ផ្លូវរថភ្លើងក្រោមដីនៅទីក្រុង ហូជីមិញ បានបញ្ចប់ការសាងសង់ និងគ្រោងបើកដំណើរការនៅឆ្នាំ ២០២១

វៀតណាម៖ ផ្លូវរថភ្លើងក្រោមដីលើកដំបូងគេរបស់វៀតណាម បានបញ្ចប់ការសាងសង់ជាផ្លូវការហើយ ក្រោយពីបានចំនាយពេលជាច្រើនឆ្នាំចាប់តាំងពីឆ្នាំ ២០១៤ មកម្លេះ ក្រោយការជីក ខួង សាងសង់ កាលពីពេលកន្លងទៅ។ ផ្លូវរថភ្លើងក្រោមដីនេះ ដើរតួយ៉ាងសំខាន់ ទៅដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនវៀតណាមបច្ចុប្បន្ន ដែលមានចំនួនច្រើន កំពុងរស់នៅក្នុងទីក្រុងហូជីមិញ។

ប្រភពព័ត៌មានក្នុងស្រុករបស់វៀតណាម ចេញផ្សាយកាលពីម្សិលមិញនេះបានឲ្យដឹងថា ផ្លូវក្រោមដី សម្រាប់ដាក់ឲ្យដំណើរការជាផ្លូវរថភ្លើងក្រោមដីដំបូង បានសាងសង់រួចរាល់ជាស្ថាពរហើយ គឺនៅតែតម្លើងផ្លូវដែក និងឧបករណ៍ គ្រឿងបរិក្ខារមួយចំនួន សម្រាប់សម្រួលទៅដល់ប្រតិបត្តិការរបស់រថភ្លើងតែប៉ុណ្ណោះ។ លោក Huynh Hong Thanh អគ្គនាយករងនៃរដ្ឋបាលទីក្រុងហូជីមិញ សម្រាប់គម្រោងផ្លូវដែក បានឲ្យដឹងដូច្នេះថា “ផ្លូវរថភ្លើងក្រោមដី Long Binh នឹងធ្វើការតភ្ជាប់ទៅកាន់ស្ថានីយកណ្ដាល សំខាន់ៗ ដែលជាទីប្រជុំជន មានប្រជាជនស្នាក់នៅច្រើន ដោយភ្ជាប់ពីសង្កាត់១ ទៅសង្កាត់ ៩”។

ផ្លូវរថភ្លើងក្រោមដីជាលើកដំបូងរបស់វៀតណាមមួយនេះ គឺរាប់បញ្ចូលស្ថានីយសំខាន់ៗចំនួន ១១ កន្លែង ដោយក្នុងនោះរួមមាន ៣ សំខាន់ៗ ស្ថិតនៅតំបន់ផ្សារ Ben Thanh ទីក្រុងភាពយន្ត និង Ba Son ក្នុងរយៈប្រវែង ២,៦ គីឡូម៉ែត្រ។ ដើម្បីទាញយកផលប្រយោជន៍បន្ថែម វៀតណាម ក៏បានរៀបចំនូវផ្លូវរថភ្លើងខាងលើផងដែរ ពោលគឺមានខ្សែរថភ្លើងរត់នៅក្រោមដីផង និងនៅលើដីផង ដែលរថភ្លើងលើដី ត្រូវបានបញ្ចប់ និងដាក់ឲ្យដំណើរការជាផ្លូវការ កាលពីឆ្នាំ ២០១៨ កន្លងទៅ ក្នុងការដឹកជញ្ជូន សម្រាប់ការផ្លាស់ប្ដូរទីកន្លែង ទៅកាន់តំបន់ផ្សេងៗទៀតបានមួយផ្នែកធំ។

គិតមកដល់ខែកុម្ភៈនេះគម្រោងក្រោមដី សម្រាប់រថភ្លើង Metro រដ្ឋាភិបាលវៀតណាមបានបញ្ជាក់ថា ការតម្លើងឧបករណ៍ផ្លូវដែក និងគ្រឿងបរិក្ខារសំខាន់ៗ គឺស្ថិតក្នុងកម្រិត ៨៥% ហើយ ដោយគម្រោងផ្លូវក្រោមដីទាំងមូល ត្រូវបានរំពឹងទុកថា នឹងអាចបញ្ចប់រួចរាល់ និងបើកឲ្យបម្រើសេវាកម្មជាស្ថាពរនៅក្នុងឆ្នាំ ២០២១ ខាងមុខ៕