អ្នកវិទ្យាសាស្ត្រ កាណាដា រកឃើញថាទ្វីបមួយនេះមានទំហំធំជាងការប៉ាន់ស្មានពីមុនប្រហែល ១០% ឯណោះ

ប្រសិនបើយើងមើលទៅលើផែនទីពិភពលោក ៧០% នៃផែនដីទាំងមូលគឺជាមហាសមុទ្រ ចំណែកឯដីគោក និងដីកោះមានត្រឹមតែ ៣០% ប៉ុណ្ណោះ ហើយទ្វីបដែលមានផ្ទៃដីធំជាងគេគឺទ្វីបអាស៊ី ចំណែកឯទ្វីបតូចជាងគេគឺអូស្ត្រាលី។ ប៉ុន្តែមិត្តអ្នកអានប្រហែលជាធ្លាប់លឺមកហើយអំពីទ្រឹស្តីទ្វីបរសាត់ បានធ្វើឲ្យទំហំនិងសណ្ឋាននៃទ្វីប ប្រែប្រួលនៅក្នុងរយៈពេលរាប់លានឆ្នាំ។ សម្រាប់ប៉ូលខាងជើង ប្រទេសកាណាដា, ប្រទេសរុស្ស៊ី, ប្រទេស Greenland កាលពីមុនគឺជាទ្វីបទឹកកកមួយផ្ទាំងធំហើយត្រូវបានផ្ដាច់ចេញពីគ្នាដោយមហាសមុទ្រ។ 

ក្រុមអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ University of British Columbia (UBC) ទើបតែមានឱកាសបានស្រាវជ្រាវបន្ថែមទៅលើដុំពេជ្រដែលបានរកឃើញពីខេត្ត Chidliak Kimberlite Province កោះ Baffin Island ជាកោះធំជាងគេនៅប្រទេសកាណាដា ហើយការវិភាគទៅលើដុំពេជ្រនោះបង្ហាញអំពីសញ្ញាណថ្មីនៃការបែកបាក់ផ្ទៃដីនេះទ្វីប North Atlantic Craton ដែលស្ថិតនៅចន្លោះពីប្រទេស Scotland ចក្រភពអង់គ្លេស មកដល់ទ្វីបអាមេរិចខាងជើង ដែលបានផ្ដាច់ចេញពីគ្នាពី ១៥០ លានឆ្នាំមុន និងបានឃ្លាតកាន់តែឆ្ងាយគ្របដណ្ដប់ដោយមហាសមុទ្រអាត្លង់ទិចខាងជើង និងមហាសមុទ្រទឹកកក អាកទិច។ 

លោក Maya Kopylova សាស្ត្រាចារ្យវិទ្យាសាស្ត្រភូមិសាស្ត្រនៅសកលវិទ្យាល័យ UBC ដែលដឹកនាំលើគម្រោងស្រាវជ្រាវនេះបានឲ្យដឹងថា សណ្ឋានដី និងបរិមាណខនិជក្នុងផ្ទាំងថ្មដែលដុំពេជ្រនោះស្ថិតនៅ គឺជាដី North Atlantic Craton ដែលមានលក្ខណៈពិសេសប្លែកពីគេ មិនអាចច្រលំបានឡើយ។ លើសពីនេះទៀត វាក៏អាចបង្ហាញឲ្យឃើញថា សារធាតុមាននៅក្នុងដីដែលបានជីកនៅជម្រៅ ១០ គីឡូម៉ែត្រ ចេញពីតំបន់កោះ Baffin Island អាចវិភាគទៅដល់ថ្មដែលស្ថិតនៅជម្រៅ ២០០ គីឡូម៉ែត្រក្នុងស្រទាប់ផែនដីឯណោះ។ ដូចនេះគេរកឃើញថា ដីដែលភ្ជាប់ទ្វីបអាមេរិចខាងជើង រួមមានប្រទេសកាណាដានោះ វាមានទំហំធំជាងការប៉ាន់ស្មានពីមុនប្រហែល ១០% ពោលដីនៃបាតសមុទ្រមិនដាច់ចេញពីគ្នាឆ្ងាយក្នុងជម្រៅជ្រៅនោះឡើយ គឺវាគ្រាន់តែបានគ្រប់ដណ្ដប់ពីលើដោយទឹកតែប៉ុណ្ណោះ ខណៈពេលដែលកម្ពស់ទឹកសមុទ្រមានកំណើនឡើងជាលំដាប់ ជាពិសេសដោយសារការរលាយទឹកកកនៅអត្តគោលខាងជើង ហើយការរកឃើញនេះត្រូវបានចុះផ្សាយនៅលើ Journal of Petrology។