស្រួលបម្រើដល់ការដឹកជញ្ជូនទំនិញរបស់រថយន្ដធ្ងន់ៗផងដែរ។ 

យោងតាមការចុះផ្សាយរបស់ភ្នាក់ងារជប៉ុន JICA បានឲ្យដឹងថា ដំណើរការនៃការសាងសង់ស្ពានថ្មីនេះមានដំណើរការយឺតបន្ដិច ព្រោះតំបន់នៃខេត្តក្រចេះនោះ ជាតំបន់ដែលមានទឹកលិចខ្ពស់ស្ទើររៀងរាល់ឆ្នាំ ដែលមានផលវិបាកក្នុងបច្ចេកទេសសាងសង់ ជាក់ស្ដែងទឹកទន្លេរមេគង្គទើបតែចាប់ផ្ដើមស្រកក្នុងរយៈពេលប៉ុន្មានសប្ដាហ៍នេះប៉ុណ្ណោះ ប៉ុន្តែគេបានស្ថាបនាជើងទម្រស្ពានជិតរួចរាល់ហើយ។ ចំណែកឯគម្រោងបង្គុំដែកនៃស្ពានបាឡេខាងលើ អាចនឹងស្ថាបនារួចរាល់នៅក្នុង ខែកញ្ញា ឆ្នាំ ២០២០ ខាងមុខនេះ។ ហើយនៅក្រោយពីសម្ពោធស្ពានពាមទេរថ្មីនោះរួច ស្ពានពាមទេរចាស់ នឹងត្រូវកំទេចចោល មិនប្រើប្រាស់ទៀតនោះទេ ដោយសារតែសភាពចាស់ទ្រុឌទ្រោមរបស់វា។