រដ្ឋាភិបាលវៀតណាម ចង់ឱ្យមានការធ្វើដំណើរ និងប្រើប្រាស់យន្តជំនិះ ដោយថាមពលអគ្គិសនីកាន់តែច្រើន

វៀតណាម៖ ខ្យល់កខ្វក់ និងឧស្ម័នពុល បានកំពុងវាយប្រហារវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះធ្ងន់ធ្ងរ ដោយក្នុងនោះ រដ្ឋាភិបាលវៀតណាម បានកំពុងជម្រុញឱ្យពលរដ្ឋនៅទូទាំងផ្ទៃប្រទេស ជាពិសេសអ្នករស់នៅតំបន់ទីប្រជុំជនធំៗ ដូចជាទីក្រុងជាដើម ចាប់ផ្ដើមកាត់បន្ថយការប្រើប្រាស់យានជំនិះ ដែលបង្ករ ឬធ្វើឱ្យប៉ះពាល់ទៅដល់បរិយាកាស។ 

រដ្ឋាភិបាលវៀតណាម ដឹកនាំដោយក្រសួង ធនធានធម្មជាតិ និងបរិស្ថាន បានរៀបចំបទបញ្ញត្តថ្មី ដើម្បីឆ្លើយតបទៅនឹងបច្ចុប្បន្នភាព នៃប្រទេសវៀតណាម ហើយបានដាក់ជូនរាជរដ្ឋាភិបាល ដើម្បីសម្រេចអនុម័ត ជុំវិញការកាត់បន្ថយការធ្វើដំណើរ ដែលបង្កើតជាឧស្ម័ន ដែលប៉ះពាល់ទៅដល់បរិស្ថានធ្ងន់ធ្ងរ និងគាំទ្រ ឱ្យមានការប្រើប្រាស់ថាមពលអគ្គិសនី និងប្រើប្រេងឥន្ធនៈកកើតឡើងវិញបាន ជុំវិញវិស័យដឹកជញ្ជូននៅក្នុងផ្ទៃប្រទេស។​ តាមរយៈការស្នើរបស់ក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាម ដាក់ជូនរាជរដ្ឋាភិបាល អនុម័តនោះ គឺស្ថិតនៅក្នុងគោលបំណង គ្រប់គ្រងការបំពុលបរិយាកាស និងកាត់បន្ថយឧស្ម័នពុល ផ្ទះកញ្ចក់ ដែលបានសាយភាយទៅកាន់បរិយាកាស ធ្វើឱ្យប៉ះពាល់ទៅដល់គុណភាពខ្យល់ និងសុខភាពរបស់ប្រជាពលរដ្ឋ។

ជុំវិញសំណើរនោះ រាជរដ្ឋាភិបាលវៀតណាម នឹងពិនិត្យមើលបន្ថែមទៀត ជុំវិញចំនុចវិជ្ជមាន និងអវិជ្ជមាន មុននឹងឈានទៅដល់ការកែប្រែ ឬធ្វើវិសោធនកម្មលើច្បាប់ និងបទបញ្ញត្តិផ្សេងៗ ក្នុងន័យការពារផលប្រយោជន៍បរិស្ថានជាសាធារណៈ។ ជាងនេះទៅទៀត រដ្ឋាភិបាលវៀតណាម ក៏គ្រោងនឹងដាក់ចេញនូវបទបញ្ជាថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេស ជាពិសេសលើកទឹកចិត្ត ឱ្យក្រុមហ៊ុន និងប្រជាពលរដ្ឋ ដែលប្រើប្រាស់មធ្យោបាយធ្វើដំណើរ ធ្វើការកាត់បន្ថយការបំពុលបរិស្ថាន និងងាកមកប្រើប្រាស់ថាមពល កកើតឡើងវិញបានវិញជាអាទិ៍។ 

មិនតែប៉ុណ្ណោះ ក្រសួងសេដ្ឋកិច្ច រួមជាមួយនឹងក្រសួងធនធានធម្មជាតិ និងបរិស្ថាន វៀតណាម បានរួមគ្នាក្នុងការលើកលែងពន្ធ សម្រាប់អ្នកប្រើប្រាស់មធ្យោបាយធ្វើដំណើរ ឬយានជំនិះនានា​ ដែលមិនប៉ះពាល់ ឬបំពុលទៅដល់បរិស្ថាន រាប់បញ្ចូលទាំងក្រុមហ៊ុននាំចូលនូវផលិតផលទាំងនោះផងដែរ។ តាមន័យនេះ យានជំនិះគិតចាប់ពីកង់ រហូតដល់រថយន្ត ប្រើប្រាស់ថាមពលអគ្គិសនី គឺជាគោលដៅក្នុងការផ្លាស់ប្ដូរ និងកែប្រែបរិស្ថានរបស់វៀតណាម ឱ្យកាន់តែប្រសើរសម្រាប់ថ្ងៃអនាគត៕