មហាកំផែងប្រទេសចិន បើកដំណើរការឡើងវិញជាផ្លូវការហើយ ក្រោយបិទទ្វារអស់ ២ ខែ កន្លងទៅ

ប៉េកាំង៖ វាគឺជាភាពជោគជ័យដ៏ធំមួយរបស់ចិន ជុំវិញការប្រយុទ្ធប្រឆាំងនឹងមេរោគដ៏កាចសាហាវ Covid-19 ដែលបានផ្ទុះឡើងកាលពីចុងខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនៅក្នុងទីក្រុង Wuhan ប្រទេសចិន ដែលមកដល់ពាក់កណ្ដាលខែមីនា កន្លងទៅអត្រាអ្នកឆ្លងជម្ងឺនេះបានកាត់បន្ថយបានយ៉ាងច្រើន ពោលគឺករណីរៀតត្បាតត្រូវបានថយចុះគួរឲ្យកត់សម្គាល់។ នេះគឺជាភាពជោគជ័យ ដែលចិនបានសម្រេចគោលដៅដ៏ធំមួយនេះ ក្នុងន័យរក្សាឲ្យបាននូវអាយុជីវិតរបស់ប្រជាពលរដ្ឋនៅទូទាំងផ្ទៃប្រទេស ពិសេសអ្នកដែលបានឆ្លង ហើយបានជាសះស្បើយទៅវិញ។

ក្រោយពីទទួលបានភាគជោគជ័យក្នុងការគ្រប់គ្រងបញ្ហាឆ្លងមេរោគនេះ តំបន់សំខាន់ៗ ផ្លូវសាធារណៈ ផ្សារ ស្ថាប័នរដ្ឋ ឯកជន រមណីយដ្ឋាននានា បានចាប់ផ្ដើមបើកដំណើរការឡើងវិញហើយ ដោយក្នុងនោះរួមមានមហាកំផែងប្រទេសចិនផងដែរ ដែលជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏មានភាពល្បីល្បាញខ្លាំងបំផុតរបស់ចិន។ ក្រោយពីបិទទ្វារជាបណ្ដោះអាសន្ន ឈប់ទទួលភ្ញៀវទេសចរណ៍អស់រយៈពេលជិត ២ ខែកន្លងទៅ នៅទីបំផុតរមណីយដ្ឋានមួយនេះបានបើកទ្វារទទួលភ្ញៀវទេសចរណ៍ឡើងវិញហើយ ដែលធ្វើឡើងចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ដោយបើកចាប់ពីម៉ោង ៩ ព្រឹករហូតដល់ម៉ោង ៤ ល្ងាច ជារៀងរាល់ថ្ងៃ។

ប្រភពព័ត៌មានអន្តរជាតិបានឲ្យដឹងថា ក្រោយពីមានការបើកទទួលភ្ញៀវទេសចរណ៍ឡើងវិញនេះ សំបុត្រចូលទស្សនាចំនួន ៨៩២ សន្លឹកត្រូវបានលក់ដាច់ ដោយនេះគ្រាន់តែថ្ងៃដំបូង នៃការចាប់ផ្ដើមដំណើរការឡើងវិញប៉ុណ្ណោះ។ រាល់ភ្ញៀវទេសចរណ៍ ដែលចង់មកកំសាន្តតម្រូវឲ្យទិញសំបុត្រ តាមរយៈប្រព័ន្ធអេឡិកត្រូនិច តាមគេហទំព័រ ឬតាមបណ្ដាញសង្គម Wechat ដោយតម្រូវឲ្យបំពេញព័ត៌មានផ្ទាល់ខ្លួន លេខកូដ បង្ហាញអំពីស្ថានភាពខុសភាពជាដើម និងត្រូវធ្វើការឆែកសុខភាពបន្ថែមទៀត ដូចជាវាស់កម្ដៅជាអាទិ៍មុននឹងអនុញ្ញាតឲ្យចូល។ អាជ្ញាធរចិនទទួលបន្ទុក បានបង្ហាញពីផលវិជ្ជមានថា ចំនួននេះនឹងបន្តកើនឡើងបន្ថែមទៀតគឺមិនយូនោះទេ ចំនួនអ្នកមកទស្សនា និងកំសាន្តនៅមហាកំផែង នឹងកើនឡើងដល់កម្រិតធម្មតាដូចឆ្នាំទៅមិញផងដែរ។ 

ជុំវិញការបើកឲ្យដំណើរការឡើងវិញនៃមហាកំផែងប្រវត្តិសាស្ត្រមួយនេះ អាជ្ញាធរចិន ក៏បានអនុវត្តនីតិវិធីថ្មីតាមរយៈការដាក់ចេញនូវវិធានការទប់ស្កាត់ មិនឲ្យមានការជួបជុំរវាងភ្ញៀវទេសចរណ៍ឡើយ ពោលគឺជាបែបបទទេសចរណ៍ បង្កើតឡើងសម្រាប់ការដើរមើល ទស្សនា ជាជាងការជួបជុំ ឬមានការប្រមូលផ្ដុំមនុស្ស។ ម្យ៉ាងវិញទៀតតំបន់ផ្សេងៗទៀតដូចជា China Great Wall Museum, Ancient Creat Wall និងកន្ត្រកខ្សែកាប្លិ៍ មិនទាន់បើកឲ្យដំណើរការឡើងវិញនៅឡើយទេ តែគ្រោងនឹងបើកឆាប់ៗខាងមុខនេះអាស្រ័យទៅលើស្ថានភាពស្រុកទេសផ្ទាល់។ គួរបញ្ជាក់ថា អាជ្ញាធរចិន បានយកចិត្តទុកដាក់ និងធ្វើការត្រួតពិនិត្យយ៉ាងសកម្ម ទៅលើសកម្មភាពរបស់ភ្ញៀវទេសចរណ៍ ដើម្បីបញ្ជៀសនូវរាល់ហានិភ័យផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕