សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យកាស៊ីណូបើកទ្វារឡើងវិញ ប៉ុន្តែតម្រូវឲ្យបំពេញតាមលក្ខខណ្ឌរបស់ក្រសួងសុខាភិបាល!

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២០ បានរៀបចំបើកិច្ចប្រជុំពេញអង្គនៃគណៈរដ្ឋមន្ត្រី នៅវិមានសន្ដិភាព រាជធានីភ្នំពេញ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងច្បាប់មួយចំនួន។ ក្នុងនោះដែរ សម្ដេចតេជោ បានសម្រេចអនុញ្ញាតឲ្យកាស៊ីណូនៅកម្ពុជាទាំងអស់ បើកទ្វារដំណើរការឡើងវិញ ប៉ុន្តែត្រូវបំពេញលក្ខខណ្ឌតាមការត្រួតពិនិត្យ និងណែនាំដោយក្រសួងសុខាភិបាល។

យោងតាមការបញ្ជាក់ពីលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល បានបង្ហោះលើគណនីបណ្ដាញទំនាក់ទំនងរបស់លោកថា «កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអនុញ្ញាតដល់កាស៊ីណូ មានលទ្ធភាពបើកប្រតិបត្តិការអាជីវកម្មសារជាថ្មីវិញ ក៏ប៉ុន្តែមានតែល្បែងភ្នាល់ និងស្លុតម៉ាស៊ីនតែប៉ុណ្ណោះ។» 

ចំពោះការបញ្ជាក់ខាងលើ ឲ្យដឹងថាប្រតិបត្តិការបើកអាជីវកម្មកាស៊ីណូឡើងវិញនេះ គឺដំណើរការតែសម្រាប់ប្រតិបត្តិការល្បែងភ្នាល់ និងស្លុតម៉ាស៊ីនប៉ុណ្ណោះ។ ម្យ៉ាងទៀតកាស៊ីណូទាំងអស់នោះ ត្រូវស្នើសុំឱ្យមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលមានភ្ជាប់លក្ខខណ្ឌតម្រូវមួយចំនួន នៃវិធានការ ការពារជាមួយជំងឺកូវីដ-១៩។

គួរបញ្ជាក់ផងដែរថា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចអនុម័តសេចក្ដីព្រាងច្បាប់ឲ្យបិទកាស៊ីណូទាំងអស់ នៅទូទាំងប្រទេសកម្ពុជា កាលពីខែមេសា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩។