អបអរសាទរខួបលើកទី ២៧ ការដាក់បញ្ចូលក្រុមប្រាសាទអង្គរ ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក (១៩៩២-២០១៩)

ក្រុមប្រាសាទបុរាណខ្មែររាប់ពាន់ ត្រូវបានកប់ក្នុងព្រៃជ្រៅ បន្ទាប់ពីការចាកចោលក្រុងអង្គរកំឡុងសតវត្សទី ១៥ (គ្រឹស្តសរាជ ១៤៣១) មកកាន់ «ក្រុងចតុមុខ» វិញ ក្នុងរាជព្រះបាទពញាយ៉ាត បន្ទាប់ពីមានការឈ្លានពានពីសត្រូវជិតខាង បញ្ហាភូមិសាស្ត្រ បញ្ហាអាកាសធាតុ គ្រោះធម្មជាតិ និងកត្តាសេដ្ឋកិច្ចចុះខ្សោយ ជាដើម។ យ៉ាងណាមិញ ក្រុមប្រាសាទបុរាណខ្មែរ ត្រូវបានធ្វើកំណាយរុករកឡើងវិញក្នុងកំឡុងសម័យអាណានិគមបារាំង ចុងសតវត្សទី ១៩ និងសតវត្សទី ២០ ដោយអ្នកបុរាណវិទ្យា និងធ្វើការស្រាវជ្រាវសិក្សាពីប្រវត្តិសាងសង់ប្រាសាទ រហូតដល់បានរៀបចំជាឯកសារគ្រប់គ្រាន់ និងបានដាក់បញ្ជូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក នៅអង្គការយូណេស្កូ ចាប់ពីឆ្នាំ ១៩៩២ ដោយចាប់ផ្ដើមដំបូងចេញពីក្រុមប្រាសាទអង្គរ។ 

ក្រុមប្រាសាទអង្គរ ដែលកាលពីសម័យអាណាចក្រខ្មែរស្ថិតក្នុងរាជធានី «យសោធបុរៈ» គឺជាសម័យកាលដ៏រុងរឿងបំផុតប្រចាំប្រវត្តិសាស្ត្រកម្ពុជា ក្នុងនោះឥទ្ធិពលនៃអរិយធម៌ខ្មែរ សិល្បៈ សាសនា និងស្ថាបត្យកម្មសំណង់ធំៗ មានភាពល្បីល្បាញខ្លាំងជាងគេបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ ចំណែកផ្នែកនយោបាយក៏បានពង្រីកទឹកដីលាតសន្ធឹងធំជាងគេផងដែរ។ 

ក្រុមប្រាសាទអង្គរ គឺជាភ័ស្ដុតាងបង្ហាញយ៉ាងច្បាស់អំពីភាពរុងរឿងនៃអាណាចក្រខ្មែរ ចាប់ពីសតវត្សទី ៩ មកដល់សតវត្សទី ១៥ (គ្រឹស្ដសរាជ ៨០២-១៤៣១) ហើយជាពិសេសគឺប្រាសាទអង្គរវត្ត ដែលត្រូវបានក្លាយទៅជានិមិត្តរូបតំណាងប្រទេសកម្ពុជាស្ថិតជាប់លើទង់ជាតិខ្មែររហូតមក។ 

ក្រុមប្រាសាទអង្គរ ត្រូវបានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ១៩៩២ នាទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក ក្រោមព្រះរាជតម្រិៈដ៏ថ្លៃថ្លា និងឈ្លាសវៃ នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានធ្វើការអំពាវនាវទៅកាន់អង្គការយូណេស្កូ សុំឲ្យជួយស្រោចស្រង់ការពារក្រុមប្រាសាទអង្គរ។ 

ឆ្លើយតបនិងការអំពាវនាវ នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បន្ទាប់ពីការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក សន្និសីទអន្តរជាតិមួយបានប្រារព្ធធ្វើឡើងនៅទីក្រុង តូក្យូ ចាប់ពីថ្ងៃទី ១២-១៣ ខែតុលា ឆ្នាំ ១៩៩៣ ក្រោមការផ្តួចផ្តើមគំនិតរបស់រាជរដ្ឋាភិបាលជប៉ុន ដោយមានការគាំទ្រពីប្រទេសបារាំង និងអង្គការយូណេស្កូ ដើម្បីដាក់ចេញនូវយុទ្ធសាស្រ្តនិងផែនការសកម្មភាពនានាជាប្រយោជន៍ដល់កិច្ចការពារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដើម្បីសម្រេចគោលដៅនេះ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ ត្រូវបានបង្កើតឡើងនាខែធ្នូ ឆ្នាំ ១៩៩៣ ដើម្បីអភិរក្សថែរក្សាក្រុមប្រាសាទអង្គររហូតមកដល់សព្វថ្ងៃ។

មកដល់ពេលនេះ ក្រុមប្រាសាទបុរាណខ្មែរ ត្រូវបានបញ្ជូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកចំនួន ៣ ហើយដោយក្នុងនោះរួមមាន ក្រុមប្រាសាទអង្គរ (១៩៩២), ប្រាសាទព្រះវិហារ (២០០៨), និងប្រាសាទសំបូរព្រៃគុហ៍ (២០១៧)។ ដូចនេះយើងសង្ឃឹមថា កម្ពុជានឹងមានក្រុមប្រាសាទជាច្រើនទៀត ដែលអាចដាក់បញ្ជូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក តាមរយៈការសិក្សាសំណង់ប្រវត្តិសាស្ត្រ និងអាចរៀបចំជាឯកសារផ្លូវការ ដាក់ស្នើទៅកាន់អង្គការយូណេស្កូ ដើម្បីក្លាយជាសម្បត្តិបេតិកភ័ណ្ឌរូបីប្រចាំប្រទេស បូករួមជាមួយការអភិរក្សនូវសំណង់សម្បត្តិរបស់បុព្វបុរសខ្មែរឲ្យបានគង់រង្សផងដែរ។ 

 

ប្រភព៖ Royal du Cambodge