តំបន់ព្រៃភ្នំ ខ្នងផ្សា កំពុងបញ្ចេញសម្រស់ស្រស់ត្រកាល ចាប់ពីខែឧសភា នេះតទៅ!

តំបន់ជួរភ្នំឱរ៉ាល់ ជាជួរភ្នំខ្ពស់បំផុតក្នុងប្រទេសកម្ពុជា សម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិដែលយើងទើបអាចមានលទ្ធភាពអាចធ្វើដំណើរទៅដល់ ដោយសារការអភិវឌ្ឍន៍ផ្លូវ និងមធ្យោបាយធ្វើដំណើរ។ ក្នុងនោះតំបន់ទេសចរណ៍ ខ្នងផ្សា ជាតំបន់ព្រៃភ្នំដ៏ធំមួយ ដែលសម្បូរទៅដោយព្រៃឈើក្រាស់ៗ ជ្រលង់ភ្នំខ្ពស់ៗ វាលស្រាល់ដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រើន កំពុងតែអង្អ្រួនចិត្តភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យមកទស្សនាសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលពណ៌បៃតង ចាប់ពីខែឧសភា នេះតទៅ។

១. ការធ្វើដំណើរទៅកាន់សហគមន៍ ខ្នងផ្សា

ខ្នងផ្សា មានទីតាំងប្រសព្វមុំ ៣ ដែលផ្សាភ្ជាប់ព្រំប្រទល់ចំនួន ៣ ខេត្តគឺកោះកុង កំពង់ស្ពឺ និងពោធិ៍សាត់។ ដើម្បីធ្វើដំណើរទៅដល់តំបន់ទេសចរណ៍ ខ្នងផ្សា យើងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ ក្រោយឆ្លងស្ពានខេត្តកំពង់ស្ពឺប្រមាណជាង ១ គីឡូម៉ែត្រ យើងបត់តាមស្ដុបស្ថានីយ៍ឥន្ធនៈតេលា (ច្បារមន) ទៅស្ដាំប្រមាណ ១ គីឡូម៉ែត្រ យើងនឹងឃើញផ្លូវបត់ឆ្វេងដែលមានស្លាកសញ្ញាប្រាប់ថាទៅ ឱរ៉ាល់ រួចបត់ចូលតាមច្រកឱរ៉ាល់ (ផ្លូវលេខ ៤៤) ប្រហែល ៥០ គីឡូម៉ែត្រ យើងទៅដល់រង្វង់មូលឱរ៉ាល់។ បន្ទាប់មក យើងត្រូវបន្ដរធ្វើដំណើរតាមផ្លូវលំប្រមាណ ៣៥ គីឡូម៉ែត្រទៀត ដោយជិះកាត់តាម តេទឹកពុះ យើងនឹងទៅដល់ភូមិរលាក់កងជើង ដែលជាសហគមន៍នៃភ្នំខ្នងផ្សា។

២. ការធ្វើដំណើរឡើងកំពូលភ្នំ ខ្នងផ្សា

ក្រោយពីទៅដល់ភូមិ សហគមន៍ភ្នំខ្នងផ្សា តម្រូវឲ្យយើងចូលទៅទីស្នាក់ការបរិស្ថាន ដែលនៅក្នុងភូមិដើម្បីស្រស់ឈ្មោះអ្នកឡើងភ្នំ មុននឹងអាចឡើងបាន ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ហើយតម្រូវឲ្យមន្ត្រីបរិស្ថានទៅជាមួយដើម្បីមើលការខុសត្រូវ និងការពារយើងផងដែរ។ ម្យ៉ាងទៀត យើងក៏ត្រូវការអ្នកភូមិសហគមន៍សម្រាប់ការនាំផ្លូវ (Guide) ដែលគាត់នឹងជួយស្ពាយឥវ៉ាន់ និងការដាំស្លអាហារឲ្យយើងញ៉ាំផងដែរ។ ការឡើងភ្នំយើងត្រូវជិះគោយន្ដសហគមន៍ ដែលចំណាយពេលប្រហែល ២ ម៉ោង បន្ទាប់មកត្រូវធ្វើដំណើរថ្មើរជើងឡើងភ្នំ តាមដីរាប និងដីទួល ដែលអាចចំណាយពេលចន្លោះពី ៤ ទៅ ៥ ម៉ោងទើបទៅដល់កំពូលភ្នំ។ 

៣. សម្ភារៈដែលចាំបាច់សម្រាប់ការធ្វើដំណើរ

ទឹកសម្រាប់ញ៉ាំយ៉ាងតិចណាស់ ១-២ ដបក្នុងម្នាក់ៗ សម្រាប់ញ៉ាំពេលធ្វើដំណើរ ឬអាចប្រើដបចម្រោះដើម្បីដាក់ទឹកញ៉ាំនៅតាមផ្លូវ ឬដាំទឹកបាន។ ចំណែកការឯការសម្រាបកលើកំពូលភ្នំ យើងគួរត្រៀមតង់ ឬអង្រឹង ដែលមានដំបូល ឬមានផ្លាស្ទិកគ្របដើម្បីការពារជ្រាបភ្លៀងឬសន្សើម ហើយគួរត្រៀមអាវ ភួយក្រាស់ៗ ព្រោះពេលយប់គឺត្រជាក់ខ្លាំង។ 

ផ្នែកម្ហូបអាហារវិញ យើងត្រូវការមានអាហារដែលអាចស្ដុកទុកបាន ជាពិសេសអាហារក្រៀមៗ និងស្រាល ដូចជាត្រីងៀត ងៀតគោ សាច់ក្រក និងនំប៉័ងជាដើម ជាមួយអាហារកំប៉ុងច្រើនប្រភេទទៀតដូចជា មីកំប៉ុង ត្រីខ ទឹកដោះគោក្រែម កាហ្វេ -ល- សម្រាប់ញ៉ាំពេលព្រឹក។ ចំណែកបាយ យើងអាចទិញអង្ករដាំបាយ ពីអ្នកភូមិនៅខាងក្រោមបាន។

៤. ទេសភាពនៅលើកំពូងភ្នំខ្នងផ្សា

ទៅដល់ខាងលើ យើងនឹងបានឃើញនូវទេសភាពវាលស្មៅ និងព្រៃឈើបៃតងយ៉ាងស្អស់ស្អាតចាប់ពីខែឧសភានេះតទៅ ដែលព័ទ្ធជុំវិញដោយជួរភ្នំ ល្អបំផុតសម្រាប់ការទស្សនាថ្ងៃរះ និងថ្ងៃលិច អមមកជាមួយអាកាសធាតុត្រជាក់ ថ្ងៃខ្លះយើងក៏អាចមើលពពកហោះយ៉ាងឃ្មួរខ្មាញ់កាត់ជ្រលងភ្នំ ប្រៀបដូចជានៅលើឋានសួគ៌ ដែលជាទីតាំងនៃក្ដីស្រមៃរបស់អ្នកចូលចិត្តថតរូបទេសភាព Adventure Photography និង Landscape Photography។

 

សូមជួយរក្សាអនាម័យ និងរៀបចំប្រមូលសម្រាមអោយបានត្រឹមត្រូវ ដេីម្បីសហគមន៍ខ្នងផ្សា កាន់តែស្រស់បំព្រងសម្រាប់យេីងទាំងអស់គ្នា ។

 

ប្រភព៖ ក្រសួងទេសចរណ៍