ថៃចូលរួមជាមួយពិភពលោក ក្នុងការផលិតវ៉ាក់សាំង ប្រឆាំងនឹងវីរុសកូវីដ ១៩

ថៃ៖ ក្រុមអ្នកជំនាញបានចាប់ផ្ដើម យុទ្ធនាការជាលើកដំបូងរបស់ខ្លួន ក្នុងការសិក្សាស្រាវជ្រាវ ផលិតវ៉ាក់សាំងការពារ សម្រាប់ការពារជីវិតមនុស្សជាតិ ជាមួយនឹងបរទេដែរហើយ​ដោយមានសេចក្ដីសង្ឃឹមថា វ៉ាក់សាំងផលិតនៅថៃ ដោយក្រុមបច្ចេកទេសនឹងលេចមុខឡើងនៅក្នុងឆ្នាំ ២០២១ ខាងមុខ។

ក្រុមអ្នកស្រាវជ្រាវខាងវិជ្ជសាស្ត្ររបស់ថៃ បានចាប់ផ្ដើមយុទ្ធនាការ ក្នុងការផលិតវ៉ាក់សាំងជាលើកដំបូងរបស់ខ្លួន ជាមួយនឹងពិភពលោក ដែលកំពុងតែដុតដៃដុតជើង ស្វែងរកវ៉ាក់សាំង ដែលមានសមត្ថភាព​ អាចប្រយុទ្ធប្រឆាំង និងការពាររាងកាយមនុស្ស ពីវីរុសកូវីដ ១៩។ ប្រភពព័ត៌មានអន្តរជាតិ បានឱ្យដឹងថា ក្រុមអ្នកជំនាញរបស់ថៃ បានធ្វើតេស្ដ និងទទួលបានលទ្ធផលវិជ្ជមានជាមួយនឹងសត្វកណ្ដុ រួចហើយ កាលពីពេលកន្លងទៅ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលធ្វើតេស្ដបន្ថែមទៀតនៅលើសត្វស្វា ដើម្បីស្វែងរកផលវិជ្ជមាន ដោយមានក្ដីសង្ឃឹមថា វ៉ាក់សាំងការពារ និងប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ ១៩ របស់ថៃ នឹងមានតម្លៃធូថ្លៃជាង វ៉ាក់សាំងរបស់អឺរ៉ុប ឬសហរដ្ឋអាមេរិក ដែលបច្ចុប្បន្នកំពុងមានក្រុមអ្នកស្រាវជ្រាវផលិតច្រើនជាង ១០០ ជុំវិញពិភពលោក។

តាមរយៈព័ត៌មានរបស់អង្គការសុខភាពពិភពលោក WHO បានឱ្យដឹងដូច្នេះថា ក្នុងចំណោមក្រុមអ្នកផលិតវ៉ាក់សាំងទាំងនោះ មាន ៨ ហើយ ដែលកំពុងស្ថិតក្នុងការធ្វើតេស្ដសាកល្បង ដោយក្នុងនោះក្រុមអ្នកស្រាវជ្រាវមកពីមហាវិទ្យាល័យ Oxford University កំពុងឈានមុខគេ ក្នុងការស្វែងរក និងផលិតវ៉ាក់សាំងដ៏សំខាន់មួយនេះ ដែលបានចាប់ផ្ដើមធ្វើតេស្ដសាកល្បងកាលពីខែមេសាកន្លងទៅ ដោយប្រើប្រាស់នូវមេរោគ ប្រភេទផ្សេងៗគ្នាជាច្រើននៅក្នុងបន្ទប់គ្លីនិក ដោយធ្វើតេស្ដផ្ទាល់ជាមួយនឹងមនុស្សតែម្ដង តែជាលទ្ធផលបែបណានោះ នៅមិនទាន់មានព័ត៌មានផ្លូវការប្រកាសឱ្យដឹងនៅឡើយទេ។ 

ជុំវិញការចាប់ផ្ដើមរបស់ថៃ ដោយប្រកួតប្រជែងជាមួយពិភពលោកលើកនេះ លោកវិជ្ជបណ្ឌិត Suchinda Malaivitjitnond អគ្គនាយក នៃមជ្ឈមណ្ឌលស្រាវជ្រាវជាតិរបស់ថៃ បានឱ្យដឹងថា ក្រុមអ្នកផលិតថៃ បានចាប់ដៃសហការណ៍ជាមួយនឹង មហាវិទ្យាល័យ University of Pennsylvania នៅសហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបផ្អែកទៅលើ mRNA ជាប្រភេទ ហ្សែនមួយប្រភេទ មិនធ្លាប់ត្រូវបានប្រើប្រាស់ពីមុនមកក្នុងការបង្កើតវ៉ាក់សាំង។ ការប្រើប្រាស់បច្ចេកវិទ្យានេះ ត្រូវបានឱ្យដឹងថា មានក្រុមហ៊ុនពីរផ្សេងទៀតរួមមាន Pfizer និង Moderna បានកំពុងប្រើប្រាស់បច្ចេកវិទ្យានេះដូចគ្នា ដោយសង្ឃឹមថា នឹងអាចសម្លាប់មេរោគកូវីដ ១៩ នៅក្នុងខ្លួនប្រានមនុស្សបាន។

គិតមកដល់ថ្ងៃទី២៥ កន្លងទៅនេះ ថៃ បានចាក់វ៉ាក់សាំងស្ថិតក្នុងការស្រាវជ្រាវរបស់ខ្លួននោះ ទៅកាន់សត្វស្វាចំនួន ១៣ ក្បាល តែជាលទ្ធផលនៅមិនទាន់បង្ហាញនោះទេ តែបើមានលទ្ធផលជាវិជ្ជមានហើយនោះ ការធ្វើតេស្ដនៅលើមនុស្ស អាចនឹងត្រូវចាប់ផ្ដើមនៅក្នុងខែ តុលាខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា ថៃគឺជាប្រទេសទីមួយ បន្ទាប់ពីចិន ដែលបានផ្ទុះករណីឆ្លងវីរុសកូវីដ ១៩ កាលពីពាក់កណ្ដាលខែមករា ឆ្នាំ២០២០ កន្លងទៅ ដោយមកដល់ថ្ងៃនេះចំនួនអ្នកច្រើនមានច្រើនជាង ៣,០០០ នាក់ និងស្លាប់ប្រមាណ ៥៧នាក់៕