ប្រទេសចិន: ចាប់ពីថ្ងៃ 8 មេសាទៅ ប្រជាជននៅ Wuhan នឹងត្រូវបានអនុញ្ញាតឲ្យមានសេរីភាព ក្នុងការធ្វើដំណើរវិញហើយ!


ដូចដែលយើងបានដឹងរួចមកហើយថា ប្រជាជននៅក្នុងប្រទេសចិនបានទទួលរងនូវច្បាប់យ៉ាងតឹងរឹង លើការធ្វើដំណើរ ក៏ដូចជាតាមតំប់ខ្លះ មិនឲ្យចេញទៅណា អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ហើយក៏អស់រយៈពេលជិតពីរខែដែរ សម្រាប់ប្រជាជនចិនដែលរស់នៅក្នុងខេត្ត Hubei ផ្ទាល់។ Wuhan គឺជាចំណុចកណ្តាលនៃការផ្ទុះវីរុស COVID-19 ហើយត្រូវបានបិទទ្វារទាំងស្រុង ដោយមានរបាំងរារាំងការពារ រាល់សកម្មភាពរបស់ប្រជាជននៅក្នុងទីក្រុង ដោយឥឡូវនេះរបាំងទាំងនោះក៏ត្រូវបានរុះរើហើយ។

ដោយឡែកនៅទ្វីបអាស៊ី មានប្រទេសជាច្រើនក៏បានចេញច្បាប់រឹតបន្តឹង រាល់សកម្មភាពរបស់ភ្ញៀវទេសចរ និងអ្នកដំណើរ យ៉ាងឆាប់រហ័សផងដែរ ជាពិសេសសម្រាប់អ្នក ដែលកាន់លិខិតឆ្លងដែនមកពីខេត្ត Hubei ក្នុងចេតនាដើម្បីការពារការរីករាលដាលនៃវីរុសកូរ៉ូណានេះ។



ចាប់តាំងពីថ្ងៃទី 1 កុម្ភៈមក សិង្ហបុរីនិងហុងកុង ក៏បានរារាំង មិនឲ្យមានអ្នកដំណើរពីខេត្ត Hubei ចូលមកក្នុងទឹកដីរបស់ខ្លួនឡើយ។ គួររំលឹកផងដែរថា ត្រឹមតែសប្តាហ៍មុនទេ ដែលប្រទេសសិង្ហបូរី បានរាយការណ៍ពីអ្នកស្លាប់ចំនួនពីរនាក់ ជាលើកដំបូង បន្ទាប់ពីអ្នកជម្ងឺទាំងពីរនាក់នេះ ត្រូវបានគេតេស្តថា Positive លើវីរុស Covid-19 នេះកាលពី 2 ខែមុន។ ស្រដៀងគ្នានេះដែរ ហុងកុង ក៏បានរាយការណ៍ថាមានមនុស្សស្លាប់តែ 8 នាក់ប៉ុណ្ណោះ ដោយសារវីរុសនេះ ទោះបីជាខ្លួនមានព្រំដែនជាប់ចិនដីគោកក៏ដោយ។



យ៉ាងណាក៏ដោយមកដល់ពេលនេះ ស្ថានភាពបានចាប់ផ្តើមប្រសើរឡើងបន្តិចម្តងៗហើយ នៅប្រទេសចិន ដោយមន្ទីរពេទ្យបណ្តោះអាសន្នដែលបានបង្កើតឡើង សម្រាប់ព្យាបាលអ្នកជម្ងឺដោយវីរុស Covid-19 នេះត្រូវបានបិទដំណើរការនៅ Wuhan ហើយ ចំនួនអ្នកឆ្លងត្រូវបានថយចុះក្បែរ ០%​ ចំនួនអ្នកជម្ងឺដែលបានជាសះស្បើយក៏ចាប់ផ្តើមកើនឡើងដែរ ហើយហាងមួយចំនួន ក៏ចាប់ផ្តើមបើកដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញផងដែរ។ បន្ថែមពីនេះ យើងក៏ទើបតែទទួលបានព័ត៌មានថ្មីៗថា ច្បាប់ហាមឃាត់ពីរាល់សកម្មភាព និងការធ្វើដំណើររបស់ប្រជាជននៅ Wuhan ក៏នឹងត្រូវលើកលែងវិញ នៅថ្ងៃ 8 មេសាខាងមុខនេះទៀតផង។ 

ច្បាប់ដដែលនេះ ត្រូវបានលើកលែង នៅខេត្ត Hubei របស់ចិនហើយ កាលពីដើមសប្តាហ៍ថ្មីៗនេះ ក្រោយពីប្រជាជននៅក្នុងខេត្តទាំងមូល ត្រូវបានពិនិត្យសុខភាព និងមានលិខិតបញ្ជាក់ពីសុខភាពបានយ៉ាងត្រឹមត្រូវរួចមក។



ដោយឡែកនៅប្រទេសកូរ៉េខាងត្បូង ដែលបានរងការវាយប្រហារយ៉ាងខ្លាំងដោយសារការរីករាលដាលនៃវីរុស Covid-19 ដែរនោះ ពេលនេះ ពួកគេអាចគ្រប់គ្រងស្ថានភាពបានហើយ ដោយបានរាយការណ៍ថា មានករណីឆ្លងទាបបំផុត ចាប់តាំងពីថ្ងៃទី 29 កុម្ភៈមក។  

ដំណាក់កាលទីពីរនៃមេរោគនេះ គឺជាក្តីកង្វល់មួយ ដែលភាគច្រើនកើតឡើងតាមរ​យៈការហូលចូលនៃភ្ញៀវទេសចរមកពីខាងក្រៅប្រទេស ហើយនៅសប្តាហ៍នេះប្រទេសចិន និងកូរ៉េខាងត្បូង បានរាយការណ៍មកថា បានរកឃើញករណីឆ្លងថ្មីៗខ្លះៗផងដែរ។ ទោះយ៉ាងណាក៏ដោយ ច្បាប់នៃការធ្វើដំណើរ និងច្បាប់ទៅលើរាល់សកម្មភាពនានារបស់ប្រជាជន នៅក្នុងប្រទេស ក៏ត្រូវបានបន្ធូរបន្ថយដែរ។

គួរបញ្ជាក់ផងដែរថា Wuhan ជាផ្ទះរបស់ប្រជាជនចិនប្រមាណ 11 លាននាក់ ហើយប្រជាជនក្នុងតំបន់ នៅតែត្រូវការលេខកូដបៃតង “Green Code” ដើម្បីធ្វើដំណើរ។ 




ការចាក់សោរបិទមិនឲ្យមានការចេញចូលនៅ Wuhan បានចាប់ផ្តើមកាលពីថ្ងៃទី 23 មករា និងជាច្បាប់នៃការដាក់កម្រិតដ៏ធំបំផុត ទៅលើរាល់សកម្មភាពនៃការធ្វើដំណើរក្នុងប្រវត្តិសាស្ត្រ រហូតដល់ការចាក់សោរបិទមិនឲ្យមានការចេញចូលនេះ បានចូលជាធរមាននៅតាមបណ្តាប្រទេសនានានៅជុំវិញពិភពលោក ដែលរងការវាយប្រហារដោយ Covid-19។ នៅក្នុងប្រទេសអ៊ីតាលី តំបន់ Lombardy បានដាក់ប្រជាជនចំនួន 17 លាននាក់ទៅក្នុងការបិទទ្វារមិនឲ្យចេញទៅណា ហើយនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសឥណ្ឌាក៏បានដាក់ប្រជាជនរបស់ខ្លួនចំនួន 1.3 ពាន់លាននាក់ មិនឲ្យចេញទៅណា ផងដែរ។

នៅទ្វីបអ៊ឺរ៉ុប បណ្តាប្រទេសជាច្រើន នៅតែជំរុញទៅលើ ការគ្រប់គ្រងនៃការរីករាលដាលនៃវីរុស Covid-19 ប៉ុន្តែចំនួនអ្នកស្លាប់នៅក្នុងប្រទេសអ៊ីតាលីបានធ្លាក់ចុះខ្លះ ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ តែទោះជាយ៉ាងណាក៏ដោយ ប្រទេសទាំងនោះនៅតែប្រកាសដាក់ប្រទេសរបស់ខ្លួនក្នុងគ្រោះអាសន្ន បន្តការប្រយ័ត្នប្រយែង និងមានការភ័យព្រួយថា តំបន់នានានៅអឺរ៉ុប អាចឈានដល់ចំណុចកំពូលនៃការផ្ទុះវីរុសនេះ ប្រហាក់ប្រហែលនឹង ពេលដែលប្រទេសចិនបានប្រឈមជាមួយ កាលពីមួយខែមុន។



អ្នកស្រុកនៅទីក្រុង Wuhan ឥឡូវនេះអាចចេញពីផ្ទះ និងអាចធ្វើដំណើរនៅក្នុងទីក្រុងបានហើយ។ ហាងនានាបានបើកដំណើរការឡើងវិញច្រើន ហើយស្ថានការផ្សេងៗទៀត នឹងត្រឡប់ទៅរកភាពប្រក្រតី នៅក្នុងរយៈពេលយ៉ាងខ្លី ខាងមុខនេះ។