១០ សំនួរទាក់ទងនឹងជំងឺកូវីដ-១៩ ដែលមិនមានចម្លើយ!

តើពេលណាទើបការរាតត្បាតជំងឺកូវីដ-១៩ នឹងត្រូវបានបញ្ចប់? នេះជាសំនួរមួយដែលយើងគ្រប់គ្នាចង់ដឹង និងបន់ស្រន់អោយថ្ងៃមួយនោះកើតមានឡើង ប៉ុន្តែចម្លើយពិតជាគ្មាននរណាម្នាក់អាចចេញមកអះអាងបាននោះទេ មិនថាអ្នកវិទ្យាសាស្ត្រក្នុងស្ថាប័នធំៗ ដូចជាអង្គការសុខភាពពិភពលោក សហរដ្ឋអាមេរិច ប្រទេសចិន ឬក្នុងសហគមន៍អឺរ៉ុបក៏ដោយ។ អ្វីដែលយើងអាចដឹងបាននៅពេលនេះ គឺចំនួនករណីឆ្លងថ្មីបន្ដកើនឡើងជាលំដាប់, វ៉ាក់សាំងការពារមិនទាន់រកឃើញ, សសៃឈាមសេដ្ឋកិច្ចពិភពលោកកំពុងមានជំងឺធ្ងន់, ភាពក្រីក្របន្ដកើនឡើងវិញ -ល-។ ដូចនេះ មានសំណួរច្រើនណាស់ ដែលយើងចង់ដឹងទាក់ទងនឹងវិបត្តិកូវីដ-១៩ ប៉ុន្តែមិនមានចម្លើយ ដូចជា៖ តើមានមនុស្សប៉ុន្មាននាក់ដែលបានឆ្លងវីរ៉ុសកូរ៉ូណា? ហេតុអ្វីតំបន់ខ្លះអាចទប់ស្កាត់ការរាតត្បាត ប៉ុន្តែតំបន់ខ្លះបែជាផ្ទុះការឆ្លង? តើអាកាសធាតុក្ដៅ ឬត្រជាក់អាចសម្លាប់មេរោគបានដែរឬទេ? តើវ៉ាក់សាំងកូវីដ-១៩ អាចចេញជាផ្លូវការក្នុងរយៈពេល ១២ ទៅ ១៨ ខែខាងមុខនេះឬទេ? សំណួរទាំងអស់នេះ គ្មានចម្លើយជាក់ច្បាស់នោះទេ ប៉ុន្តែយើងអាចប្រមូលព័ត៌មានមកសិក្សាបាន ខាងក្រោមនេះជាមេរៀនដែលទាញចេញពីសំនួរទាក់ទងនឹងជំងឺកូវីដ-១៩។ 

សង្ខេបអំពីជំងឺកូវីដ-១៩

កូវីដ-១៩ ជាឈ្មោះជំងឺចេញពីអម្បូរមេរោគកូរ៉ូណាប្រភេទថ្មី (SARS-CoV-2) ដែលបង្កទៅជាជំងឺ Corona-Virus Disease 2019 ឬហៅកាត់ថា Covid-19។ វាជាជំងឺដ៏កាចសាហាវមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដែលមានការរាតត្បាតជាសកល (Global Pandemic) ជាពិសេសបើនិយាយអំពីល្បឿននៃការឆ្លង និងការសម្លាប់ជីវិតមនុស្សក្នុងរយៈពេលដ៏ខ្លីទៅលើផ្លូវដង្ហើម ដូចនេះហើយ ទើបម៉ាសកំពុងដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងការទប់ស្កាត់ការរាតត្បាត គួបផ្សំជាមួយគោលការណ៍រក្សាគម្លាតពីបណ្ដុំមនុស្ស និងការលាងសម្អាតដៃឲ្យបានញឹកញាប់ពេលចាប់កាន់អ្វីមួយនៅតាមសាធារណៈ។ មេរោគនេះ បានឆ្លងផ្ទុះឡើងដំបូងក្នុងទីក្រុងវ៉ូហាន ប្រទេសចិន ហើយបានឆ្លងទៅកាន់ ១៨៨ ប្រទេសយ៉ាងតិច ដោយមានមនុស្សយ៉ាងតិច ៥.៣ លាននាក់បានឆ្លង និងស្លាប់ខ្ទង់ ៣៤ ម៉ឺននាក់។ ដោយឡែកប្រទេសកម្ពុជា ក៏បានរកឃើញករណីឆ្លងចំនួន ១២៤ នាក់មកហើយដែរ ក្នុងនោះចំនួនអ្នកជាសះស្បើយមាន ១២២ នាក់ ហើយក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបមិនឲ្យធ្វើប្រហែស ឬបន្ធូរដៃក្នុងការប្រុងប្រយ័ត្នឡើយ ព្រោះកូវីដ-១៩ មិនដែលភ្លេចយើងឡើយ។

 

១. តើមានមនុស្សប៉ុន្មានអ្នកដែលឆ្លងកូវីដ-១៩?

ប្រសិនបើយោងតាមរបាយការណ៍ចេញពីអង្គការសុខភាពពិភពលោក គិតត្រឹមថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០ ករណីឆ្លងកូវី-១៩ មានចំនួនលើសពី ៥.៣ លាននាក់មកហើយ ក្នុងនោះមានករណីបាត់បង់ជីវិតជាង ៣៤៣,៥០០ នាក់ជុំវិញពិភពលោក និងចំនួនជាសះស្បើយលើសពី ២ លាននាក់។ ចំណែកប្រទេសដែលកំពុងរងគ្រោះខ្លាំងជាងគេបំផុតនៅពេលនេះគឺ សហរដ្ឋអាមេរិច ដែលមានករណីឆ្លងលើសពី ១.៥ លាននាក់ និងស្លាប់ដល់ ៩ ម៉ឺននាក់។ 

តាមរបាយការណ៍ខាងលើ អាចនឹងធ្វើឲ្យមនុស្សភាគច្រើនយល់ច្រលំថា នេះជាចំនួនអ្នកឆ្លង និងស្លាប់ដោយកូវីដ-១៩ យ៉ាងជាក់លាក់ជុំវិញពិភពលោក។ តាមពិតទៅ ៥.៣ លាននាក់ គឺជាករណីដែលបានរកឃើញប៉ុណ្ណោះ ហើយការរកឃើញនេះបានបង្ហាញអំពីលទ្ធភាពនៃការធ្វើតេស្ត ការពិនិត្យទៅលើសំណាករបស់អ្នកជំងឺ និងការតាមដានសុខភាពអ្នកជំងឺសង្ស័យជាដើម។ ដូចនេះ អ្នកវិទ្យាសាស្ត្រជឿថាមានមនុស្សរាប់លានទៀត ដែលអាចនឹងបានឆ្លងរួចទៅហើយ ប៉ុន្តែមិនបានបង្ហាញរោគសញ្ញាសង្ស័យឬមកធ្វើតេស្ត ហើយមានអ្នកជំងឺរាប់ពាន់អ្នកទៀត ដែលបានស្លាប់ដោយមិនបានបង្ហាញលើទិន្នន័យអង្គការសុខភាពពិភពលោក ឬក្រោមរូបភាពដែលមិនបង្ហាញពីជំងឺកូវីដ-១៩។ ដូចគ្នាអញ្ចឹងដែរ ការផ្ទុះរាតត្បាតនៃជំងឺផ្ដាសាយអេស្ប៉ាញ៉ុល (Spanish Flu) កាលពីឆ្នាំ ១៩១៨ គេពុំអាចដឹងច្បាស់ទេថា មានមនុស្សប៉ុន្មានអ្នកដែលបានស្លាប់យ៉ាងពិតប្រាកដ ដោយដឹងត្រឹមថាមនុស្សជាង ៥០០ លាននាក់បានឆ្លងជំងឺនេះ និង ៥០ លាននាក់បានបាត់បង់ជីវិត ក្នុងការឆ្លងចំនួន ២ លើកធំៗ។

២. តើការធ្វើតេស្តយ៉ាងច្រើន របស់សហរដ្ឋអាមេរិចអាចមានប្រសិទ្ធភាពឬទេ? 

ប្រសិនបើអ្នកតាមដានព័ត៌មានពីស្ថានភាពកូវីដ-១៩ នៅសហរដ្ឋអាមេរិច អ្នកប្រហែលជាដឹងច្បាស់ណាស់ថា រដ្ឋាភិបាលលោកដូណាល់ ត្រាំ បានចេញវិធាន COVID Tracking Project ការធ្វើតេស្ដនិងស្វែងរកអ្នកឆ្លងកូវីដ-១៩ យ៉ាងខ្លាំងក្លាបំផុត ចាប់ពីដើមខែមីនាមក ចាប់ពីខ្ទង់ពាន់នាក់ មកដល់ជាង ២ ម៉ឺននាក់ក្នុងមួយថ្ងៃៗ និងឡើងដល់ ២៧៦,០០០ នាក់ក្នុងមួយថ្ងៃ នៅសប្ដាហ៍ទី ១ ខែឧសភា ដែលជាចំនួននៃការធ្វើតេស្ដរកមេរោគកូវីដ-១៩ ច្រើនជាងគេបំផុតលើលោក ខណៈសន្ទុះនៃករណីឆ្លងជុំវិញពិភពលោកបានថយចុះប្រមាណ ១០%។ អ្នកជំនាញមើលឃើញថា ការធ្វើតេស្តច្រើនលក្ខណៈ (bottleneck) បែបនេះ វាអាចនឹងឈានទៅដល់កង្វះខាតផ្នែកបច្ចេកទេស ដែលកាន់តែបង្កអោយអ្នកជំងឺស្វែងរកមិនឃើញករណីវិជ្ជមាន ចំណែកអ្នកខ្លះទៀតមើលឃើញថាគឺជាការផ្សព្វផ្សាយផ្នែកនយោបាយតែប៉ុណ្ណោះ។ យ៉ាងណាមិញ នៅសហរដ្ឋអាមេរិចមានលទ្ធភាពអាចរកឃើញករណីវិជ្ជមានជិត ៩% ឯណោះក្នុងចំណោមអ្នកធ្វើតេស្ដសរុប ហើយបើគ្មានការធ្វើតេស្តច្រើនបែបនេះ សន្ទុះករណីឆ្លងនិងស្លាប់មិនធ្លាក់ចុះមកទាបជាងមុនដែរ គិតត្រឹមចុងខែឧសភានេះ។

៣. តើទម្រង់នៃការ lockdown បែបណា ទើបបញ្ចៀសបញ្ហាឆ្លងល្អបំផុត? 

នៅពេលដែលប្រទេសជាច្រើន បានចេញច្បាប់បិទច្រកព្រំដែន ស្នាក់នៅផ្ទះ ហាមឃាត់មិនអោយធ្វើដំណើរ ធ្វើការនិងរៀនសូត្រតាមអនឡាញ មនុស្សភាគច្រើនមានប្រតិកម្មអវិជ្ជមានលើគោលការណ៍ Lockdown នេះបាត់ទៅហើយ ព្រោះចរន្ដសេដ្ឋកិច្ចដំណើរការមិនប្រក្រតីឡើយ។ ប៉ុន្តែការពារប្រសើរជាងព្យាបាល ដូចនេះគ្មានប្រទេសណាមួយដែលចង់បិទទ្វារសេដ្ឋកិច្ចនោះទេ ប៉ុន្តែព្យាយាមទប់ស្កាត់ការឆ្លងតាមដែលអាចធ្វើបាន។ ជាក់ស្ដែងការ Lockdown ស្ថិតក្រោមហេតុផលនៃបញ្ចៀសករណីឆ្លង ដូចនេះតើបញ្ចៀសមានប្រសិទ្ធភាពតាមវិធីណាទើបល្អបំផុត? ការបិទច្រកព្រំដែនបរទេស? ហាមឃាត់ការជួបជុំ? បិទការធ្វើដំណើរ? រៀននិងធ្វើការនៅផ្ទះ? ចុះចំណែកឯប្រទេសដែលមិនបានអនុវត្តន៍ Lockdown ពេញលេញ និងមិនបិទសិទ្ធិធ្វើដំណើរដូចជានៅ ហុងកុង និងតៃវ៉ាន់ បែជាមិនមានករណីឆ្លងផ្ទុះឡើងខ្លាំងទៅវិញ ហេតុអ្វី? ដូចនេះតំបន់ខ្លះមិនបាន Lockdown ប៉ុន្តែមានសុវត្ថិភាពជាងប្រទេសដែល Lockdown ខ្លាំងទៅទៀត អញ្ចឹងសំណួរថាទម្រង់នៃការ Lockdown មានប្រសិទ្ធកម្រិតណា? ជាគឺជាសំនួរពិបាកនិងរកចម្លើយ ហើយនៅពេលដែលប្រទេសកូរ៉េខាងត្បូង និងអាល្លឺម៉ង់ ប្រកាសចង់បើកប្រទេសឡើងវិញ គេបារម្ភទៅលើរលកទី ២ ជាទីបំផុត។ ប៉ុន្តែបើយើងអនុវត្តគោលការណ៍ Lockdown រយៈពេលដល់ ២ ទៅ ៣ ឆ្នាំ តើសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះដល់កម្រិតណា? ហើយមនុស្សបានចំណូលអ្វី ហើយបានអាហារឯណាបរិភោគរាល់ថ្ងៃ? 

៤. តើកុមារដើរតួនាទីសំខាន់លើការចម្លងឬអត់?

នៅពេលដែលគេលើកយកវីរ៉ុសកូរ៉ូណាមកនិយាយ គេមានក្ដីព្រួយបារម្ភទៅលើមនុស្សចាស់ និងអ្នកមានសុខភាពខ្សោយមានជំងឺប្រចាំកាយជាដើម ដែលងាយរងគ្រោះ អាចប្រឈមការវាយប្រហារពីវីរ៉ុសនេះខ្លាំង។ ចំណែកឯមនុស្សពេញវ័យដែលមានប្រព័ន្ធការពារសារពាង្គកាយរឹងមាំ គេសឹងតែមិនឃើញមានអាការៈរោគសញ្ញាអ្វីគួរឲ្យព្រួយបារម្ភឡើយ។ ដោយឡែក កុមារ គេកម្រលើកយកមកនិយាយណាស់។ ហេតុអ្វី? តាមពិតទៅអ្នកវិទ្យាសាស្ត្រពិបាកសន្មត់ថា ចំពោះកុមារជំងឺនេះអាចមានឥទ្ធិពលខ្លាំងកម្រិតណា និងអាចចម្លងបានខ្លាំងកម្រិតណានោះទេ ប៉ុន្តែការស្រាវជ្រាវបន្ថែមកំពុងតែបន្ដ ដូចនេះហើយទើបសាលារៀន ជាកន្លែងដែលត្រូវបានបិទទ្វារមុនគេ អស់រយៈរាប់ខែមកហើយ ដើម្បីការពារការឆ្លងទៅលើកុមារ។ យ៉ាងណាមិញ គេសង្ឃឹមថា កុមារ មិនទទួលរងការវាយប្រហារខ្លាំងពីកូវីដ-១៩ និងមិនមែនជាម៉ាស៊ីនចម្លងដ៏លឿននិងគ្រោះថ្នាក់ដូចជាមនុស្សពេញវ័យដែលនៅជុំគ្នាឡើយ ប៉ុន្តែគេដឹងថាកុមារ ជាជនដែលងាយរងគ្រោះពីជំងឺផ្ដាសាយទូទៅជាងមនុស្សធំ។

៥. ហេតុអ្វីតំបន់ខ្លះផ្ទុះករណីឆ្លងខ្លាំងជាងតំបន់ផ្សេងទៀត? 

ហេតុអ្វីបានជា New York រងគ្រោះខ្លាំងជាង California? ហេតុអ្វីបានជារដ្ឋ Michigan មានអ្នកឆ្លងខ្លាំងជាងរដ្ឋ Ohio? ហេតុអ្វីករណីឆ្លងនៅទីក្រុង Tokyo មានតិចតួចជាង New York ឆ្ងាយបើទោះជា Tokyo មានប្រជាជនរស់នៅចង្អៀតគ្នា និងប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈច្រើនជាង New York ក៏ដោយ? ត្រង់នេះគេអាចបង្ហាញតម្រុយថា ការឆ្លងច្រើនក៏អាចមកពីកត្តាមនុស្សដែលអាចគ្រប់គ្រង និងកត្តានៃទំលាប់ប្រពៃណីមនុស្សផងដែរ។ បើនិយាយពីដង់ស៊ីតេប្រជាជនតូក្យូ គឺចង្អៀតជាងដង់ស៊ីតេប្រជាជនញ៉ូវយ៉ក និងប្រើប្រាស់សេវាសាធារណៈច្រើនជាងរាប់សិបដងទៅទៀត ប៉ុន្តែករណីឆ្លងតិចជាងអាមេរិច ១/២០ ដង។ អ្នកជំនាញសន្និដ្ឋានថា ប្រជាជនជប៉ុនរស់នៅតំបន់ត្រជាក់ ការពាក់ម៉ាស់ជាទំនៀមទំលាប់គម្រូមួយរាប់សិបឆ្នាំមកហើយ ដែលវាជួយរក្សាអនាម័យសង្គមបានមួយផ្នែកធំ ហើយប្រជាជនជប៉ុនក៏មានអាយុសង្ឃឹមរស់វែងជាងគេលើលោកផងដែរ។ ប៉ុន្តែនេះគ្រាន់តែការសម្មត់ប៉ុណ្ណោះ អ្នកវិទ្យាសាស្ត្រមិនទាន់អាចស្រាវជ្រាវសិក្សាស៊ីជម្រៅរកអំណះអំណាងនៅឡើយទេ។

៦. អាកាសធាតុក្ដៅ អាចកាត់បន្ថយករណីឆ្លងកូវីដ-១៩ ឬទេ?

អាកាសធាតុក្ដៅ ឬរដូវក្ដៅ Summer តែមួយមុខ មិនអាចហាមឃាត់ការឆ្លងកូវីដ-១៩ នោះទេ ជាក់ស្ដែងប្រទេសដែលស្ថិតនៅតំបន់ត្រូពិចក្ដៅ ដូចជាប្រទេស Ecuador, Louisiana និងសិង្ហបុរី សុទ្ធសឹងតែជាប្រទេសក្ដៅ ប៉ុន្តែករណីឆ្លងនៅតែមានច្រើនដដែល បើទោះជាសីតុណ្ហភាពក្នុងប្រទេសឡើងលើសពី ២៧ អង្សារសេជាមធ្យមក៏ដោយ។ ការស្រាវជ្រាវបង្ហាញថាពន្លឺព្រះអាទិត្យដែលជះកាំរស្មី UV (Ultraviolet) មិនអាចសម្លាប់មេរោគបាននោះទេ ប៉ុន្តែបានគ្រាន់តែជួយឲ្យមេរោគងាប់នូវស្រទាប់កោសិកាមួយចំនួនប៉ុណ្ណោះ បើនិយាយឲ្យសាមញ្ញថា ធ្វើឲ្យមេរោគកាចមកជាស្លូត។ ជាក់ស្ដែង អ្នកវិទ្យាសាស្ត្របានយកសំណាកមេរោគកូវីដ-១៦ ទៅកាន់មន្ទីពិសោធន៍ Machine Intelligence Lab នៅឯមន្ទីពេទ្យកុមារទីក្រុង Boston ដោយបានសាកល្បងតម្លើងកម្ដៅ និងប្រើប្រាស់រស្មីពន្លឺ UV ជះទៅលើវា ដោយគេឃើញមានសភាពប្រែប្រួល ប៉ុន្តែពុំអាចសន្និដ្ឋានថាប្រទេសតំបន់ក្ដៅ នឹងអាចមានករណីឆ្លងតិចតួចឡើយ ពោលវាអាស្រ័យទៅលើកត្តាអនាម័យនៃការរស់នៅផងដែរ។

៧. តើគេអាចបើកសួនលំហែ និងឆ្នេរឡើងវិញឆាប់ៗនេះទេ?

ការស្រាវជ្រាវមួយបានបង្ហាញអំពីសីតុណ្ហភាពខ្ពស់ អាចកាត់បន្ថយផលប៉ះពាល់នៃមេរោគកូវីដ-១៩ អញ្ចឹងរដូវក្ដៅដែលកំពុងចូលមកដល់នេះ តើវាមានសុវត្ថិភាពឬទេ ដើម្បីអោយប្រទេសនីមួយៗបើកសួនលំហែកាយ និងឆ្នេរខ្សាច់ឡើងវិញ? សួនលំហែ ឆ្នេរ និងទីធ្លារបៃតងសាធារណៈ ត្រូវបានគេចាត់ទុកជាកន្លែងលំហែយកខ្យល់អាកាសល្អបំផុតនៅសហរដ្ឋអាមេរិច សម្រាប់គេចចេញពីសម្លេងរំខានទីក្រុង ប៉ុន្តែគិតមកទល់ពេលនេះ កន្លែងទាំងអស់នោះត្រូវបានហាមឃាត់ ដើម្បីកាត់បន្ថយការជួបជុំ។ បើតាម ព្រឹទ្ធបុរសផ្នែកវិជ្ជសាស្ត្រនៃសកលវិទ្យាល័យ University of Florida បានបង្ហាញចំណាប់អារម្មណ៍វិជ្ជមានទៅលើការបើកសួនឧទ្យាន សម្រាប់សាធារណជនលំហែកាយ បន្ធូអារម្មណ៍ និងបង្កើនសកម្មភាពកីឡាធ្វើឲ្យមានសុខភាពល្អជាដើម។ អ្នកជំនាញមួយចំនួនក៏បានគាំទ្រដល់ការបើកកន្លែងលំហែកាយសាធារណៈផងដែរ ប៉ុន្តែសំនួរសួរថា តើគេអាចរក្សាគម្រាត ១.៥ ម៉ែត្របានល្អឬអត់? ជៀសវាងការជួបជុំបានឬទេ? តើការធ្វើដំណើររក្សាអនាម័យ ពាក់ម៉ាស់ និងសម្អាតដៃញឹកញាប់ទប់ស្កាត់ការឆ្លងទៅទីសាធារណៈបានល្អឬទេ? តើតំបន់ឆ្នេរ និងសួនលំហែទាំងនោះអាចក្លាយតំបន់ចម្លងឬទេ? ទាំងនេះជាមូលហេតុដែលរដ្ឋាភិបាលអាមេរិច មិនទាន់អាចធានាបាននៅឡើយទេ។ 

៨. តើមេរោគកូវីដ-១៩ អាចបំផ្លាញប្រព័ន្ធបន្សាំជំងឺក្នុងខ្លួនមនុស្សឬទេ? 

ប្រសិនបើអ្នកមានជំងឺកូវីដ-១៩ ប្រព័ន្ធបន្សាំការពារជំងឺក្នុងខ្លួនរបស់អ្នក អាចនឹងត្រូវបំផ្លាញយ៉ាងលឿនក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ ប៉ុន្មានខែ ឬឆ្នាំ ដែលចម្លើយពិតគេមិនទាន់ដឹងច្បាស់នៅឡើយទេ។ ប្រព័ន្ធបន្សាំជំងឺក្នុងខ្លួនមនុស្ស អាចជួយទប់ស្កាត់ការពារ និងព្យាបាលជំងឺមួយចំនួនបាន ជាក់ស្ដែងជំងឺផ្ដាសាយ ឬក្ដៅខ្លួន មនុស្សមួយចំនួនអាចជាសះស្បើយដោយពុំចាំបាច់លេបថ្នាំឡើយ។ ផ្ទុយទៅវិញ អ្នកជំងឺកូវីដ-១៩ គេអាចនឹងបំផ្លាញប្រព័ន្ធការពារជំងឺ ដែលធ្វើឲ្យអ្នកជំងឺអាចលាប់ឡើងវិញ និងឆ្លងជំងឺកូវីដ-១៩ សារជាថ្មី ដែលពិភពលោកងាយនឹងរងគ្រោះនូវរលកទី ២ នៃការរាតត្បាត។ ស្ដាប់ទៅគួរឲ្យខ្លាច ប៉ុន្តែវាអាចជាការពិត។ យ៉ាងណាមិញ ប្រសិនបើកូវីដ-១៩ បំផ្លាញប្រព័ន្ធប្រឆាំងជំងឺរបស់មនុស្ស ត្រឹមតែបណ្ដោះអាសន្ន នឹងអាចសះស្បើយឡើងវិញនៅពេលខាងមុន នោះជារឿងល្អប្រសើរ ប៉ុន្តែបើពុំដូច្នោះទេ យើងពិតជាត្រូវការវ៉ាក់សាំងដែលមានប្រសិទ្ធភាពដើម្បីទប់ស្កាត់ ដូចអ្វីដែលយើងបានទប់ស្កាត់ជំងឺ SARS កាលពីមុនអញ្ចឹងដែរ។

៩. តើយើងអាចមានវ៉ាក់សាំងកូវីដ-១៩ នៅរយៈពេល ១២ ទៅ ១៨ ក្រោយឬទេ?

នេះជាសំនួរដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយ ព្រោះថានៅពេលដែលយើងបើកព័ត៌មានពេលព្រឹកមើលប្រចាំថ្ងៃឃើញថា ប្រទេសនេះ ប្រទេសនោះ កំពុងព្យាយាមធ្វើតេស្តសាកល្បងវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាបន្ដបន្ទាប់។ អញ្ចឹងតើវ៉ាក់សាំងអាចចេញជាផ្លូវការនៅឆ្នាំក្រោយឬទេ? វិជ្ជបណ្ឌិត Stuart Thompson បានប្រាប់សារព័ត៌មាន New York Times ថាវ៉ាក់សាំងកូវីដ-១៩ អាចជោគជ័យបាន ប៉ុន្តែក៏អាចនិយាយថាមិនជោគជ័យដែរ ហើយលោកប្រមាណចន្លោះរយៈពេលនេះការផលិតវ៉ាក់សាំងបើលឿនបំផុតអាចជោគជ័យក្នុងរយៈពេល ៦ ខែ ហើយបើរយៈពេលយូរវិញអាចចន្លោះពី ៤ ទៅ ១៦ ឆ្នាំឯណោះ។ ដូចនេះ យើងប្រហែលមិនបានឃើញវ៉ាក់សាំងកូវីដ-១៩ នោះទេក្នុងឆ្នាំ ២០២០ ដោយត្រូវរង់ចាំដល់ឆ្នាំក្រោយ។ សូម្បីតែមហាសេដ្ឋី Bill Gates ក៏បានសន្យាក្នុងការពន្លឿនកិច្ចការស្វែងរកធ្វើតេស្តវ៉ាក់សាំងកូវីដ-១៩ ដែរ ប៉ុន្តែអ្នកជំនាញមួយចំនួនមើលឃើញថា ការបង្កើតវ៉ាក់សាំងអាចជាការវិនិយោគដើម្បីជោគជ័យ ឬបរាជ័យ ក៏ថាបាន។ ព្រោះវ៉ាក់សាំងអាចជួយប្រឆាំងជំងឺកូវីដ-១៩ ប៉ុន្តែប្រសិនបើមនុស្សគ្រប់គ្នាពឹងលើវ៉ាក់សាំង និងបើកសេដ្ឋកិច្ចដូចដើមក្នុងរយៈពេលខ្លីក្រោម ១ ឆ្នាំនោះ វាអាចនឹងនាំឲ្យផ្ទុះករណីឆ្លងឡើងវិញទៀត។ ជាក់ស្ដែង កាលពីឆ្នាំ ១៩៧៦ សហរដ្ឋអាមេរិចបានផលិតវ៉ាក់សាំងជំងឺផ្ដាសាយជ្រូក ដោយជោគជ័យ និងបង្ខំបើកទ្វារលឿនពេកធ្វើឲ្យករណីឆ្លងកើនឡើងច្រើនដដែល។ ដូចនេះវ៉ាក់សាំងគឺគ្រាន់តែសារធាតុបន្សាំជំងឺអាចការពារបានមួយផ្នែកប៉ុណ្ណោះ ចំណែកមួយផ្នែកទៀត គឺផ្អែកទៅលើគោលការណ៍ច្បាប់រក្សាគម្រាត រក្សាអនាម័យខ្លួនយើងឲ្យបានល្អ។ 

១០. តើយើងអាចមានថ្នាំព្យាបាលកូវីដ-១៩ ឬទេ?

បន្ទាប់ពីការធ្វើតេស្ដស្វែងរកវ៉ាក់សាំង តើគេមានវិធីផលិតថ្នាំព្យាបាលអ្នកជំងឺកូវីដ-១៩ ទេ? ជាក់ស្ដែងយើងបានឃើញថា គេមិនអាចផលិតវ៉ាក់សាំងការពារជំងឺអេដស៍បាននោះទេ ប៉ុន្តែគេអាចនូវថ្នាំសម្រាប់ប្រឆាំងនឹងវាបាន ឬធ្វើឲ្យមេរោគអេដស៍ចុះអន់ខ្សោយ មិនបំផ្លាញប្រព័ន្ធធាតុសាំក្នុងសារពាង្គកាយ លើសពីនេះវាក៏កាត់បន្ថយភាគរយនៃការឆ្លងមានមួយកម្រិតទៀតផង។ វិជ្ជបណ្ឌិតមួយចំនួនមើលឃើញថានេះជារឿងដែលអាចទៅរួច ប៉ុន្តែក៏មិនអាចច្បាស់ថាទៅរួចដែរ។ យ៉ាងណាមិញ សូមបញ្ជាក់ថាការព្យាបាលដោយថ្នាំវិជ្ជសាស្ត្រ នៅតែជាអាវុធមុខ ២ ដដែល ព្រោះយើងត្រូវសិក្សាទៅលើផងប៉ះពាល់ដែលបង្កជាជំងឺធាត់ ជំងឺបេះដូង និងជំងឺទឹកនោមផ្អែម ដែលអាចនឹងមកនូវគ្រោះថ្នាក់លឿនជាងកូវីដ-១៩ ទៅទៀត។ ដូចនេះបច្ចុប្បន្ន ការព្យាបាលកូវីដ-១៩ គឺត្រូវអាស្រ័យទៅលើស្ថានភាពសុខភាពអ្នកជំងឺជាក់ស្ដែង មិនទាន់អាចប្រើប្រាស់ថ្នាំព្យាបាលជាក់លាក់ណាមួយឡើយ។