នេប៉ាល់ ប្រកាសដាក់ប្រទេសស្ថិតក្នុងភាពមានអាសន្ន ដើម្បីប្រយុទ្ធប្រឆាំនឹងការឆ្លងមេរោគ

នេប៉ាល់៖ បន្ទាប់ពីផ្ទុះឡើងនូវករណីទី ២ នៃការឆ្លងមេរោគ Covid-19 នៅក្នុងប្រទេសនេប៉ាល់ កាលពីថ្ងៃច័នញទី២៣ ខែមីនា កន្លងទៅរួចមក រដ្ឋាភិបាលប្រទេសនេះបានសម្រេច ចេញសេចក្ដីប្រកាស ដាក់ប្រទេសនេះស្ថិតនៅក្នុងភាពអាសន្ន (Lockdown) ក្នុងរយៈពេលខ្លី ក្នុងន័យប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនូវការឆ្លងមេរោគដ៏កាចសាហាវមួយនេះ។

ប្រទេសដែលមានព្រំដែនដីគោកជាប់ប្រទេសចិន និងឥណ្ឌាមួយនេះ ត្រូវបានរដ្ឋាភិបាលប្រកាសដាក់ឱ្យស្ថិតនៅក្នុងភាពមានអាសន្នរយៈពេលខ្លីត្រឹមតែ ០៧ ថ្ងៃ ដើម្បីធ្វើការតាមដាន និងប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគមួយនេះ។ ប្រភពព័ត៌មានអន្តរជាតិបានចេញផ្សាយឱ្យដឹងថា ការសម្រេចដាក់បិទប្រទេសមួយនេះ គឺដើម្បីសង្គ្រោះ និងធានាទៅដល់សុខភាពរបស់ប្រជាជនប្រមាណជា ៣០ លាននាក់ ដោយតាមរយៈនេះ ប្រជាជនគ្រប់រូប ក៏ដូចជាភ្ញៀវទេសចរណ៍ ដែលកំពុងមានវត្តមាននៅក្នុងទឹកដីរបស់ប្រទេសមួយនេះ មិនត្រូវបានអនុញ្ញាតឱ្យមានការបំលាស់ទី ឬធ្វើដំណើរផ្លូវឆ្ងាយនោះទេ។

ក្រោយពីមានការប្រកាសអំពីការបិទប្រទេសមួយនេះ តាមដងផ្លូវប្រែជាស្ងាត់ ដោយអាជ្ញាធរជម្រុញឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះតាមដែលអាចធ្វើទៅបានស្ថិតក្នុងគ្រាមានអាសន្នមួយនេះ។ ក្នុងនោះ សាលារៀន ការិយាល័យការងារ ផ្សារ ទីប្រជុំជន កន្លែងប្រមូលផ្ដុំមនុស្ស ក៏ដូចជាដងផ្លូវសាធារណៈ ត្រូវបានបិទរយៈពេលខ្លី ដោយការបំពាន នឹងត្រូវទទួលរងការផាកពិន័យផងដែរ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាល ក៏បញ្ជាឱ្យមានការបិទជើងហោះហើរក្នុង និងក្រៅស្រុក រាប់បញ្ចូលនូវមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ ឱ្យផ្អាកសកម្មភាពក្នុងរយៈពេលកំណត់ជាកំហិត។

យ៉ាងណាក៏ដោយ សិទ្ធិស៊ីវិលរបស់ប្រជាពលរដ្ឋ មិនត្រូវបានបិទមួយរយភាគរយឡើយ ពោលគឺត្រូវបានអនុញ្ញាតឲ្យចេញក្រៅផ្ទះ ដើម្បីទិញម្ហូប ឬឱសថ តាមតម្រូវការជាធម្មតា តែរាល់សេវាកម្ម ឬផលិតផល ដែលមិនមានភាពចាំបាច់ត្រូវបិទ។ គួរបញ្ជាក់ថា ប្រទេសនេប៉ាល់ បានផ្ទុះឡើងនូវករណី Covid-19 នេះចាប់តាំងពីខែមករាមកម្លេះ ដោយករណីនោះគឺកើតឡើងដោយសារតែមាននិស្សិតកំពុងសិក្សានៅទីក្រុង Wuhan ផ្ទាល់ ដែលបានឆ្លងមេរោគ តែត្រូវបានសំរាក និងព្យាបាលជាសះស្បើយឡើងវិញ ខណៈករណីទី២ ផ្ទុះឡើងកាលពីថ្ងៃទី១៧ ខែមីនា កន្លងទៅ ទៅលើនារីអាយុ ១៩ ឆ្នាំម្នាក់ ដែលធ្វើដំនើរតាមជើងហោះហើរពីប្រទេសបារាំង ដោយបច្ចុប្បន្នកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យ៕