ជប៉ុន ផ្ដល់ជំនួយជិត ២៥ ម៉ឺនដុល្លារដើម្បីសាងសង់ស្ពានខេត្តក្រចេះ និងជួសជុលផ្លូវខេត្តកំពត!

រាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុននៅកម្ពុជា ទើបតែបានសម្រេចផ្ដល់ជំនួយឥតសំណងបន្ថែមសម្រាប់ការអភិវឌ្ឍន៍សហគមន៍ទ្រង់ទ្រាយតូចសន្ដិសុខមនុស្សជាតិហៅថា «ជំនួយ KUSANONE» ដែលក្នុងនោះមានទឹកប្រាក់សរុប ២៤៩,៥២៨ ដុល្លារដល់អង្គភាពចំនួន ២ សម្រាប់គម្រោងកែលម្អផ្លូវថ្នល់នៅខេត្តកំពត និងសាងសង់ស្ពាននៅក្នុងខេត្តក្រចេះ។ 

១. គម្រោងកែលម្អផ្លូវថ្នល់ក្នុងឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត

គម្រោងនេះត្រូវបានចុះហត្ថលេខាទទួលដោយមន្ទីអភិវឌ្ឍន៍ជនបទខេត្តកំពត នូវថវិកាចំនួន ៦២,៦៣៨ ដុល្លារ សម្រាប់កែលម្អនូវស្ពានចាស់មួយដែលមានស្រាប់ ជំនួសដោយលូប្រអប់បេតុងថ្មីចំនួន ៣ ជាមួយការកែលម្អផ្លូវ នៅក្នុងឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។ គម្រោងនេះត្រូវបានរំពឹងថា នឹងផ្ដល់ប្រយោជន៍ដល់ប្រជាជនប្រមាណ ៣៧,០០០ នាក់ក្នុងតំបន់ ហើយផ្លូវនេះនឹងផ្ដល់ឲ្យប្រជាជនមូលដ្ឋាននូវភាពងាយស្រួលជាងមុនក្នុងការធ្វើដំណើរទៅសាលារៀន មន្ទីរពេទ្យ និងផ្សារ ជាពិសេសជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងតំប​ន់។

២. គម្រោងសាងសង់ស្ពានក្នុងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ

គម្រោងនេះត្រូវបានចុះហត្ថលេខាទទួលដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ នូវថវិកាចំនួន ១៨៦,៨៥០ ដុល្លារ សម្រាប់សាងសង់ស្ពានប្រវែង ២០ ម៉ែត្រ និងលូប្រអប់ប្រវែង ៩ ម៉ែត្រ។ បច្ចុប្បន្ននេះប្រជាពលរដ្ឋកំពុងប្រើប្រាស់ស្ពានឈើ ដែលងាយនឹងបាក់បែក បន្ទាប់ពីលូបេតុងចាស់ត្រូវបានបំផ្លាញយ៉ាងខ្លាំងដោយទឹកជំនន់កន្លងទៅ។ គម្រោងនេះរំពឹងថានឹងផ្ដល់ប្រយោជន៍ដល់ប្រជាជនប្រមាណ ៣ ពាន់នាក់ក្នុងតំបន់ ដើម្បីជាសុវត្ថិភាពសម្រាប់ធ្វើដំណើរទៅសាលារៀន មន្ទីរពេទ្យ និងផ្សារ ព្រមទាំងលើកកម្ពស់ដល់ការដឹកជញ្ជូនផលិតផលកសិកម្មផងដែរ។