ទីក្រុងសៀងហៃ ជាប់ឈ្មោះជាមជ្ឈមណ្ឌលហិរញ្ញវត្ថុលំដាប់ពិភពលោកទី ៤

ទីក្រុងសៀងហៃ បានឡើងខ្ពស់នៅក្នុងតារាងជាទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក លំដាប់លេខ ៤ ជាលើកដំបូង តាមរយៈការចុះផ្សាយដោយធនាគារគំនិត (think tank) អង់គ្លេស Z/Yen Group លើកទី ២៧ (Global Financial Center Index 27) និងការសិក្សារបស់វិទ្យាស្ថាន China Development Institute នៅទីក្រុង Shenzhen កាលពីថ្ងៃព្រហស្បត្តិ៍។ 

នេះជាលើកទី ៤ ហើយដែលទីក្រុងសៀងហៃត្រូវបានចាត់ទុកជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក នៅលើតារាង Top 5 ហើយបានជាប់នៅលើតារាងលេខ ៤ ជាលើកដំបូង។ ទីក្រុងសៀងហៃ ជាក្បាលម៉ាស៊ីនសេដ្ឋកិច្ច និងហិរញ្ញវត្ថុដ៏ធំបំផុតរបស់ប្រទេសចិន ពោលគឺវាធំជាងរដ្ឋធានីប៉េកាំង និងបានទំលាក់ទីក្រុងហុងកុង ហើយកំពុងប្រកួតប្រជែងជាមួយទីក្រុងធំៗនៅលើពិភពលោក។ សម្រាប់ទីក្រុងហិរញ្ញវត្ថុធំបំផុតនៅលើពិភពលោកទាំង ១០ រួមមាន៖ ទីក្រុងញ៉ូវយ៉ក, ទីក្រុងឡុងដ៏, តូក្យូ, សៀងហៃ, សិង្ហបុរី, ហុងកុង, ប៉េកាំង, សាន់ហ្រ្វាន់ស៊ីស្កូ, សឺណែវ, និងឡូសអែនជែលេស។ 

ទីក្រុងញ៉ូវយ៉ក បានឡើងខ្ពស់ជាងទីក្រុងឡុងដ៏ក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុធំជាងគេបំផុត ចំណែកឯទីក្រុងតូក្យូ ក៏បានឡើងខ្ពស់ដល់លំដាប់លេខ ៣ ជាលើកដំបូងផងដែរ។ ចំណែកឯប្រទេសចិនវិញ មានទីក្រុងជាច្រើននៅចិនដីគោក ដែលស្ថិតនៅក្នុងតារាង Top 100 ជាទីក្រុងហិរញ្ញវត្ថុធំៗលើលោក ជាក់ស្ដែង សៀងហៃ ប៉េកាំង ស្ស៊ិនជិន ក្វាងចូវ ឈឹងទូ ហាងចូវ ឈីងតាវ និងធានជីន ជាដើម។ ដោយឡែក ទីក្រុងសៀងហៃ មានភាពលេចធ្លោបំផុត ទៅលើការវិនិយោគផ្នែកធនាគារ ផ្នែកគ្រប់គ្រង ធានារ៉ាប់រង និងសេវាកម្មផ្សេងៗ ជាងទីក្រុងដទៃទៀត ហើយបានក្លាយជាទីក្រុងវិនិយោគធំលំដាប់ទី ២ នៅក្នុងរបាយការណ៍ Global Financial Center Index 27 នេះ។