ហេតុអ្វីបានជាប្រទេសវៀតណាម ឈានមុខគេលើឧស្សាហកម្មផ្ទាំងសូឡានៅអាស៊ីអាគ្នេយ៍?

ប្រទេសវៀតណាម បានចាប់ផ្ដើមរីកចម្រើននូវឧស្សាហកម្មអគ្គិសនីផ្ទាំងសូឡាត្រឹមតែរយៈពេល ២ ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ដោយចាប់ផ្ដើមពីស្ទើតែចំណុចសូន្យនៅឆ្នាំ ២០១៨ ហើយដំណើរការអភិវឌ្ឍន៍ និងលទ្ធផលពិតជាលឿនហួសពីការរំពឹងទុក ព្រោះមកដល់ឆ្នាំ ២០២០ ឧស្សហកម្មអគ្គិសនីផ្ទាំងសូឡានៅប្រទេសវៀតណាម មានចំនួនធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍។

តាមរបាយការណ៍របស់ Wood Mackenzie បានបង្ហាញថា ផ្ទាំងសូឡានៅប្រទេសវៀតណាម មានចំនួនធំអាចផលិតថាមពលអគ្គិសនីបានដល់ ៥.៥ ជីហ្គាវ៉ាត់ ចំណែកឯរដ្ឋាភិបាលវៀតណាមវិញ ក៏មានការលើកទឹកចិត្ត និងទាក់ទាញដល់ការវិនិយោគក្រុមហ៊ុនផលិត និងប្រើប្រាស់ផ្ទាំងសូឡាច្រើនផងដែរ។ មូលហេតុនេះការរីកចម្រើនឧស្សាហកម្មផ្ទាំងសូឡាលឿនបែបនេះ ពីព្រោះតែប្រទេសវៀតណាម មានការប្រើប្រាស់ថាមពលច្រើនជាមួយតែការអភិវឌ្ឍន៍ប្រទេសយ៉ាងឆាប់រហ័ស ក្នុងនោះកំណើនចំនួនប្រជាជនច្រើន និងមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតមួយនៅអាស៊ីអាគ្នេយ៍ ដោយកាលពីឆ្នាំ ២០១៩ កំណើនសេដ្ឋកិច្ចវៀតណាមស្ថិតនៅខ្ទង់ ៦.៥% ហើយចំនួនប្រជាជនឡើងដល់ ៩៦.២ លាននាក់។

ទន្ទឹមនឹងប្រទេសវៀតណាម មានការវិនិយោគផ្ទាំងសូឡា និងការប្រើប្រាស់ផ្ទាំងសូឡាច្រើនបំផុតនៅអាស៊ីអាគ្នេយ៍នេះ គេក៏ឃើញមានផលវិជ្ជមានមួយចំនួនផងដែរ ព្រោះផ្ទាំងសូឡានៅតែមិនមែនជារោងចក្រថាមពលអគ្គិសនីគោលសម្រាប់ប្រទេសនោះទេ ព្រោះការប្រើប្រាស់ថាមពលដើរដោយធ្យូងថ្ម នៅតែជាធនធាននិងប្រភពផលិតថាមពលអគ្គិសនីដ៏សំខាន់នៅប្រទេសវៀតណាម ហើយរោងចក្រធ្យូងថ្មជាច្រើនទៀតក៏កំពុងតែសាងសង់ជាបន្ដបន្ទាប់ទៀត ដែលមានចំនួនច្រើនជាងរោងចក្រថាមពលផ្ទាំងសូឡាឆ្ងាយណាស់។ 

យ៉ាងណាមិញ ពិភពលោកបានបង្វែរទិសដៅច្រើនទៅលើថាមពលមិនចេះរីកស្ងួត (Renewable energy) ហើយកំពុងតែប្រើប្រាស់សាយភាយកាន់តែច្រើនឡើងនៅពាសពេញពិភពលោក ដោយប្រទេស និងក្រុមហ៊ុននានា ព្យាយាមយកចិត្តទុកដាក់ទៅលើការកាត់បន្ថយ បញ្ហាបំភាយកាបូនទៅបរិយាកាស ពិសេសនៅក្នុងសហគមន៍អឺរ៉ុប និងប្រទេសជឿនលឿននៅអាស៊ី។ ដូចនេះយើងរំពឹងថា ការប្រើប្រាស់អគ្គិសនីដើរដោយថាមពលមិនចេះរីកស្ងួត (Renewable Energy) នឹងមានប្រើប្រាស់កាន់តែច្រើនដល់ ៥០% នៅត្រឹមឆ្នាំ ២០៣៥ ខាងមុខ។