ភ្នំទំព័រ និងភ្នំបឹង កំពុងក្លាយជាតំបន់ទេសចរណ៍បែបផ្សងព្រេងដ៏ពេញនិយមក្នុងខេត្តពោធិ៍សាត់!

ភ្នំទំព័រ ស្ថិតនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ ភូមិទំព័រ ឃុំប្រម៉ោយ និងភ្នំបឹង ស្ថិតនៅក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលភ្នំទាំង ២ នេះមានទេសភាពស្រស់ស្អាតមិនចាញ់គ្នាឡើយ ហើយកំពុងក្លាយទៅជាតំបន់ទេសចរណ៍បែបផ្សងព្រេងដ៏ពេញនិយមប្រចាំខេត្ត ជាពិសេសពីសំណាក់យុវវ័យ ដែលចូលចិត្តដើរទេសចរណ៍តំបន់ភ្នំ មានព្រៃធំក្រាស់ៗ និងការលេងទឹកកម្សាន្ដនៅលើខ្នងភ្នំនោះ។ 

លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា ភ្នំទំព័រ និងភ្នំបឹង មានសម្រស់ស្រស់ស្អាត ពោពេញទៅដោយព្រៃឈើបៃតង គ្រប់ដណ្ដប់លើភ្នំបញ្ចេញទេសភាពដ៏ស្រស់ត្រកាល ដែលយើងអាចធ្វើដំណើរឡើងផ្សងព្រេងទៅបោះតង់ជាក្រុមបាន ដោយមានអ្នកនាំផ្លូវ ដែលរស់នៅក្នុងសហគមន៍ទេសចរណ៍ និងមានសេវាម្ហូបអាហារនៅទីនោះ ដើម្បីបង្កភាពងាយស្រួលផងដែរ។ 

លោកបន្ថែមថា នៅក្នុងរដូវវស្សានេះ តំបន់ភ្នំទាំង ២ នឹងបញ្ចេញសម្រស់យ៉ាងពេញទំហឹង ដែលមានទេសភាពប្លែកស្អាតគួរឲ្យចង់គយគន់ ជាមួយពពកហូរដូចជាទឹកសមុទ្រអញ្ចឹង។ 

នៅពេលដែលយើងធ្វើដំណើរទៅដល់ទីរួមស្រុកវាលវែង យើងនឹងឃើញភ្នំទាំង ២ អណ្ដែតច្បាស់តែម្ដង ព្រោះវាមានចម្ងាយត្រឹមតែ ៨ គីឡូម៉ែត្រពីស្រុកប៉ុណ្ណោះ ហើយដើម្បីឡើងទៅដល់ភ្នំនោះ គឺយើងត្រូវមានអ្នកនាំផ្លូវម្នាក់ ក្នុងចំណោមសមាជិកក្រុម ៥ នាក់ ចំណែកក្រុមដែលមានសមាជិកចាប់ពី ១៥ នាក់ឡើងទៅ ត្រូវមានអ្នកនាំផ្លូវយ៉ាងតិច ៥ នាក់ ដើម្បីជួយមើលការខុសត្រូវ និងរៀបចំម្ហូបអាហារផ្សងៗ។ 

ភ្នំទំព័រ និងភ្នំបឹង កំពុងក្លាយទៅជាតំបន់ទេសចរណ៍បែបផ្សងព្រេងដ៏ពេញនិយមមួយក្នុងខេត្តពោធិ៍សាត់ ហើយខេត្តមួយនេះមានតំបន់ទេសចរណ៍ច្រើនកំពុងអភិវឌ្ឍន៍ ពិសេសក្រោយពីការត្រួសត្រាយផ្លូវធ្វើដំណើរឲ្យប្រសើរមក។ លើសពីនេះទៀត ខេត្តពោធិ៍សាត់ មានឈ្មោះភ្នំជិត ១០០ ឯណោះ ដែលជួរភ្នំទាំងអស់នោះកំពុងលើកកម្ពស់ដល់ការធ្វើដំណើរបែបផ្សងព្រេងក្នុងប្រទេសកម្ពុជាកាន់តែច្រើន ហើយក៏ជួយបង្កើនចំណូលដល់សហគមន៍ទេសចរណ៍ក្នុងតំបន់ផងដែរ។