អាមេរិក ក្លាយជាប្រទេសផ្ទុះករណីឆ្លងកូវីដ ១៩ ច្រើនជាងគេបំផុតនាពេលនេះ

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កំពុងស្ថិតនៅក្រោមការឆ្លងរាតត្បាតយ៉ាងឆាប់រហ័សបំផុតនាពេលនេះ ដែលមេរោគ ខូវីដ ១៩ ចាប់ផ្ដើមឆ្លងពាសពេញទីប្រជុំជន និងអាចឆ្លងពាសពេញប្រទេសក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ ស្ថិតក្នុងការឆ្លងរាតត្បាតយ៉ាងឆាប់រហ័សនេះ បើយោងតាមប្រភពព័ត៌មានអន្តរជាតិបានចេញផ្សាយឲ្យដឹងថា អាមេរិក នៅពេលនេះបានក្លាយខ្លួនជាប្រទេស ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដែលការផ្ទុះករណីកូវីដ ១៩ មានការកើនឡើងរាប់សិនម៉ឺននាក់ហើយ។ 

ប្រភពព័ត៌មានអន្តរជាតិ កាលពីម្សិលមិញនេះ​បានចេញផ្សាយឲ្យដឹងថា អាមេរិក បានក្លាយជាប្រទេសទី១ ក្នុងពិភពលោក ដែលមានចំនួនឆ្លងមេរោគកូវីដ ១៩ ច្រើនជាងគេ ពោលគឺគិតត្រឹមយប់ថ្ងៃទី២៦ ខែមីនា កន្លងទៅ ចំនួនអ្នកឆ្លងមេរោគមានការកើនឡើងច្រើនជាង ៨៥,០០០ ករណីហើយ ដែលជាអត្រាខ្ពស់ខ្លាំងបំផុតក្នុងរយៈពេលដ៏ខ្លី ដែលស៊ីដាច់អត្រាឆ្លងនៅអ៊ីតាលី អេស្ប៉ាញ និងចិនថែមទៀតផង។ ការឆ្លងរាតត្បាតដ៏លឿនបែបនេះ បានបង្ករឲ្យមានភាពភ័យខ្លាចយ៉ាងខ្លាំងទៅដល់ប្រជាជនគ្រប់រូប ពិសេសគឺវិស័យសុខាភិបាលអាមេរិក កំពុងប្រឈមនឹងការប្រយុទ្ធប្រឆាំងទ្រង់ទ្រាយធំមិនធ្លាប់មាន ដោយសារតែអត្រាអ្នកជម្ងឺក្នុងរយៈពេលដ៏ខ្លីស្ទុះឡើងខ្លាំង ដែលតម្រូវឲ្យមានការព្យាបាល ឱសថ ពិសេសទីកន្លែងសម្រាប់អ្នកជម្ងឺសម្រាបព្យាបាល។

មិនត្រឹមតែវិស័យសុខាភិបាលប៉ុណ្ណោះទេ កំពុងរងគ្រោះខ្លាំង សេដ្ឋកិច្ចអាមេរិកកំពុងស្ថិតក្នុងស្ថានភាពពិបាក និងធ្លាក់ចុះក្នុងរយៈពេលដ៏ខ្លីបើសិនជាកូវីដ ១៩ នៅតែបន្តឆ្លង និងអត្រាមនុស្សស្លាប់នៅតែបន្តកើនឡើងជារៀងរាល់ថ្ងៃ។ ជុំវិញបញ្ហាសេដ្ឋកិច្ចនេះ អាមេរិក ក៏ត្រៀមថវិការប្រមានជា ៥ ទ្រីលានដុល្លារ ដែលជាចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ជួយទៅដល់សេដ្ឋកិច្ចពិភពលោក ក្នុងគ្រាមានអាសន្នមួយនេះ។ លោក Trump ប្រធានាធិបតីអាមេរិក បានទទូចឲ្យប្រជាពលរដ្ឋគ្រប់រូបស្នាក់នៅក្នុងគេហដ្ឋានផ្ទាល់ខ្លួន និងហាមមិនឲ្យមានការប្រមូលផ្ដុំឡើយ ថែមទាំងត្រូវនៅឆ្ងាយពីគ្នាតាមដែលអាចធ្វើទៅបាន។ លោកបានបន្ថែមថា យើងកំពុងធ្វើសង្គ្រាមលើវីរុសនេះ ដោយប្រើរាល់ធនធានហិរញ្ញវត្ថុវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ឱសថ និងយោធា ដើម្បីបញ្ឈប់ការរីករាលដាល និងការពារពលរដ្ឋរបស់យើង។

ការកើនឡើងនៃអ្នកឆ្លងមេរោគថ្មីមួយនេះ​ នៅមិនទាន់អាចគ្រប់គ្រងបាននៅឡើយទេនៅអាមេរិក ខណៈចំនួនអ្នកស្លាប់ទាំងអស់កើនឡើងដល់ ១,១៧៨ នាក់គិតត្រឹមថ្ងៃទី២៦ និងមានរាប់សិបម៉ឺននាក់ផ្សេងទៀតកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យ។ ក្រសួងសុខាភិបាលអាមេរិក កំពុងដុតដៃដុតជើងយ៉ាងខ្លាំងក្លាជុំវិញការប្រយុទ្ធប្រឆាំងដ៏ធំមួយនេះ ហើយក្នុងនោះអាមេរិកក៏បានបិទច្រកទ្វារព្រំដែនរបស់ខ្លួនប្រមាណជា ៤០% ផ្អាកជើងហោះហើរជាច្រើនផងដែរ។ គិតមកទល់ពេលនេះ របាយការណ៍បង្ហាញថាប្រជាជនប្រមាណ ៥០០,០០០ នាក់ក្នុងពិភពលោកបានឆ្លងមេរោគនេះ ដោយក្នុងនោះមានការសិក្សាពីមហាវិទ្យាល័យ Imperial College របស់ចក្រភពអង់គ្លេសបានធ្វើសេចក្ដីសន្និដ្ឋានថា ឆ្នាំ ២០២០ នេះ ប្រជាជនក្នុងពិភពលោកប្រមាណជា ១,៨ លាននាក់អាចនឹងស្លាប់បាត់បង់ជីវិតដោយសារតែកូវីដ ១៩៕