តម្រូវការថាមពលអគ្គិសនី បន្តកើនឡើងជាលំដាប់ ដោយឆ្នាំ ២០១៩ កន្លងទៅកើនឡើងដល់ ៣,៣៨២ មេហ្គាវ៉ាត់

ភ្នំពេញ៖ តម្រូវការថាមពលអគ្គិសនីនាពេលបច្ចុប្បន្ន កំពុងតែមានការកើនឡើងខ្ពស់ជាលំដាប់ រហូតមកដល់ដើមឆ្នាំ ២០២០ នេះ កម្ពុជាទាំងមូលនៅមានតម្រូវការថាមពលបន្ថែមដដែល ពិសេសនៅរាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងក្រុងសៀមរាប ជាអាទិ៍។ ស្ថិតក្នុងតំណាក់កាល នៃតម្រូវការថាលពលបន្ថែមនេះ រដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័ត្តទៅលើគម្រោងអភិវឌ្ឍរោងចក្រផលិតថាមពលអគ្គិសនីជាច្រើន ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការបច្ចុប្បន្ន។

យោងតាមប្រភពព័ត៌មាន របស់ក្រសួងរ៉ែ និងថាមពល ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៅឆ្នាំទី១ នៃអាណត្តិប្រមូលផលរបស់ក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ នៅទីស្ដីការរបស់ក្រសួងផ្ទាល់ បានឲ្យដឹងថា ការផ្គត់ផ្គង់ថាមពលអគ្គិសនីពីប្រភពផ្សេងៗមានទំហំសរុបកើនឡើងដល់ ៣,៣៨២ មេហ្គាវ៉ាត់ ក្នុងឆ្នាំ ២០១៩ កន្លងទៅ គិតជាភាគរយស្មើនឹងកំណើន ២៨% បើធៀបទៅនឹងឆ្នាំ២០១៨។ កំណើនផ្គត់ផ្គង់អគ្គិសនីដែលស្ទុះខ្លាំងនេះ គឺដោយសារតម្រូវការនៃការប្រើប្រាស់របស់ប្រជាពលរដ្ឋដែលកើនឡើង ស្របតាមការរីកចម្រើននៃប្រទេសជាតិ។

មិនតែប៉ុណ្ណោះ តួលេខរបស់ក្រសួងរ៉ែ និងថាមពល បានបង្ហាញថា គិតត្រឹមឆ្នាំ ២០១៩ ប្រភពថាមពលធំៗ ដែលកំពង់ដំណើរការ និងផ្គត់ផ្គង់ទៅដល់ទីផ្សារ រួមមានវារីអគ្គិសនីចំនួន ០៧ ដែលមានអានុភាពសរុប ១,៣២៨ មេហ្គាវ៉ាត និងស្ថានីយអគ្គិសនីដុតធ្យូងថ្មចំនួន ០៣ អានុភាពសរុប ៦៧៥មេហ្គាវ៉ាត។ ជាងនេះទៅទៀត ថាមពលបានមកពីរោងចក្រដុតប្រេងខ្មៅ និងម៉ាស៊ូត ដែលមានអានុភាព ៦២៧ មេហ្គាវ៉ាត ថាមពលកកើតឡើងវិញ តាមរយៈថាមពលសូឡា (ពន្លឺព្រះអាទិត្យ) មានអានុភាព ១២៣ មេហ្គាវ៉ាត និងថាមពលនាំចូលពីប្រទេសជិតខាង រួមមានប្រទេសថៃ វៀតណាម និងឡាវ មានអានុភាព ៦២៦ មេហ្គាវ៉ាត។

ស្ថិតក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា៖ “ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ថាមពលដែលមាននិន្នាការកើនឡើង រដ្ឋាភិបាលកំពុងស្វែងរកប្រភពថាមពលមកពីច្រើនប្រភព ដើម្បីភ្ជាប់ចូលបណ្តាញជាតិ ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងការប្រើប្រាស់របស់ប្រជាពលរដ្ឋ ឱ្យមានតម្លៃទាប”។ ដោយមានចក្ខុវិស័យវែងឆ្ងាយ និងត្រូវមានយុទ្ធសាស្ត្រ ក្នុងការដោះស្រាយបញ្ហាប្រឈម នៃតម្រូវការប្រើប្រាស់ថាមពល រាជរដ្ឋាភិបាល កាលពីឆ្នាំ ២០១៩ កន្លងទៅ បានអនុម័តគម្រោងផលិតកម្មថាមពលជាច្រើន ដោយក្នុងនោះ មានគម្រោងផលិតអគ្គិនសីដោយថាមពលព្រះអាទិត្យ ៦គម្រោង រោងចក្រអគ្គិសនីដុតធ្យូងថ្ម១គម្រោង រោងចក្រអគ្គិសនីដុតប្រេងខ្មៅ និងឧស្ម័ន ១គម្រោង និងគម្រោងវារីអគ្គិសនី ១គម្រោង ដែលមានអនុភាព ១,៥០០ មេហ្គាវ៉ាតផងដែរ។ ម្យ៉ាងកាលពីពេលថ្មីៗកន្លងទៅនាដើមខែកុម្ភៈនេះ រដ្ឋាភិបាលបានសម្រេចអនុម័តលើគម្រោងរោងចក្រផលិតថាមពលអគ្គិសនីថ្មីៗ បន្ថែមទៀត ស្ថិតក្នុងគម្រោងអភិវឌ្ឍននៃរង្វង់ទឹកប្រាក់ជាង ១,៧០០ លានដុល្លារអាមេរិក៕

 

ប្រភព៖ ក្រសួងរ៉ែ និងថាមពល