សហភាពអឺរ៉ុប ធ្វើការដកសហរដ្ឋអាមេរិក ចេញពីបញ្ជីនៃប្រទេសដែលមានសុវត្ថិភាពក្នុងការធ្វើដំណើរ របស់ខ្លួន!

កាលពីថ្ងៃពុធថ្មីៗនេះ សហគមន៍អឺរ៉ុបបានដកសហរដ្ឋអាមេរិកចេញពី “បញ្ជីសុវត្ថិភាព នៃការធ្វើដំណើរ” ដំបូងរបស់ខ្លួន សម្រាប់ប្រទេសដែលមានសុវត្ថិភាពពី Covid-19។ 

 

បើយោងតាមក្រុមប្រឹក្សានៃសហភាពអឺរ៉ុប ដែលតំណាងឲ្យថ្នាក់ដឹកនាំរបស់សហភាពអឺរ៉ុបបានឲ្យដឹងថា EU Bloc ដែលមានសមាជិកប្រមាណ 27 ប្រទេស បានផ្តល់ការយល់ព្រមភាគច្រើនកាលពីថ្ងៃអង្គារ ដល់ការធ្វើដំណើរកម្សាន្ត ឬការធ្វើដំណើរអាជីវកម្មមកពី 14 ប្រទេសក្រៅពីព្រំដែនរបស់ខ្លួន។ 

 

ប្រទេសទាំងនោះមានដូចជា Algeria, អូស្ត្រាលី , កាណាដា, Georgia, ជប៉ុន, Montenegro, Morocco, New Zealand, Rwanda, Serbia, កូរ៉េខាងត្បូង, Thailand, Tunisia និង Uruguay។

 

ប្រទេសចិន ក៏ត្រូវបានអនុម័តនៅក្នុងការអនុញ្ញាតឲ្យមានការចេញចូលនេះ ជាបណ្តោះអាសន្នផងដែរ ទោះបីការធ្វើដំណើរនឹងត្រូវបើកក៏ដោយ តែនៅក្នុងលក្ខខណ្ឌមួយ ដែលអាជ្ញាធរចិន នឹងអនុញ្ញាត ឲ្យភ្ញៀវទេសចរអឺរ៉ុបធ្វើការចេញចូលនៅក្នុងប្រទេសចិនដូចគ្នា។ 

 

ដោយឡែក សម្រាប់ប្រទេសរុស្ស៊ី ប្រេស៊ីល តួកគី រួមទាំងសហរដ្ឋអាមេរិក ស្ថិតក្នុងចំណោមប្រទេសដែលមានករណីនៃ Covid-19 ច្រើនបំផុត និងបន្តរីករាលដាលខ្លាំងនេះ ត្រូវបានគេចាត់ទុកថាស្ថិតនៅក្នុងអត្រាអាក្រក់ជាង មធ្យមភាគរបស់សហភាពអ៊ឺរ៉ុបទៅទៀត ហើយដូច្នេះ ត្រូវរង់ចាំយ៉ាងហោចណាស់ ពីរសប្តាហ៍ក្នុងការតាមដានស្ថានភាពរបស់ពួកគេ មុននឹងឲ្យមានការយល់ព្រមសម្រាប់ការចេញចូលឡើងវិញ។

 

ការផ្លាស់ប្តូរនេះមានគោលបំណង ក្នុងការគាំទ្រឧស្សាហកម្មទេសចរណ៍អឺរ៉ុប និងទិសដៅទេសចរណ៍ផ្សេងៗ ជាពិសេសប្រទេសនៅអឺរ៉ុបខាងត្បូង ដែលរងការវាយប្រហារធ្ងន់ធ្ងរបំផុតផ្នែកសេដ្ឋកិច្ច ដោយជំងឺរាតត្បាត Covid-19 នេះ។

 

វានឹងដើរតួនាទី ជាការធានាដ៏ល្អមួយ ដល់បណ្តាប្រទេសដែលជាសមាជិកសហភាពអឺរ៉ុប មានន័យថា ពួកគេអាចកំណត់សក្តានុពល នៃគោលការណ៍រក្សាសុវត្ថិភាពយ៉ាងតឹងរឹង លើអ្នកដំណើរបរទេស ដែលនឹងចូលមកពីប្រទេសចំនួន 14 ដែលបានកំណត់នោះ។

 

ក្នុងរយៈពេលប៉ុន្មានម៉ោង ក្រោយពីសេចក្តីប្រកាសរបស់សហភាពអឺរ៉ុប ប្រទេសអ៊ីតាលីដែលមានចំនួនអ្នកស្លាប់ដោយ Covid-19 ខ្ពស់បំផុត នៅលើពិភពលោក បាននិយាយថាខ្លួននឹងនៅតែបដិសេធសម្រាប់ការធានាខាងលើនេះ និងបន្តរក្សាការរឹតបន្តឹងនៃប្រព័ន្ធធ្វើដំណើរ និងគោលការណ៍ដាក់អ្នកដំណើរដែលចូលមកកាន់អ៊ីតាលី ឲ្យនៅដាច់ដោយឡែកពីគេ សម្រាប់អ្នកដំណើរដែលមកពីគ្រប់ប្រទេសទាំងអស់ ដែលមិនមែនជាផ្នែកមួយនៃតំបន់ Schengen។

 

សម្រាប់ប្រទេសកាណាដាវិញ បាននិយាយថា ខ្លួនកំពុងពង្រីកនូវបញ្ជា លើការកំណត់វិធានការណ៍ នៃការដាក់ឲ្យនៅដាច់ដោយឡែករបស់ខ្លួន សម្រាប់អ្នកដំណើរបរទេសទាំងអស់ យ៉ាងហោចណាស់រហូតដល់ចុងខែសីហា និងការហាមឃាត់ការធ្វើដំណើរសម្រាប់ជនបរទេសភាគច្រើន រហូតដល់ចុងខែកក្កដានេះ។

 

កិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុប ក្នុងការបើកឡើងវិញនូវព្រំដែនផ្ទៃក្នុងរបស់ខ្លួន ជាពិសេសនៅក្នុងតំបន់ Schengen ដែលមានចំនួន 26 ប្រទេស ដែលជាធម្មតាគ្មានការត្រួតពិនិត្យសម្រាប់ការចេញចូលនោះឡើយ គឺមានតែនៅតាមទីតាំងមួយចំនួនតូចប៉ុណ្ណោះ ដោយសារតែប្រទេសផ្សេងៗនៅក្នុងតំបន់ Schengen បានរឹតបន្តឹងការចេញចូល សម្រាប់ភ្ញៀវទេសចរបរទេសមួយចំនួន មកពីក្រៅតំបន់ស្រាប់ទៅហើយ។

 

លោក Nicholas Calio ដែលជាប្រធានក្រុមពាណិជ្ជកម្មអាកាសចរណ៍អាមេរិក តំណាងឱ្យក្រុមហ៊ុន Delta Air Line, American Airlines, United Airlines និងក្រុមហ៊ុនដទៃទៀត បាននិយាយថារដ្ឋាភិបាលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានពិភាក្សាគ្នាអំពីសក្តានុពល នៃការត្រួតពិនិត្យបន្ថែម លើជនជាតិអឺរ៉ុប-អាមេរិក នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ 

 

លោកសង្ឃឹមថា “យ៉ាងហោចណាស់ យើងក៏នៅស្ថិតនៅលើមូលដ្ឋានមានកំណត់ដែរ” ការធ្វើដំណើររបស់ជនជាតិអាមេរិកមួយចំនួន ទៅកាន់សហភាពអឺរ៉ុប អាចនឹងចាប់ផ្តើមសាជាថ្មីឆាប់ៗនេះ ក្នុងខណៈពេលដែលស្ថានភាពវីរុស នឹងចាប់ផ្តើមប្រសើរឡើងវិញ។