យន្តហោះ ដំណើរការដោយថាមពលអគ្គីសនី ១០០% ធ្វើការហោះហើរជាលើកដំបូងនៅកាណាដា

កាណាដា៖ យន្តហោះរាប់សិបម៉ឺនគ្រឿង បានកំពុងធ្វើចរាចរណ៍នៅលើផ្លូវអាកាសជារៀលរាល់ថ្ងៃ ជាមធ្យោបាយដឹកអ្នកដំណើរ មិនអាចខ្វះបានសម្រាប់ការឆ្លងដែន មានរយៈចម្ងាយឆ្ងាយ រាប់ពាន់ ឬម៉ឺនគីឡូម៉ែត្រ។ ការប្រើប្រាស់យន្តហោះ បានចោទឡើងជាបញ្ហាមួយចំនួន ដែលពិភពលោកកំពុងខិតខំលុបបំបាត់ ដោយធ្វើយ៉ាងណាបង្កើតយន្តហោះ ដែលមានសមត្ថភាពកាត់បន្ថយឧស្ម័នពុល ចូលទៅកាន់ស្រទាប់បរិយាកាស ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ព្រោះថាសព្វថ្ងៃនេះស្រទាប់អូហ្សូន (OZONE) បានកំពុងទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង។

ការមកដល់នៃយន្តហោះដឹកអ្នកដំណើរ ដែលមិនប្រើប្រាស់ប្រេងសាំង ហើយបញ្ចេញឧស្ម័នពុល កាបោន (Carbon Dioxide) ចូលទៅកាន់បរិយាកាស នឹង មិនមកដល់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះនោះទេ តែវាកំពុងស្ថិតក្នុងការច្នៃប្រឌិត និងអភិវឌ្ឍន៍ពីមួួយថ្ងៃទៅមួយថ្ងៃ។ ទោះបីជា វានឹងមិនកើតឡើងឆាប់នេះក៏ដោយ តែយន្តហោះខ្នាតតូច ដែលដំណើរការដោយថាមពលអគ្គិសនីសុតសាទ ត្រូវបានធ្វើតេស្ដហោះហើរជាផ្លូវការហើយ កាលពីពេលថ្មីៗកន្លងទៅនេះនៅឯប្រទេសកាណាដា។ ប្រភពព័ត៌មានអន្តរជាតិបានចេញផ្សាយឲ្យដឹថា យន្តហោះធនតូចលើកដំបូងរបស់ពិភពលោក ដែលមិនប្រើប្រេងសាំង បានធ្វើការហោះហើរជាផ្លូវការនៅ Vencouver ជាទីក្រុងធំមួយរបស់កាណាដា ដើម្បីបង្ហាញទៅដល់ពិភពលោក នូវការច្នៃប្រឌិតខ្ពស់ ដែលយើងកំពុងដើរទៅរក។

ប្រភពដដែល បានឲ្យដឹងទៀតថា យន្តហោះធនតូច ដំណើរការដោយថាមពលអគ្គិសនីនោះ ត្រូវបានឌីហ្សាញ និងបង្កើតឡើងដោយក្រុមហ៊ុនឯកជនមួយមានឈ្មោះថា magniX បានសហការណ៍ជាមួយក្រុមហ៊ុន Harbour Air ក្នុងការផលិតម៉ាស៊ីនដើរដោយថាមពលអគ្គិសនីនេះឡើង ហើយជាលទ្ធផល វាពិតជាអាចដំណើរការបានពិតប្រាកដមែន។ យ៉ាងណាក៏ដោយ ការចំនាយពេលផលិតម៉ាស៊ីនយន្តហោះខ្នាតតូច ដំណើរការដោយថាមពលអគ្គិសនីនេះ ចំនាយពេលប៉ុន្មាន ហើយជួបការលំបាកអ្វីខ្លះនោះមិនត្រូវបានលាទត្រដាងនៅឡើយទេ តែវាពិតជាអាចដំណើរការ តាមការរំពឹងទុកពិតមែន ព្រោះការធ្វើតេស្ដហោះហើរជាលើកដំបូងនោះ ធ្វើឡើងក្នុងរយៈពេល ១៥ នាទី អាចដឹកអ្នកដំណើរក្នុងកាបីនចំនួន ០៦ នាក់ផ្សេងទៀត។

ជុំវិញការធ្វើតេស្ដហោះហើរសាកល្បង លើកដំបូងនេះលោក MacDougall ជាអ្នកបើក និងអ្នកផលិតម៉ាស៊ីនជាមួយក្រុមហ៊ុន Harbour Air បានធ្វើការហោះហើរនៅលើផ្ទៃទឹកសមុទ្រ នៅក្បែអាកាសយានដ្ឋាន Vancouver International Airport មានការចូលរួមពីក្រុមការងារ និងអ្នករស់នៅក្បែតំបន់នោះ រួមជាមួយអ្នកយកព័ត៌មានអន្តរជាតិជាច្រើន។ ជាលទ្ធផលការធ្វើតេស្ដ ហោះហើរដោយម៉ាស៊ីននោះ ពិតជាទទួលបានជោគជ័យ ហើយ Harbour Air ក៏នឹងបន្តធ្វើការអភិវឌ្ឍន៍ម៉ាស៊ីននេះឲ្យមានសមត្ថភាពកាន់តែប្រសើរជាងនេះបន្ថែមទៀត សម្រាប់រយៈពេលប៉ុន្មានឆ្នាំទៅមុខនដោយសង្ឃឹមថា យន្តហោះធមមធ្យម នឹងមានម៉ាស៊ីននេះបំពាក់សម្រាប់ការហោះហើរនាពេលអនាគត រហូតឈានទៅដល់យន្តហោះធនធំៗ ដែលនឹងជួយសន្សំសំចៃថវិការរាប់ពាន់លានដុល្លារអាមេរិក។