រាជរដ្ឋាភិបាលថៃ សម្រេចបន្ដដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ដល់ដំណាច់ខែមិថុនា!

ប្រទេសថៃ បានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ននៅចុងខែមីនា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការវាយប្រហារពីសំណាក់ជំងឺកូវីដ-១៩ ហើយគ្រោងនឹងសម្រេចបញ្ចប់នៅដំណាច់ខែមេសា ប៉ុន្តែពេលនេះរាជរដ្ឋាភិបាល បានបន្ដនូវការដាក់ប្រទេសក្នុងស្ថានភាពអាសន្នជាលើកទី ២ រហូតដល់ដំណាច់ខែមិថុនា ក្រោមការរៀបចំបន្ថូរបន្ថយច្បាប់មួយចំនួន ដើម្បីអោយអាជីវកម្ម និងចរន្ដសេដ្ឋកិច្ចជាតិអាចដំណើរការបាន។ 

បើទោះជាប្រទេសស្ថិតនៅក្នុងស្ថានភាពអាសន្ន ប៉ុន្តែរដ្ឋាភិបាលបានសម្រេចអោយផ្សារទំនើប ហាងទំនិញទាំងអស់បើកដំណើរការឡើងវិញក្នុងសប្ដាហ៍នេះ បន្ទាប់ពីបានបិទទ្វារអស់រយៈពេលជិត ២ ខែមក ប៉ុន្តែសម្រាប់កន្លែងកម្សាន្ដដូចជា ក្លឹបរាត្រី បារ រោងកុន សកម្មភាពកីឡា និងទីតាំងកម្សាន្ដជួបជុំផ្សេងទៀតនៅតែបន្ដបិទដដែល។ គិតមកទល់ពេលនេះ ស្ថានភាពនៃចំនួនឆ្លងមេរោគកូរ៉ូណា ក៏បានធ្លាក់ចុះច្រើនផងដែរ បើយោងតាមការបញ្ជាក់របស់មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពកូវីដ-១៩ (CCSA) ប្រទេសថៃ ប៉ុន្តែការសម្រេចបន្ដដាក់ប្រទេសក្នុងស្ថានភាពអាសន្ន គឺដើម្បីឆ្លើយតបទៅការរក្សាសុវត្ថិភាពសុខភាពប្រជាជន ទប់ស្កាត់ការរាតត្បាតឆ្លងសកល បង្រួបបង្រួមជាតិ និងបន្ដប្រតិបត្តិការដោះស្រាយវិបត្តិកូវីដ-១៩ ដែលកំពុងញ៉ាំញីពិភពលោក។

គណៈរដ្ឋមន្ត្រីថៃ បានយល់ព្រមដល់សំណើរដាក់ប្រទេសក្នុងស្ថានភាពអាសន្ននៅថ្ងៃទីអង្គារ ទី ២៦ ខែឧសភាកន្លងទៅ ដូចនេះការធ្វើដំណើរអន្តរជាតិតាមផ្លូវគោក និងផ្លូវអាកាសនៅតែហាមឃាត់ដដែល, សាលារៀន គ្រោងនឹងបើកឡើងវិញនៅខែកក្កដា, ទេសចរណ៍ក្នុងស្រុកត្រូវបានលើកទឹកចិត្ត, និងការធ្វើអាជីវកម្មតាមអនឡាញកំពុងរីកចម្រើន។ 

សូមបញ្ជាក់ថា ប្រទេសថៃមានករណីឆ្លងសរុបចំនួន ៣,០៣៧ នាក់ ស្លាប់ចំនួន ៥៦ នាក់ និងជាសះស្បើយប្រមាណ ២,៩១០ នាក់ ចំណែកករណីឆ្លង និងស្លាប់ថ្មី មិនមានរកឃើញអស់រយៈពេលជាង ១ ខែមកហើយ ដូចនេះសង្ឃឹមថាស្ថានភាពនឹងប្រសើរឡើង។