ទ្វីបអឺរ៉ុបធ្លាក់ចុះបរិមាណខ្យល់បំពុលបរិយាកាស បន្ទាប់ពីប្រជាជនភាគច្រើនស្នាក់នៅក្នុងផ្ទះ!

នៅក្នុងស្ថានភាពការរាតត្បាតនៃមេរោគកូរ៉ូណានៅក្នុងទ្វីបអឺរ៉ុប ជាពិសេសនៅប្រទេសអីតាលី អេស្ប៉ាញ អាល្លឺម៉ង់ បារាំង -ល- រដ្ឋាភិបាលភាគច្រើនបានចាប់ផ្ដើមធ្វើការចេញសេចក្ដីណែនាំ ឲ្យពលរដ្ឋបង្ខាំងខ្លួនឯងឲ្យនៅក្នុងផ្ទះ (Lockdown) ក្នុងករណីដែលមិនការចាំបាច់។ ត្បិតតែមេរោគកូរ៉ូណា កំពុងធ្វើទុក្ខសេដ្ឋកិច្ច និងសេរីភាពពិភពលោកយ៉ាងខ្លាំង ប៉ុន្តែគេក៏បានឃើញផលល្អមួយចំនួនផងដែរ ជាក់ស្ដែងបញ្ហាស្ទះចរាចរណ៍, ការហោះហើរត្រូវបានផ្អាក ដែលផ្ដល់ផលល្អដល់បរិយាកាស បើតាមការចុះផ្សាយដោយភ្នាក់ងារ European Space Agency។ 

នៅក្នុងរយៈពេលខ្លីដែលប្រទេសអឺរ៉ុបមួយចំនួនអនុវត្តនូវគោលការណ៍ Lockdown ភ្នាក់ងារ ESA បានប្រើប្រាស់ផ្កាយរណប Copernicus Sentinel-5P ដើម្បីស្កេនគុណភាពខ្យល់រយៈពេល ១០ មកនេះសង្កេតឃើញថា បរិយាកាសមានខ្យល់បរិសុទ្ធជាងមុនប្រមាណ ៥០% ជាក់ស្ដែងកម្រិត នីត្រូស៊ែនអុកស៊ីត NO2 នៅខេត្ត Bergamo និងក្រុង Milan ប្រទេសអីតាលីបានធ្លាក់ចុះ ៤៧% ធៀបនឹងសប្ដាហ៍មុន ចំនែកឯនៅទីក្រុង Rome វិញបានធ្លាក់ចុះពី ២៦% ទៅដល់ ៣៥%។ គូសបញ្ជាក់ថា ឧស្ម័នពុលនីត្រូស៊ែនអុកស៊ីត NO2 គឺសាយភាយចេញពីចំហេះយានយន្ដ ដែលវាកំពុងប៉ះពាល់កាន់តែធ្ងន់ធ្ងរនៅទីក្រុងធំៗក្នុងប្រទេសចិន និងសហរដ្ឋអាមេរិច។ ស្រដៀងគ្នានេះដែរ រយៈពេល ៣ សប្ដាហ៍ដំបូងក្នុងខែមីនា ក្នុងរដ្ឋកាលីហ្វញ៉ាសហរដ្ឋអាមេរិច គេសម្គាល់ឃើញឧស្ម័នពុល NO2 បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ហើយនៅរដ្ឋ Washington ខាងលិច ដូចជាទីក្រុង Seattle ក៏ដូចគ្នាដែរ។

ចំពោះប្រទេសចិនវិញ ខ្យល់បំពុលបរិយាកាសនេះ គឺជាបញ្ហាប្រឈមដ៏ធំមួយដែលកំពុងកាត់បន្ថយគុណភាពជីវិតរស់នៅរបស់ប្រជាជន ហើយក៏ត្រូវការដំណោះស្រាយដ៏សមស្របផងដែរ។ ប៉ុន្តែនៅក្នុងរយៈពេលខែកុម្ភៈកន្លងទៅ គុណភាពខ្យល់មានសភាពល្អប្រសើរប្រមាណ ២១.៥% នៅក្នុងខេត្ត Hubei បើយោងតាមក្រសួងបរិស្ថាន និងអេកូឡូស៊ី ប្រទេសចិន។ ម្យ៉ាងវិញទៀត បើតាមការសិក្សារបស់លោក Marshall Burke នៅដេប៉ាតឺម៉ង់ Earth System Science នៃសកលវិទ្យាល័យ Stanford បង្ហាញថា គុណភាពខ្យល់ល្អប្រសើរនៅប្រទេសចិន អាចជួយសង្គ្រោះជីវិតមនុស្សប្រហែល ៥០,០០០ ទៅ ៧៥,០០០ នាក់ក្នុងមួយឆ្នាំ ពីការស្លាប់មុនអាយុ កាត់បន្ថយការចំណាយវិស័យសុខាភិបាល និងការពារជំងឺផ្សេងៗកើតឡើង ដោយសារខ្យល់ពុល។

តាមរយៈការសិក្សាវិភាគបរិយាកាសរយៈពេល ៣០ ឆ្នាំមកនេះ នៅទ្វីបចំនួន ៦ មានប្រទេសចំនួន ២៤ និងមានទីក្រុងចំនួន ៦៥២ បានរកឃើញថា កម្រិតនៃខ្យល់ពុលកាន់តែខ្ពស់ ធ្វើឲ្យអាយុមនុស្សកាន់តែខ្លី ដោយរបាយការណ៍ពីអង្គការសុខភាពពិភពលោក World Health Organization ប៉ាន់ប្រមាណថា មនុស្សប្រហែល ៧ លាននាក់បានស្លាប់ជារៀងរាល់ឆ្នាំ ដោយបណ្ដាលមកពីរស់នៅជាមួយគុណភាពខ្យល់ពុល ក្នុងបរិយាកាសនេះ។