សេវារថយន្តក្រុង និងសេវាកាណូត នៅរាជធានីភ្នំពេញ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន

ភ្នំពេញ៖ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា ក៏ដូចជាវិស័យឯកជនមួយចំនួន បានចាត់វិធានការធ្វើការតាម Online ដោយអនុញ្ញាតឲ្យបុគ្គលិករដ្ឋ និងឯកជនឆ្លាស់ថ្ងៃគ្នាធ្វើការមក រាជធានីភ្នំពេញមានភាពស្ងប់ស្ងាត់ជាងមុន ដោយចរន្តចរាចរណ៍នៅតាមដងផ្លូវបានចុះថយ អត្រាកកស្ទះក៏ធ្លាក់ចុះគួរឲ្យកត់សម្គាល់។ តែយ៉ាងណាក៏ដោយ ការផ្គត់ផ្គង់សេវារថយន្តក្រុង (City Bus) និងសេវាកម្មកាណូត (Taxi Boat) ដែលបម្រើសេវាកម្មនៅក្នុងរាជធានីភ្នំពេញ នឹងត្រូវផ្អាកជាបណ្ដោះអាសន្ន ស្ថិតក្នុងពេលរាតត្បាតនៃមេរោគកូវីដ ១៩។

យោងតាមសេចក្ដីជូនដំណឹង ចេញផ្សាយដោយ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមីនា កន្លងទៅ បានប្រកាសឲ្យមហាជនជ្រាបជាដំណឹងថា សេវាកម្មរថយន្តក្រុង និងសេវាកាណូត របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញទាំងអស់ នឹងធ្វើការផ្អាកដំណើរការជាបណ្ដោះអាសន្នសិន ស្ថិតក្នុងអំឡុងពេលដែលមេរោគកូវីដ ១៩ កំពុងធ្វើការរាតត្បាតនៅពាសពេញពិភពលោក។ បន្ទាប់ពីក្រសួងសុខាភិបាល បានរកឃើញមានអ្នកផ្ទុកមេរោគកូវីដ ១៩ មួយចំនួនរួចមក រាជរដ្ឋាភិបាលបានសម្រេចចាត់វិធានការទប់ស្កាត់ការចម្លង និងការរីករាលដាលមេរោគមួយនេះនៅទូទាំងប្រទេស ដោយក្នុងនោះមានការឱ្យបិទនូវរោងភាពយន្ត បៀហ្គាឌិន ឬទីកន្លែងប្រមូលផ្ដុំមនុស្សជាដើម។

ហេតុនេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការចម្លង និងរីករាលដាលនៃមេរោគកូវីដ ១៩ នៅរាជធានីភ្នំពេញផ្ទាល់ សាលារាជធានីភ្នំពេញបានសម្រេចផ្អាកនូវសេវាកម្មដូចបានរៀបរាប់ខាងលើជាបណ្ដោះអាសន្ន គិតចាប់ពីថ្ងៃជូនដំណឹងតទៅ ដោយកាលបរិច្ឆេទបើកដំណើរការសេវាកម្មនេះ នឹងត្រូវជូនដំណឹងទៅកាន់មហាជនវិញ នៅពេលដែលស្ថានភាព នៃមេរោគកូវីដ ១៩ នេះបានធូរស្បើយឡើងវិញ។ ជុំវិញការបិទសេវាកម្មនេះជាបណ្ដោះអាសន្ន សាលារជធានីភ្នំពេញ សង្ឃឹមថាសាធារណជន ដែលជាអ្នកប្រើប្រាស់សេវាកម្មរថយន្តក្រុង និងសេវាកាណូត យោគយល់ អធ្យាស្រ័យ និងចូលរួមទប់ស្កាត់ការរីករាលដាលនេះទាំងអស់គ្នា៕

 

ប្រភព៖ សាលារាជធានីភ្នំពេញ