ពាណិជ្ជកម្មកម្ពុជា និងអាមេរិក កើនឡើងជាង ៥ ពាន់លានដុល្លារក្នុងរយៈពេលចុងក្រោយនេះ

ភ្នំពេញ៖ ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក នៅតែបន្តរឹងម៉ាំ ទោះបីជាបច្ចុប្បន្នអាមេរិក កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយសារតែការវាយប្រហារនៃវីរុសកូវីដ ១៩ ក៏ដោយ។ ស្ថិតក្នុងវិស័យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ក្នុងរយៈពេលខ្លីកន្លងទៅនេះ បានបង្ហាញឱ្យឃើញអំពី ការរីកចំរើន និងលូតលាស់យ៉ាងឆាប់រហ័ស គួរឱ្យកត់សម្គាល់។

ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី០១ ខែកក្កដា កន្លងទៅថ្មីៗនេះ បានបញ្ជាក់អំពីទំនាក់ទំនង នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងអាមេរិក ដែលនៅតែបន្តមានភាពរឹងម៉ាំ ទោះបីពិភពលោកកំពុងជួបវិបត្តិកូវីដ ១៩ ក៏ដោយ។ ចូលរួមក្នុងឱកាសប្រារព្ធខួបលើកទី ២៤៤ នៃទិវាបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក និងក៏ជាការប្រារព្ធខួបលើកទី ៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលធ្វើឡើងនៅសណ្ឋាគារ LeRoyal រាជធានីភ្នំពេញ ឯកឧត្ដមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងអាមេរិក កើនឡើងបាន ៣៧% កាលពីឆ្នាំ ២០១៩ កន្លងទៅ បើធៀបនឹងឆ្នាំ ២០១៨។

ការកើនឡើងនូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាលពីឆ្នាំកន្លងទៅ បើគិតជាទឹកប្រាក់គឺប្រមាណជា ៤ ពាន់លានដុល្លារអាមេរិក ទៅដល ៥,៨ ពាន់លានដុល្លារអាមេរិក។ មិនត្រឹមតែវិស័យពាណិជ្ជកម្មប៉ុណ្ណោះទេ ក្នុងនោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងភ្នាក់ងារ USAID នៅឆ្នាំ ២០១៩ កន្លងទៅ មានទំហំទឹកប្រាក់ចំនួន ៥៦ លានដុល្លារ សម្រាប់គាំទ្រ និងបម្រើទៅដល់វិស័យ សុខាភិបាល អប់រំ កសិកម្ម និងបរិស្ថានផងដែរ។ សហរដ្ឋអាមេរិក ស្របពេលកម្ពុជា ស្ថិតក្នុងការគំរាមកំហែង នៃវីរុសកូវីដ ១៩ កន្លងទៅ ក៏បានជួយនូវហិរញ្ញប្បទាន ដល់រដ្ឋាភិបាលកម្ពុជា ក្នុងទំហំទឹកប្រាក់ ១១ លានដុល្លារផងដែរ ដែលជួយសម្រួលទៅដល់សេដ្ឋកិច្ច និងសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

ឯកឧត្ដម ប៉ាន សូរស័ក្តិ តាមនាមឱ្យប្រជាពលរដ្ឋកម្ពុជា បានថ្លែងនូវអំណគុណ ទៅដល់សហរដ្ឋអាមេរិក ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ អស់រយៈពេល ៧០ ឆ្នាំកន្លងមកនេះ និងអរគុណ ចំពោះជំនួយ និងកិច្ចសហការណ៍ល្អ កាលពីពេលកន្លងទៅ៕

 

ប្រភព៖ ក្រសួងពាណិជ្ជកម្ម