កន្លែងស្នាក់នៅ មានទីតាំងនៅ New Jersey ដែលមានរាងជាសត្វដំរី អាចរាប់បញ្ចូលជាទីតាំងដែលផ្តល់អារម្មណ៍ប្លែកបំផុតមួយនៅលើ Airbnb

នៅពេលដែលយើងនិយាយពីរមណីយដ្ឋាន ឧទ្យានកម្សាន្ត ឬកន្លែងស្នាក់នៅសម្រាប់ជួលសម្រាក នៅក្នុងដំណើរកម្សាន្តណាមួយនោះ យើងអាចគិតដល់ Airbnb ដែលជាប្រភពមួយផ្តល់កន្លែងស្នាក់នៅស្អាតៗ រាប់មិនអស់ ប៉ុន្តែទាំងអស់នោះ អាចនឹងមិនប្លែកដូច ទីតាំងមួយនេះឡើយ។

“Lucy the Elephant” គឺជាទីតាំងស្នាក់នៅ ដ៏ទាក់ទាញនៅក្នុងរដ្ឋ New Jersey នៃសហរដ្ឋអាមេរិក។ វាមិនមែនជាសត្វដំរីពិតប្រាកដ ដែលអាចធ្វើចលនា ឬកំរើកបាន ដូចដែលបានឃើញនៅតាមទ្វីបអាហ្វ្រិក ឬអាស៊ីនោះទេ ប៉ុន្តែវាគឺជាអគារស្នាក់នៅកម្ពស់ 6 ជាន់ ដែលដើមឡើយ ធ្លាប់បានគេហៅថា “Margate” នៃ New Jersey តាំងពីសតវត្សទី 19 មកម៉្លេះ។ 

រចនាបថនេះ ត្រូវបានសាងសង់ដំបូងនៅក្នុងឆ្នាំ 1881 ដែលមានរាងជាសត្វដំរីដ៏ធំសំបើម ហើយត្រូវបានផ្តល់ជា កន្លែងស្នាក់នៅបែបឯកជន ថែមទាំងបានស្ថិតនៅលើឧទ្យានជាតិ ដែលបានចុះនៅក្នុងបញ្ជីប្រវត្តិសាស្ត្រទៀតផង។

 

គួររំលឹកផងដែរថា និមិត្តរូបដំរីនៅក្នុង Garden State នេះ បានធ្លាក់ចុះប្រជាប្រិយភាព ហើយស្ទើរតែត្រូវបានកម្ទេចចោលនៅឆ្នាំ 1969 ទៀតផង។ ប៉ុន្តែសំណាងល្អ ដែលពេលនោះ ប្រជាជនមួយក្តាប់តូចដែលនៅតែពេញចិត្តវា បានចេញមុខតវ៉ា និងនាំយកវាមកកាន់ទីក្រុងកំណើត ដែលបានបង្កើតវាឡើង និងចាប់ផ្តើមដំណើរការជួសជុល និងសាងសង់វាជាថ្មី ដើម្បីជាការស្តាររចនាបថដំរី និងភាពទាក់ទាញត្រឡប់មកវិញ។ នៅឆ្នាំ 1974, Lucy បានបើកដំណើរការម្តងទៀតជាជាសាធារណៈ ហើយការជួសជុល និងច្នៃប្រឌិតថ្មីបន្ថែម ត្រូវបានបញ្ចប់នៅឆ្នាំ 2000។

ឥឡូវនេះ Lucy the Elephant ដែលមានអាយុចាស់ជាង អគារ Eiffel Tower និង Statue of Liberty នោះ អាចទទួលភ្ញៀវទេសចរជាង 13 ម៉ឺននាក់ក្នុងមួយឆ្នាំ ដែលវាក៏បានបើកឱ្យភ្ញៀវស្នាក់នៅ នាពេលយប់ជាលើកដំបូង ចាប់តាំងពីឆ្នាំ 1902 ដោយមានជំនួយពី Airbnb។ សម្រាប់យប់ថ្ងៃទី 17, 18 និង 19 មីនា ភ្ញៀវដែលមានសំណាងប្រមាណពីរបីនាក់ នឹងត្រូវបានដឹកត្រឡប់ទៅទស្សនា និងកម្សាន្តក្នុងព្រឹត្តិការណ៍សម្តែងនៃ យុគសម័យ Victorian ដ៏អស្ចារ្យនៃថ្ងៃដ៏រុងរឿងរបស់ Lucy។ 

ក្រៅពីគ្រែតូច ដែលអាចឲ្យភ្ញៀវគេងបានពីរនាក់ Lucy រួមបញ្ចូលទាំងអាហារពេលល្ងាច ជាមួយមេចុងភៅក្នុងស្រុក និងអាហារពេលព្រឹក ម្ហូបពិសេស និង ម្ហូបជាច្រើនទៀតដែលមានលំនាំតាមជំនាន់ Lucy នោះ នេះបើយោងតាមរបាយការណ៍ពី Airbnb។

សម្រាប់ការស្នាក់ ភ្ញៀវត្រូវចំណាយ $138 ក្នុងមួយយប់ ដើម្បីអបអររយៈពេលគម្រប់ 138 ឆ្នាំ របស់ Lucy ហើយនឹងត្រូវរៀបចំឡើងដោយលោក Richard Helfant ជាបុរសម្នាក់ដែលបានចាប់ផ្តើមធ្វើការដោយស្ម័គ្រចិត្ត ជាមួយនឹងសត្វដំរីកាល តាំងពីគាត់នៅវ័យជំទង់ កាលពីជាង 50 ឆ្នាំមុន។ ក្នុងនាមជានាយកប្រតិបត្តិនៃគណៈកម្មាធិការរបស់ Lucy គាត់នឹងអាចប្រាប់អ្នកពីប្រវត្តិពេញលេញនៃអគាររូបតំណាងជាសត្វដំរីនេះ ហើយត្រូវប្រាកដថាអ្នកនឹងទទួលបានបទពិសោធន៍ប្លែក និងមានផាសុកភាព តាមដែលអាចធ្វើទៅបាន ក្នុងកំឡុងពេល ដែលអ្នកកំពុងដេកនៅក្នុងខ្លួនសត្វដំរី។

សម្រាប់ឱកាសសម្រាកលំហែកាយពេលរាត្រី នៅលើ Lucy the Elephant នេះ អ្នកអាចចូលទៅកាន់ Airbnb នៅថ្ងៃទី 5 មីនា ហើយបើសិនជាអ្នកកក់កន្លែងគេងមិនទាន់ អ្នកក៏អាចមកកម្សាន្តនៅទីនេះ តាម Tour កម្សាន្តបានផងដែរ នៅពេលថ្ងៃ ជាមួយនឹងបរិយាកាសប្លែក និងបទពិសោធន៍ រីករាយជាច្រើនផងដែរ។