បញ្ហា 5 យ៉ាងដែលជារឿយៗតែងតែកើតឡើងនៅក្នុងដំណើរកម្សាន្តរបស់អ្នក ហើយនេះជាវិធីដើម្បីចៀសវាងបញ្ហាទាំងនោះ

ជារឿយៗ ការធ្វើដំណើរកម្សាន្តទៅកាន់ទីតាំងណាមួយ គឺជាបទពិសោធន៍ដែលធ្វើឲ្យអ្នកទទួលបានការសម្របខ្លួនទៅកាន់មជ្ឈដ្ឋានខុសៗគ្នា ជម្រះអារម្មណ៍មិនល្អចោល និងជាពិសេសនោះ វាក៏ធ្វើឲ្យអ្នកទទួលបានការចងចាំដ៏ល្អៗផងដែរ។ ប៉ុន្តែទន្ទឹមនឹងនេះដែរ នៅមានមនុស្សខូចខិលមួយចំនួនទៀត នៅតាមមជ្ឈដ្ឋានទេសចរណ៍ជាច្រើនកំពុងរង់ចាំឃ្លាំមើល ភ្ញៀវទេសចរអន្តរជាតិ ដែលមិនយល់ដឹងពីតំបន់របស់ខ្លួន និងធ្វើការកេងប្រវ័ញ្ចពីពួកគេទាំងនោះ។

ដើម្បីប្រាកដថាដំណើរកម្សាន្តថ្ងៃសម្រាករបស់អ្នក គឺជាថ្ងៃរីករាយ និងដើរតាមគម្រោងដែលអ្នកបានព្រាងទុកនោះ សូមរក្សាការប្រយ័ត្នខ្ពស់ ចំពោះការឆបោកទូទៅទាំងនេះ៖

 

1. អ្នកបើករថយន្តឈ្នួល មិនល្អ

ក្រុមហ៊ុនរថយន្តឈ្នួលវាស់ម៉ែត្រ ភាគច្រើនត្រូវបានគេរាយការណ៍មកថា កេងបន្លំអតិថិជនរបស់ខ្លួន នៅជុំវិញពិភពលោក។ អ្នកបើកបរនឹងអះអាងថាម៉ែត្រខូច ហើយថ្លៃអ្នកខ្ពស់។ បើតាមប្រភពពី USA Today វិញបានលើកឡើងថា អ្នកបើកបរខ្លះឆបោកអតិថិជន ដោយបានលួចសារ៉េកុងទ័រវាស់ម៉ែត្រឲ្យដើរលឿន និងងាយទារប្រាក់ពីអតិថិជនឲ្យបានច្រើនទៀតផង។

សម្រាប់ដំណោះស្រាយគឺ៖ កក់តាកស៊ី ឬរថយន្តឈ្នួលដោយផ្ទាល់ពីសណ្ឋាគារ ឬភោជនីយដ្ឋានល្បីៗដែលអ្នកធ្លាប់ស្គាល់ ឬអ្នកបានកំពុងតែកក់ស្នាក់នៅដែរ។ មួយវិញទៀត ត្រូវលួចមើលកុងទ័ររបស់រថយន្តឈ្នួល ឬតាក់ស៊ីម៉ែត្រនោះថា តើពេលដែលកំពុងឈប់ស្តុប កុងទ័រមាននៅដើរទៀតដែរអត់?

 

2. ក្រុម Tour បោកប្រាស់

បើអ្នកទៅដើរកម្សាន្តទីណាដែលមាន Tour អ្នកនាំផ្លូវនោះ វាជារឿងល្អ និងបានយល់ដឹងកាន់តែច្បាស់ពីទីកន្លែងនីមួយៗ ប៉ុន្តែអ្នកធ្វើដំណើរត្រូវតែមានការយល់ដឹងពី Tour ក្លែងក្លាយ ដែលអាចបញ្ឆោតអ្នកទៅកាន់ទីណាមួយ ដែលនឹងចំណាយប្រាក់អស់ច្រើន ឬអាចចាប់ចំរឹតទារប្រាក់អ្នកទៀតក៏មាន។ 

ដើម្បីចៀសវាងពីបញ្ហានេះ គឺអ្នកត្រូវតែធានាថា អ្នកបានជួល Tour ពីក្រុមហ៊ុនធំច្បាស់លាស់ មានការណែនាំទុកចិត្ត មានបណ្ណសម្គាល់ខ្លួន និងការពិនិត្យច្បាស់លាស់ និងស្នើសុំយោបល់ ឬសួរពីទិសដៅដែលនឹងត្រូវធ្វើដំណើរទៅ មុននឹងចាប់ផ្តើម Tour។

 

3. ប៉ូលីសក្លែងក្លាយ

ប៉ូលីសក្លែងក្លាយគឺជារឿងធម្មតាទៅហើយ ដែលកើតមាននៅជុំវិញពិភពលោក ហើយជារឿយៗអ្នកដំណើរអាចនឹងក្លាយជាជនរងគ្រោះ ដោយសារតែអាជ្ញាធរក្លែងក្លាយ ដែលមានចេតនាបង្កាច់បង្ខូចអ្នក និងទៀមទារជម្រិតយកលុយពីអ្នកថែមប៉ុណ្ណោះ។ ប៉ូលីសខ្លះទៀត ទៀមទារពិនិត្យលិខិតឆ្លងដែនរបស់អ្នក រួចមិនព្រមឲ្យវិញ ចេតនាក្នុងការឲ្យអ្នកជូនប្រាក់ទៅពួកគេ។

ដំណោះស្រាយមួយដែលផ្តល់ជូនដោយគេហទំព័រ ABC.net.au គឺមិនត្រូវប្រគល់ទ្រព្យសម្បត្ដិរបស់អ្នក មុនពេលឃើញអត្តសញ្ញាណប៉ូលីស ឬស្នើឱ្យទៅដល់ប៉ុស្តិ៍ប៉ូលីសតែម្តង ដើម្បីវាយតំលៃនូវការចោតប្រកាន់របស់ពួកគេ នៅក្នុងប៉ុស្តិ៍ប៉ូលីសតែម្តង។

 

4. Wi-Fi ក្លែងក្លាយ

វ៉ាយហ្វាយអាចរកបាននៅស្ទើរតែ គ្រប់ទីសាធារណៈ ប៉ុន្តែទស្សនាវដ្តី Forbes បានព្រមានអ្នកធ្វើដំណើរ នៅតាមព្រលានយន្តហោះថា វ៉ាយហ្វាយដែលអាចត្រូវបានប្រើជាឧបករណ៍សម្រាប់លួចអត្តសញ្ញាណ បង្កើតឡើងដោយជនខិលខូចទៅវិញ។

អ្នកបោកប្រាស់នឹងបង្កើត វ៉ាយហ្វាយដែលមានឈ្មោះស្ទើរតែដូចគ្នា ទៅនឹងវ៉ាយហ្វាយរបស់ព្រលានយន្តហោះ បន្ទាប់មកចូលប្រើព័ត៌មានផ្ទាល់ខ្លួន ពីអ្នកដែលចូលប្រើវ៉ាយហ្វាយនោះតែម្តង។

ដំណោះស្រាយដែលបានណែនាំសម្រាប់វិធីមួយនេះ គឺជាការទាមទារឲ្យមាន ការយកចិត្តទុកដាក់។ ដោយសារអាកាសយានដ្ឋានភាគច្រើនមានឈ្មោះ Wi-Fi ដូចទៅនឹងអាកាសយាន្តដ្ឋានរបស់គេតែម្តង អ្នកត្រូវប្រាកដថាចាំមើលឈ្មោះ copycat ដែលមានលក្ខណៈដូចគ្នាបេះបិទ ហើយប្រការដែលល្អនោះ អ្នកត្រូវសុំវ៉ាយហ្វាយ ពីបុគ្គលិកនៅក្នុងអាកាសយានដ្ឋានតែម្តង។

 

5. ចោរលួចទូរសព្ទ ឬកាមេរ៉ាពេលថតរូប

វាជារឿងធម្មតាហើយ ដែលក្នុងដំណើរកម្សាន្តណាមួយ អ្នកប្រាកដជាត្រូវការថតរូបជួបជុំ ក្នុងការផ្តិតយកទេសភាពនៅជុំវិញខ្លួន ក៏ដូចជាសកម្មភាពសប្បាយៗផងដែរ។ ដោយឡែកគេហទំព័រ Traveller.com បានព្រមានមកថា ចោរមួយចំនួនអាចនឹងចូលទៅជិតអ្នកដំណើរ ដោយធានាថាពួកគេជួយថតរូបឲ្យ ប៉ុន្តែពេលបានកាមេរ៉ា ឬទូរសព្ទដល់ដៃហើយនោះ ពួកគេនឹងរត់ ឬគេចខ្លួនបាត់ស្រមោលភ្លាមៗ។

អ្នកអាចចៀសវាងបញ្ហានេះ ដោយមិនត្រូវប្រគល់កាមេរ៉ា ឬទូរសព្ទរបស់អ្នក ទៅមនុស្សចម្លែកមិនថាជាចេតនាធានារបស់ពួកគេ ឬអ្នកចង់ពឹងនរណាមួយឡើយ។ ប្រសិនបើអ្នកពិតជាត្រូវការរូបថតពិសេស ជុំគ្នាមែននោះ គប្បីទិញ selfie-stick ដែលមានដងវែងអាចថតរូបបានល្អទៅប្រសើរជាង។