បន្ទាប់ពីផ្ទុះមេរោគកូរ៉ូណា សិង្ហបុរីបាត់បង់ភ្ញៀវទេសចរណ៍ប្រហែល ២ ម៉ឺននាក់ក្នុងមួយថ្ងៃ!

ប្រទេសសិង្ហបុរី ទទួលបានភ្ញៀវទេសចរណ៍ជិត ២០ លាននាក់ក្នុងឆ្នាំ ២០១៩ កន្លងទៅ ប៉ុន្តែសម្រាប់ដើមឆ្នាំ ២០២០ វិស័យទេសចរណ៍នៅអាស៊ី ទទួលរងការវាយប្រហារយ៉ាងដំណំពីសំណាក់មេរោគកូរ៉ូណា ដែលសាយភាយមកពីប្រទេសចិន ហើយប្រទេសដែលធ្លាប់ទទួលភ្ញៀវទេសចរណ៍ចិនច្រើនដូចជាប្រទេសថៃ សិង្ហបុរី ឥណ្ឌូនេស៊ី នោះក៏កំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីឧស្សាហកម្មទេសចរណ៍ ដែលបានរួមចំណែកយ៉ាងធំក្នុងសេដ្ឋកិច្ចជាតិរបស់គេ។ 

របាយការណ៍ពី Singapore Tourism Board បានបង្ហាញឲ្យដឹងថា នៅក្នុងរយៈពេលដើមឆ្នាំ ២០២០ នេះសិង្ហបុរីបានបាត់បង់ភ្ញៀវទេសចរណ៍ចន្លោះចាប់ពី ១៨,០០០ នាក់ទៅ ២០,០០០ នាក់ក្នុងមួយថ្ងៃតិចជាងឆ្នាំមុន ជាលើកទី ១ ដែលប្រទេសសិង្ហបុរីធ្លាក់ទេសចរណ៍ច្រើនបែបនេះក្នុងរយៈពេលជិត ១៧ ឆ្នាំហើយបញ្ហានេះគឺវាប៉ះពាល់ធ្ងន់ធ្ងរជាងជំងឺ SARS ដែលធ្លាប់កើតមានតាំងពីឆ្នាំ ២០០៣ ទៅទៀត ហើយខាងក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរីរំពឹងថា អាចធ្លាក់ទេសចរណ៍ចន្លោះពី ២៥ ទៅ ៣០% នៅឆ្នាំនេះ ដែលគិតជាទឹកប្រាក់រាប់ពាន់លានដុល្លារ។

លោក Keith Tan នាយកប្រតិបត្តិនៃក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី លើឡើងប្រាប់សារព័ត៌មាន Bloomberg ថាវិស័យទេសចរណ៍នៅសិង្ហបុរី បានរួមចំណែកដល់សេដ្ឋកិច្ចជាតិយ៉ាងធំមួយ ដោយក្នុងនោះភ្ញៀវទេសចរណ៍ជនជាតិចិនមានចំនួនប្រហែល ២០% នៃចំនួនទេសចរណ៍សរុប ដែលច្រើនជាងភ្ញៀវទេសចរណ៍ជនជាតិឥណ្ឌូនេស៊ី និងឥណ្ឌា ហើយវាក៏ផ្ដល់ការងារនឹងប្រាក់ចំណូលយ៉ាងច្រើនដល់អ្នកធ្វើការងារ Guide ដែលនិយាយភាសាចិនកុកងឺជាង ១,៦០០ នាក់នៅសិង្ហបុរីផងដែរ។ លើសពីនេះទៀត ការធ្លាក់វិស័យទេសចរណ៍មិនមែនប៉ះពាល់តែសិង្ហបុរីនោះទេ ពោលវាប៉ះពាល់ដល់សណ្ឋាគារ, កាស៊ីណូ, ក្រុមហ៊ុនអាកាសចរណ៍, អ្នកផ្គត់ផ្គង់ទំនិញចែកចាយ -ល- ជុំវិញពិភពលោកតែម្ដង ព្រោះសេដ្ឋកិច្ចចិនមានអំណាចធំលំដាប់ទី ២ ហើយចំនួនប្រជាជនចិនដែលធ្វើដំណើរកម្សាន្ដជុំវិញពិភពលោកកាលពីឆ្នាំ ២០១៨ មានចំនួនដល់ជាង ១៦៣ លាននាក់ ដែលជាចំនួន ៣០% នៃអ្នកធ្វើដំណើរកម្សាន្ដជុំវិញពិភពលោក។ 

កាលពីឆ្នាំ ២០១៩ កន្លងទៅសិង្ហបុរីទទួលបានភ្ញៀវទេសចរណ៍សរុប ១៩.១ លាននាក់ ដែលក្នុងនោះចំនួនទឹកប្រាក់ដែលបានមកពីវិស័យទេសចរណ៍សរុប ២៧,១០០ លានដុល្លារសិង្ហបុរី (ប្រហែល ១៩,៥០០ លានដុល្លារអាមេរិច) ដែលមានន័យថា ក្នុងភ្ញៀវទេសចរណ៍ម្នាក់បានចំណាយទឹកប្រាក់នៅសិង្ហបុរីជាង ១,០០០ ដុល្លារអាមេរិច ជាមធ្យម។ ដូចនេះប្រសិនបើចំនួនភ្ញៀវទេសចរណ៍សិង្ហបុរីធ្លាក់ចុះប្រហែល ២៥% ទៅ ៣០% ដូចការព្យាករណ៍ទុកនោះ ផលិតផលក្នុងស្រុកសរុប ឬ GDP នឹងអាចធ្លាក់ចុះ ០.៥% នៅក្នុងឆ្នាំ ២០២០។ ជាក់ស្ដែង សិង្ហបុរីមានកំណើនសេដ្ឋកិច្ចត្រឹមតែ ០.៧% ប៉ុណ្ណោះកាលពីឆ្នាំ ២០១៩ ហើយដំណើរធ្លាក់ភ្ញៀវទេសចរណ៍នេះ គឺវាស្រដៀងទៅនឹងឆ្នាំ ២០០៣ ដែលមានការវាយលុកពីជំងឺ SARS ដែលកាលនោះសិង្ហបុរីធ្លាក់ភ្ញៀវទេសចរណ៍ប្រហែល ១៨% ទៅ ១៩%។