ប្រទេសអេហ្ស៊ីបបង្ហាញពីព្រលានយន្តហោះថ្មីពីរ របស់ខ្លួន ដើម្បីជាការទាក់ទាញភ្ញៀវទេសចរបរទេសត្រឡប់មកវិញ!

កាលពីថ្ងៃចន្ទនេះ លោកប្រធានាធិបតី Abdel Fattah al-Sisi បានធ្វើការបើកសម្ភោធព្រលានយន្តហោះចំនួនពីរបន្ថែមទៀត មានទីតាំងនៅជិតទីក្រុង Cairo ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរត្រឡប់មកកម្សាន្ត ក្នុងប្រទេសអេហ្ស៊ីប វិញ ខណៈដែលប្រទេសនេះ កំពុងតែអនុវត្តគោលការណ៍ស្តារឡើងវិញពីវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីវីរុសកូរ៉ូណា។

 

អាកាសយានដ្ឋានទីមួយ គឺស្ថិតនៅក្នុងរដ្ឋធានីរដ្ឋបាលថ្មីរបស់អេហ្ស៊ីប ដែលមានចម្ងាយប្រហែល 50 គីឡូម៉ែត្រទៅភាគខាងកើត ដែលខាងរដ្ឋាភិបាលក៏សង្ឃឹមថា នឹងប្រែក្លាយទីនោះទៅជាមជ្ឈមណ្ឌល ដែលអាចកាត់បន្ថយចរាចរណ៍ នៅក្នុងទីក្រុង Cairo ដ៏ធំ ដែលមានចំនួនប្រជាជនរស់នៅរហូតដល់ជាង 20 លាននាក់ឯណោះ។

 

អាកាសយានដ្ឋានមួយទៀត ត្រូវបានគេហៅថា Sphinx Airport នៅក្នុងតំបន់ Giza ភាគខាងត្បូងនៃរដ្ឋធានី។

 

អាកាសយានដ្ឋានទាំងពីរនេះ នឹងអាចគ្រប់គ្រងជើងហោះហើរពីប្រទេសបាននៅក្នុងពេលឆាប់នេះ បន្ថែមពីលើអាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុង Cairo បន្ទាប់ពីអជ្ញាធរបានប្រកាសពីការត្រឡប់មកវិញនៃជើងហោះហើរប្រភេទពាណិជ្ជកម្មទាំងអស់ ដែលនឹងចាប់ផ្តើមដំណើរការឡើងវិញ នៅថ្ងៃទី 1 កក្កដាខាងមុខនេះហើយ។

 

លោកប្រធានាធិបតី Sisi បានបង្ហាញពីការស្តារឡើងវិញនូវវិមាន Baron Empain Palace នៅក្នុងតំបន់ខាងកើតនៃទីក្រុង Cairo ដែលត្រូវបានសាងសង់ដោយអ្នកមានទ្រព្យសម្បត្តិខាងឧស្សាហកម្មប៊ែលហ្សិកឈ្មោះ Edouard Empain នៅក្នុងចន្លោះឆ្នាំ 1907 និង 1911 ផងដែរ។

 

ស្នាដៃស្ថាបត្យកម្មនេះ ត្រូវបានសាងសង់ដោយយកគម្រូតាមរចនាបថ នៃប្រាសាទអង្គរវត្តរបស់ប្រជាជនខ្មែរ នៅក្នុងប្រទសកម្ពុជា តាមបែបលទ្ធិសាសនាហិណ្ឌូ និងបានរៀបចំឡើងនៅពេលមានសួនច្បារខៀវស្រងាត់ព័ទ្ធជុំវិញទៀតផង។

 

ការបំផុសនៃគម្រោងទាំងនេះឡើង បានចាប់ផ្តើមនៅឆ្នាំ 2017 មានតម្លៃសរុបជាង 6 លានដុល្លារ។

 

ការបើកទូលាយជាសាធារណៈ បានកើតឡើង បន្ទាប់ពីប្រទេសអេហ្ស៊ីបបានបញ្ចប់ជាផ្លូវការ នូវបម្រាមគោចរ នាពេលយប់កាលពីថ្ងៃសៅរ៍ថ្មីៗនេះ ក្រោយពេលដែលបម្រាមគោចរ ត្រូវបានអនុវត្តអស់រយៈពេល 3 ខែកន្លងមក។ 

 

ហាងកាហ្វេ និងហាងលក់ដូរនានា បានបើកដំណើរការជាថ្មីហើយ ប៉ុន្តែឆ្នេរសមុទ្រ និងឧទ្យានសាធារណៈ នៅតែបិទដដែល ដែលនេះក៏ជាផ្នែកមួយនៃវិធានការណ៍ចូលរួមទប់ស្កាត់ការរីករាលដាលនៃ Covid-19 ផងដែរ។

 

គួរបញ្ជាក់ដែរថា ប្រទេសអេហ្ស៊ីបបានកត់ត្រាពីរបាយការណ៍ នៃករណីឆ្លង Covid-19 ទូទាំងប្រទេសដែលមានសរុបច្រើនជាង 65,000 ករណី និងមានមនុស្សស្លាប់ច្រើនជាង 2,700 នាក់ដោយសារវីរុសនេះ។