អាមេរិកផ្ដល់ហិរញ្ញប្បទានឥតសំណង ៧,៥ លានដុល្លារ ដើម្បីជួយស្ដារសេដ្ឋកិច្ចនៅកម្ពុជា

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំនូវសេចក្ដីប្រកាសមួយ ស្ដីអំពីការផ្ដល់ហិរញ្ញប្បទានឥតសំណង ពីសំណាក់រដ្ឋាភិបាលអាមេរិក ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការស្ដារសម្បទានសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ នៃការឆ្លង និងរាតត្បាត នៃវីរុសកូវីដ ១៩ កាលពីពេលកន្លងទៅ។

ការប្រកាសរៀបចំព័ត៌មាននោះ ស្ថិតក្រោមអធិបតីភាពឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ លោក Patrick Murphy បានលើកឡើងអំពីការផ្ដល់នូវហិរញ្ញប្បទាន ឥតសំណង ពីរដ្ឋាភិបាលអាមេរិក ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានចំនួនទឹកប្រាក់សរុប ៧,៥ លានដុល្លារអាមេរិក  ដោយក្នុងកញ្ចប់ថវិការនោះ មានចំនួន ៥ លានដុល្លារអាមេរិក គឺសម្រាប់ឱ្យរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់ទៅលើការស្ដារស្បទាសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារតែវីរុសកូវីដ ១៩ និងមានថវិការចំនួន ២,៥ លានដុល្លារផ្សេងទៀត គឺជាហិរញ្ញប្បទានបន្ថែម សម្រាប់ការឆ្លើយតបទៅនឹងការការពារសុខមាលភាព ប្រឆាំងនឹងការឆ្លង និងរីករាលដាលនៃវីរុសកូវីដ ១៩ នៅកម្ពុជា ផងដែរ។

ការផ្ដល់នូវហិរញ្ញប្បទានឥតសំណងនេះ ត្រូវបានបញ្ជាក់ឱ្យដឹងថា នឹងប្រើប្រាស់ក្នុងរយៈពេលខ្លី ពោលគឺជួយទៅដល់ការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា ដែលទទួលរងផលប៉ះពាល់ នៃការរាតត្បាតនៃវីរុសនេះ និងចំនែកខ្លះទៀតសម្រាប់ប្រើប្រាស់សម្រាប់រយៈពេលមធ្យម និងជួយរៀបចំកម្មវិធីបណ្ដុះបណ្ដាលជំនាញការងារឡើងវិញ ដល់ពលរដ្ឋរងគ្រោះក្នុងវិស័យឯកជនផងដែរ។ ជាការឆ្លើយតប ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណទៅដល់រដ្ឋាភិបាលអាមេរិក ដែលបានផ្ដល់នូវហិរញ្ញប្បទានឥតសំណងនេះ ចំពេលវេលា និងទាន់ហេតុការណ៍ ជាកាយវិការ ដ៏មានអត្ថន័យរបស់ពលរដ្ឋកម្ពុជា ព្រោះថាជំងឺកូវីដ១៩ មិនត្រឹមតែបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខមាលភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានគំរាមកំហែងដល់ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចនៅទាំងពិភពលោកផងដែរ ហើយកម្ពុជាក៏ដូចជាប្រទេសដទៃទៀត ដែលទទួលរងផលប៉ះពាល់ពីជំងឺនេះ។

ឯកឧត្ដម ក៏បានបន្ថែមទៀតថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការណ៍ អន្តរាគមន៍បន្ទាន់មួយចំនួន ដើម្បីជួយស្រោចស្រង់វិស័យឯកជន ជាពិសេសក្នុងវិស័យសំខាន់ៗ ដូចជា វិស័យទេសចរណ៍ អាកាសចរណ៍ និងកាត់ដេរវាយនភណ្ឌ និងដើម្បីរក្សាលំនឹងជីវភាព របស់កម្មករ-និយោជិតដែលបម្រើការងារក្នុងវិស័យទាំងនេះ តាមរយៈការលើកទឹកចិត្ត និងការអនុគ្រោះពន្ធ ការអនុញ្ញាតឱ្យមិនបង់ប្រាក់ភាគទាន ធានារ៉ាប់រងរបបហានិភ័យការងារ និងថែទាំសុខភាព ការលើកលែង និងអនុគ្រោះឥណទាន ការបង្កើតសន្ទនីភាពនៅក្នុងទីផ្សារ៕

 

ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ