សម្តេចតេជោ ហ៊ុន សែន សម្រួលដល់ពលរដ្ឋខ្មែរនៅក្រៅប្រទេស អាចត្រឡប់ចូលមាតុប្រទេសវិញមិនតម្រូវមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពទេ!

នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចវិធានការ ដោះស្រាយជាផ្លូវការចំពោះពលរដ្ឋខ្មែរ ដែលកាន់លិខិតឆ្លងដែនកម្ពុជា ហើយដែលកំពុងធ្វើដំណើរ ឬមានបំណងធ្វើដំណើរពីក្រៅប្រទេស វិលត្រឡប់ចូលមកកម្ពុជាវិញ គឺមិនតម្រូវអោយមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានឆ្លងជំងឺកូវីដ-១៩ នោះទេ។ សម្តេចតេជោ ចាត់ទុកថាវិធានការនេះ គឺនឹងជួយសម្រួលដល់ពលរដ្ឋខ្មែរ នៅក្រៅប្រទេសឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារនៅក្នុងប្រទេសខ្លួនវិញ។

យ៉ាងណាមិញ នៅពេលដែលវិលត្រឡប់មកដល់ប្រទេសកំណើតវិញ គឺតម្រូវឲ្យចូលពិនិត្យសុខភាព និងពិនិត្យសំណាក ហើយដាក់ឲ្យស្នាក់នៅដាច់ដោយឡែកចំនួន ១៤ ថ្ងៃសិន រង់ចាំលទ្ធផលសំណាកថាតើមានរោគឆ្លង ឬអត់រោគឆ្លង ទើបអនុញ្ញាតឲ្យទៅលំនៅដ្ឋានខ្លួនវិញ។