ក្រុមហ៊ុនស្ថាបត្យកម្ម MVRDV កំពុងត្រៀមនឹងប្រែតំបន់មាត់ទឹកនៅក្នុងទីក្រុងសេអ៊ូល ឲ្យមានសភាពស្រស់បំព្រង និងកាន់តែទាក់ទាញ

ក្រុមហ៊ុន MVRDV បានបន្ថែមរចនាបថពណ៌បៃតងដ៏សំខាន់ដល់ទីក្រុងសេអ៊ូលរបស់កូរ៉េ រួចទៅហើយជាមួយនឹងការផ្លាស់ប្តូរផ្លូវហាយវ៉េ ដែលបានសាងសង់ឡើងនៅទសវត្សឆ្នាំ 1970s ទៅជាផ្លូវដែលព័ទ្ធជុំវិញដោយរុក្ខជាតិបៃតង ហើយឥឡូវនេះ ក្រុមហ៊ុនដដែលនេះគ្រោងនឹងធ្វើដូចគ្នាទៅនឹងតំបន់ជាប់មាត់ទឹកដ៏ធំមួយ នៅក្នុងទីក្រុងផងដែរ។ វាមានឈ្មោះថា “The Weaves” ដែលគម្រោងនេះនឹងចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ 2021 ខាងមុខនេះ។

The Weaves គឺជាលទ្ធផលនៃការប្រកួតប្រជែងផ្នែកស្ថាបត្យកម្ម ហើយនឹងត្រូវបានស្ថិតនៅចន្លោះអតីតពហុកីឡាដ្ឋានជាតិអូឡាំពិក របស់សេអ៊ូល នៅក្នុងស្រុក Jamsil និងតំបន់ពាណិជ្ជកម្មកណ្តាលដែលកំពុងតែរីកដុះដាលនៅ Gangnam ដោយបច្ចុប្បន្នវាក៏កំពុងគ្របដណ្តប់ដោយចំណតឡានធ្វើពីបេតុង និងផ្លូវហាយវ៉េ។

MVRDV កំពុងធ្វើការជាមួយនឹងក្រុមស្ថាបត្យករ NOW និងក្រុមស្ថាបត្យកម្ម Seoahn Total Landscape ដែលគ្រោងនឹងផ្លាស់ប្តូរផ្លូវទន្លេ ពីប្រឡាយត្រង់ទៅជាផ្លូវទឹកដែលមានទេសភាពធម្មជាតិពទ្ធជុំវិញ។ តំបន់ដែលនៅជុំវិញនេះ នឹងត្រូវដាំដើមឈើឲ្យបានច្រើនបំផុត ជាមួយនឹងប្រព័ន្ធទន្លេតូចៗ ហើយអាងទឹកតូចៗក៏នឹងបង្កើតនៅក្នុងបរិវេណនេះដែរ។ 

វាគឺជាគម្រោងដ៏ធំសម្បើមមួយ លាតសន្ធឹងលើចម្ងាយជាង 1 គីឡូម៉ែត ហើយនឹងរួមបញ្ចូលទាំងឧទ្យាន និងផ្លូវសម្រាប់អ្នកថ្មើរជើងឬជិះកង់ទៀតផង។ ផ្លូវមួយខ្សែដ៏ធំនេះ ហាក់ដូចជាធ្វើឱ្យទីក្រុងសេអ៊ូលបង្កើតជារចនាបថអក្សរវែងៗខណៈដែលផ្លូវផ្សេងទៀត នឹងប្រសព្វគ្នាដើម្បីបង្កើត ជាកន្លែងជួបជុំ និងទស្សនាទេសភាពដែលនៅជុំវិញ។ 

កន្លែងផ្សេងទៀតនឹងមានកន្លែងផ្លាហ្សា, កន្លែងទស្សនាទេសភាព ឬដើរលំហែកាន់តែច្រើន, amphitheaters, ហាងកាហ្វេ, និងកន្លែងផ្សេងៗទៀត។ លើសពីនេះទៀតផ្លូវឡើងទៅចំណោត ដែលមានស្រាប់នឹងប្រែទៅជាឧទ្យានដែលមានការកើតឡើងជាដំណាក់ៗ ហើយស្ពានថ្មីមួយនឹងតភ្ជាប់ស្រុក Gangnam ទៅកាន់តំបន់ពហុកីឡាដ្ឋានជាតិអូឡាំពិក។

លោក Winin Maas ដែលស្ថាបនិកមួយរូបរបស់ MVRDV មានប្រសាសន៍ថា “ទីក្រុងសេអ៊ូលកំពុងចាត់វិធានការ ដ៏អស្ចារ្យដើម្បីផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធពណ៌ប្រផេះដែលលែងប្រើ ទៅជាទីវាលបៃតងនិងតំបន់ទំនាក់ទំនងសង្គម។ "The Weaves គឺជាការរចនាមួយដែលបង្ហាញពីទេសភាពធម្មជាតិ គួបផ្សំជាមួយនឹងការចូលកម្សាន្តប្លែកៗគ្នា។ វាក៏ឆ្លើយតបទៅនឹងអត្តសញ្ញាណក្នុងតំបន់ផងដែរ។ Jamsil ត្រូវបានគេស្គាល់ដោយសារប្រវត្តិសាស្រ្តនៃការផលិតសូត្រ ហើយការរចនានេះបានរំលឹកឡើងវិញ នូវខ្សែស្រឡាយសូត្រដែលច្របូកច្របល់ កាលពីអតីតកាលក្នុងលក្ខណៈប្លែកនិងជាច្រើនផ្លូវផងដែរ។ គម្រោងនេះនឹងកែក្លាយតំបន់ទាំងនេះ ឲ្យមានមុខមាត់ថ្មី ជាមុខមាត់នៃរចនាបថធម្មជាតិ ដ៏គួរឲ្យទាក់ទាញជាទីបំផុត។

គួរបញ្ជាក់ផងដែរថា ការងារលើគម្រោងនេះត្រូវបានគេរំពឹងថានឹងអាចបញ្ចប់ នៅក្នុងឆ្នាំ 2024។