ខេត្តពោធិ៍សាត់ នឹងមានពហុកីឡាដ្ឋានថ្មីមួយបន្ថែមទៀត ធ្វើឡើងក្នុងទំហំផ្ទៃដី ២៥ ហិកតា

ពោធិ៍សាត់៖ នាពេលអនាគតដ៏ខ្លីខាងមុខនេះ ខេត្តពោធិ៍សាត់នឹងទទួលបាននូវសមិត្តផលថ្មីមួយបន្ថែមទៀត តាមរយៈគម្រោងសាងសង់ពហុកីឡាដ្ឋានសម្តេចតេជោ ហ៊ុន សែន ហៅជាភាសាអង់គ្លេសថា SAMDACH HUN SEN SPORT CENTER មានទីតាំងស្ថិតនៅស្រុកក្រគរ (វាលសម្តេចយស) ក្នុងខេត្តពោធិ៍សាត់ ដែលនឹងសាងសង់ឡើងក្នុងផ្ទៃដីប្រមាណ ២៥ ហិកតា ពេលឆាប់ខាងមុខនេះ។

ស្ថិតក្នុងកិច្ចប្រជុំពិភាក្សា លើគម្រោងសាងសង់ពហុកីឡាដ្ឋានសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ តាមរយៈវីដេអូ Conference រវាងសាលាខេត្តពោធិ៍សាត់ តំណាងដោយឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា បានឱ្យដឹងអំពីគម្រោងសាងសង់ពហុកីឡដ្ឋានថ្មីមួយនៅក្នុងខេត្តពោធិ៍សាត់ ដែលនឹងត្រូវចំនាយទឹកប្រាក់រាប់លានដុល្លារអាមេរិក។ ជុំវិញការសាងសង់ពហុកីឡាដ្ឋានថ្មីនេះ ត្រូវបានឱ្យដឹងថា នឹងមានការសាងសង់នូវទីលានបាល់ទាត់ខ្នាតអន្តរជាតិ ទីលានមហោស្រព ទីលានបាល់ទះ ទីលានបាល់បោះ ទីលានរត់ប្រណាំង ទីលានវាយសី កន្លែងអង្គុយទស្សនា កន្លែងហាត់ប្រាណ ប្រព័ន្ធផ្លូវខ្វាត់ខ្វែង (៨ ទៅ ១០ម៉ែត្រ) វាលស្មៅ កន្លែងក្មេងលេង កន្លែងអង្គុយលេង ស្រះទឹក និងកន្លែងចតរថយន្ត ជាដើម។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម ម៉ៅ ធនិន និង ឯកឧត្តម កែវ រតនៈ បានលើកឡើងថា គម្រោងអភិវឌ្ឍន៍នេះ សាងសង់ឡើង ដើម្បីបន្សល់ទុកជាកេរមរតកសម្រាប់ខេត្តផង និងអាចជាការឆ្លើយតបទៅនឹងភាពរីកចម្រើន នៃវិស័យកីឡានៅកម្ពុជាផងដែរ។ បច្ចុប្បន្នរដ្ឋបាលខេត្ត និងក្រុមការងារអនុវត្តគម្រោងនេះ បានចាប់ផ្តើមប្រតិបត្តិការបណ្តើរៗហើយ ដោយបានចាប់ផ្តើមឈូសឆាយ និងចាក់ដីបានបានមួយផ្នែក និងត្រៀមធ្វើតាមតំណាក់កាល តាមការគ្រោងទុក។ យ៉ាងណាក៏ដោយ រដ្ឋបាលខេត្តមិនទាន់បានបង្ហាញពីទំហំទឹកប្រាក់ និងពេលវេលានៃការចាប់ផ្តើមសាងសាង់នូវពហុកីឡដ្ឋាននេះនៅឡើយទេ ខណៈខេត្តនេះ បានទទួលគម្រោងវិនិយោគលើវិស័យសាធារណៈ និងឯកជន និងសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានដាក់ចេញនូវផែនការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច-សង្គមឱ្យមានការរីកចំរើនបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ពហុកីឡាដ្ឋានថ្មីនេះ ត្រូវបានសម្ដេចតេជោ នាយករដ្ឋមន្ត្រី ឯកភាព និងគាំទ្រយ៉ាងពេញទំហឹង ស្ថិតក្នុងឱកាសដែលសម្ដេចអញ្ជើញចុះសួរសុខទុក្ខកម្មករ កម្មការិនី នៅរោងចក្រ សហគ្រាសនានា ក្នុងខេត្តពោធិ៍សាត់ កាលពីពេលកន្លងទៅ។

 

ប្រភព៖ រដ្ឋបាលក្រុងពោធិ៍សាត់