អូស្ត្រាលី រងគ្រោះធ្ងន់ធ្ងរដោយព្យុះកំបុតត្បូង ដែលមិនធ្លាប់ជួបជាង ១៥ ឆ្នាំកន្លងទៅ

អូស្ត្រាលី៖ កាលពីថ្ងៃទី២៥ ខែឧសភា ម្សិលមិញនេះ អូស្ត្រាលី បានរងគ្រោះធ្ងន់ធ្ងរ ដោយសារតែខ្យល់ព្យុះកំណាច បានវាយប្រហារបែកខាងលិច នៃផ្ទៃប្រទេស ដែលធ្វើឱ្យមានការខូចខាតទ្រព្យសម្បត្តិសាធារណៈ និងឯកជនជាច្រើន ដោយប្រជាជនរាប់ម៉ឺននាក់ ត្រូវបានកាត់ផ្ដាច់ ពុំមានថាមពលអគ្គិសនីប្រើប្រាស់ និងត្រូវផ្អាកកិច្ចដំណើរការសំខាន់ៗជាច្រើននៅក្នុងតំបងរងគ្រោះធ្ងន់ធ្ងរ។

ប្រភពព័ត៌មានអន្តរជាតិ បានចេញផ្សាយឱ្យដឹងថា ភាគខាងលិច នៃប្រទេសអូស្ត្រាលី ត្រូវបានរងគ្រោះ ដោយសារតែខ្យល់ព្យុះកំបុតត្បូងមួយ ដែលបានបោកបក់ និងវាយប្រហារនៅក្នុងតំបន់ជាច្រើន ដោយក្នុងនោះ តំបន់ Cape Leeuwin ជារដ្ឋមួយនៅភាគខាងលិច បានរងគ្រោះធ្ងន់ធ្ងរជាងគេ។ ជុំវិញការវាយប្រហារ នៃគ្រោះធម្មជាតិដ៏អាក្រក់មួយនេះ លោក Scott Marrison ប្រធានាធិបតី អូស្ត្រាលី បានឱ្យដឹងថា “អាកាសធាតុដ៏អាក្រក់ បានធ្វើឱ្យប៉ះពាល់មួយផ្នែកធំនៃភាគខាងលិចប្រទេស ដែលធ្វើឱ្យមានការខូចខាតទ្រព្យសម្បត្តិជាច្រើន ពិសេសគឺការកាត់ផ្ដាច់ថាមពលអគ្គិសនី ដែលប្រជាច្រើនជាង ៦ ម៉ឺននាក់ពុំមានថាមពលប្រើប្រាស់។ រាល់ប្រជាពលរដ្ឋគ្រប់រូប គប្បីស្វែងរកសេវាកម្មសង្គ្រោះបន្ទាន់ និងរក្សាសុវត្ថិភាព”។​

ខ្យល់ព្យុះកំបុតត្បូង Mangga Cyclone ត្រូវបានអាជ្ញាធរអាកាសធាតុ និងឧតុនិយមអូស្ត្រាលី កំណត់ថា ជាព្យុះធំ និងកាចសាហាវជាងគេមួយ ដែលមិនធ្លាប់មានជាង ១៥ ឆ្នាំកន្លងមកនេះ ដែលមិនត្រឹមតែនាំមកនូវខ្យល់កន្ត្រាក់ប៉ុណ្ណោះទេ តែវាបាននាំមកនូវទឹកភ្លៀង ទឹកជំនន់ ផ្គរ រន្ទះ។ ផលប៉ះពាល់បានចោទឡើងចំពោះគេហដ្ឋានរបស់ប្រជាពលរដ្ឋ អគារពាណិជ្ជកម្ម កំពុងស្ថិតក្នុងអត្រាខ្ពស់ ដោយក្នុងនោះ មានការទូរស័ព្ទហៅជំនួយបន្ទាន់ច្រើនជាង ៣៩០ ករណីកាលពីថ្ងៃអាទិត្យ។ អាជ្ញាធរនៅតាមតំបន់ជាច្រើន បានចេញសេចក្ដីប្រកាសជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃអាទិត្យមកម្លេះ ឱ្យប្រជាជនគ្រប់រូប មានការប្រុងប្រយ័ត្នខ្ពស់ និងមិនត្រូវចេញឆ្ងាយពីផ្ទះ ស្ថិតក្នុងអំឡុងពេលរងគ្រោះដោយសារព្យុះមួយនេះ បើអាចមិនចាំបាច់ប្រើប្រាស់អគ្គិសនីឡើយ គប្បីបិទទូរស័ព្ទ ថេប្លេត ឬកុំព្យូទ័រជាដើម។

ការវាយប្រហារនៃព្យុះ Mangga នេះត្រូវបានសន្និដ្ឋានផងដែរថា នឹងបន្តធ្វើឱ្យរងផលប៉ះពាល់នៅផ្នែក និងរដ្ឋផ្សេងៗទៀតរបស់អូស្ត្រាលី រួមមានដូចជា New South Wales និងទីក្រុងស៊ីដនី ជាមួយនឹងខ្យល់កន្ត្រាក់ ទឹកភ្លៀង ជំនន់ ផ្ទរ រន្ទះជាដើម តែមិនធ្ងន់ធ្ងរខ្លាំងដូចនៅភាគខាងលិចឡើយ។ យ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញបានកំពុងបន្តតាមដានស្ថានការណ៍ និងសកម្មភាពរបស់ព្យុះកំបុតត្បូងមួយនេះបន្ថែមទៀត ដោយក្នុងនោះការសន្និដ្ឋានបានបន្តថា ផ្នែកដែលព្យុះនេះនឹងធ្វើឱ្យប៉ះពាល់ច្រើនជាងគេ គឺស្ថិតនៅភាគខាងលិច ដែលជាតំបន់ជាប់នឹងសមុទ្រ។ អាជ្ញាធរអូស្ត្រាលី នៅមិនទាន់មានរបាយការណ៍ជាក់លាក់បញ្ជាក់អំពីការខូចខាត ឬចំនួនជនរងគ្រោះ ឬឈានដល់ការបាត់បង់ជីវិត ដោយសារព្យុះនេះនៅឡើយទេ៕